ត្រឡប់ទៅបញ្ជីសៀវភៅវិញ

លំនាំដើម

តាំងពីដើមរៀងមក ប្រជាជនអ៊ីស្រាអែលតែងតែនាំគ្នាគោរពព្រះជាម្ចាស់ ទាំងនៅគ្រាលំបាកក្តី ទាំងនៅគ្រាសុខស្រួលក្តី ពួកគេតែងតែនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងអរព្រះគុណព្រះអង្គ។ មិនតែប៉ុណ្ណោះ ពួកគេសូមព្រះអង្គលើកលែងទោសអោយពួកគេ សូមទទួលសារភាពនូវអំពើបាបរបស់ខ្លួន សូមអង្វរព្រះជាម្ចាស់អោយសង្រ្គោះប្រជាជនរបស់គេ ។ ល ។

ហេតុដូចខាងលើនេះ បានជាអ្នកស្រុកនាំគ្នាតែងអត្ថបទជាច្រើន ជាពាក្យកាព្យហើយនាំគ្នាស្មូត ជួនកាលម្នាក់ឯង ជួនកាលរួមគ្នា ព្រមទាំងមានដេញគ្រឿងតូរ្យតន្រ្តីផង ។ យើងសន្មតហៅអត្ថបទទាំងនេះថា «ទំនុកតម្តើង» គឺជាបទចម្រៀងសំរាប់កោតសរសើរសិរីរុងរឿងរបស់ព្រះជាម្ចាស់ ។

ក្នុងចំណោមគម្ពីរទាំងអស់ «ទំនុកតម្កើង» មានសារៈសំខាន់បំផុត ព្រោះអត្ថបទទាំងនោះ បង្ហាញអំពីរបៀបដែលប្រជាជនអ៊ីស្រាអែល ធ្លាប់ទូលសន្ទនាជាមួយព្រះជាម្ចាស់គ្រប់ពេលប្រចាំជីវិតរបស់គេ ។

ព្រះយេស៊ូក៏បានសូត្រទំនុកទាំងនោះដែរ ។ ពេលយើងស្មូតទំនុកតម្កើងទាំងនោះយើងពោលព្រះបន្ទូលផ្ទាល់របស់ព្រះអង្គ ដែលមានទំនាក់ទំនងនឹងព្រះបិតា ។

តាំងពីដើមដំបូង គ្រីស្តបរិស័ទបានយកចិត្តទុកដាក់នឹងទំនុកតម្កើងទាំងនោះ ឯព្រហសហគមន៍ ក៏បានចាត់ចែងអោយសូត្រទំនុកតម្កើង ក្នុងពេលធ្វើពិធីផ្សេងៗ ជាពិសេសពេលថ្វាយអភិបូជា ។ អស់លោកអ្នកបួសក៏តែងសូត្រទំនុកតម្កើងនេះជារៀងរាល់ថ្ងៃ ក្នុងនាមមនុស្សលោកទាំងអស់ដែរ ។ រីឯយើងជាគ្រីស្តបរិស័ទវិញ យើងគួរតែយកចិត្តទុកដាក់ស្មូតទំនុកតម្កើងទាំងអស់នេះដែរ ដើម្បីអោយមានចិត្តគំនិតស្របទៅតាមព្រះគម្ពីរ ។

អ្នកនិពន្ធទំនុកតម្កើង មានបំណងបង្ហាញចិត្តគំនិតរបស់ខ្លួន តាមព្រឹត្តិការផ្សេងៗដែលកើតមានក្នុងឆាកជីវិតរបស់គេ ឬក្នុងប្រទេសគេ ។ ដូច្នេះអត្ថបទទាំងនោះ មានអត្ថន័យផ្សេងពីគ្នា ។

លេខទំនុកតម្កើងមានសរសេរពីរយ៉ាង ៖ ឧ. ទំនុកតម្កើងលេខ ១២៥ (១២៤) គឺថាលេខក្រៅរង្វង់ក្រចក បង្ហាញអំពីរបៀបរាប់ក្នុងគម្ពីរជាភាសាហេប្រឺ លេខក្នុងរង្វង់ក្រចកបង្ហាញអំពីរបៀបរាប់ក្នុងភាសាក្រិក ហើយលេខនេះ ព្រះសហគមន៍ធ្លាប់ប្រើតាំងពីដើមរៀងមក ។

កណ្ឌទំនុកតម្កើងមាន ១៥០ បទ តែក្នុង ១៥០ បទនេះ យើងបានបន្ថែមបទផ្សេងៗដែលមានចែងក្នុងកណ្ឌផ្សេងនៃគម្ពីរសម្ពន្ធមេត្រីចាស់ផង និងសម្ពន្ធមេត្រីថ្មីផង ។

ខាងក្រោមនេះ យើងសូមជូនបញ្ជីទំនុកតម្កើងតាមអត្ថន័យ សំរាប់ជួយអ្នក រើសបទមួយក្នុងពេលសូត្រម្នាក់ឯង ឬក្នុងពេលរៀបពិធីផ្សេងៗ ។ ពេលនោះគួររើសយកទំនុកតម្កើងមួយ អោយស្របទៅតាមពិធីនោះ និងស្របទៅតាមចិត្តគំនិតរបស់ខ្លួន (សប្បាយកើតទុក្ខ អង្វរ សូមទោស) ដែលយើងមានបំណងទូលថ្វាយទៅព្រះជាម្ចាស់ ៖