ជំពូក ៩៩
ព្រះអម្ចាស់ជាព្រះមហាក្សត្រ ព្រះអង្គជាព្រះដ៏វិសុទ្ធ
1 ព្រះអម្ចាស់គ្រងរាជ្យ
ប្រជាជនទាំងឡាយត្រូវញ័ររន្ធត់។
ព្រះអង្គគង់នៅពីលើពួកខេរូប៊ីម*
ហើយផែនដីកក្រើកញាប់ញ័រ។
2 ព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដមនៅក្រុងស៊ីយ៉ូន
ព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់លើសប្រជាជាតិទាំងអស់។
3 មនុស្សគ្រប់ៗរូបត្រូវតែលើកតម្កើងព្រះនាម
ដ៏ឧត្តុង្គឧត្ដម គួរជាទីស្ញែងខ្លាចរបស់ព្រះអង្គ
ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ!។
4 ព្រះអម្ចាស់អើយ ព្រះអង្គប្រកបដោយឫទ្ធានុភាព
ព្រះអង្គជាព្រះមហាក្សត្រ
ដែលស្រឡាញ់យុត្តិធម៌!
ព្រះអង្គបានតែងច្បាប់
ហើយព្រះអង្គធ្វើឲ្យមានសេចក្ដីសុចរិត
និងយុត្តិធម៌នៅក្នុងស្រុកអ៊ីស្រាអែល!
5 ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះនៃយើង
ចូរនាំគ្នាក្រាបទៀបព្រះបាទារបស់ព្រះអង្គ
ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ!
6 លោកម៉ូសេ និងលោកអរ៉ុន
ជាបូជាចារ្យរបស់ព្រះអង្គ
លោកសាមូអែលជាមនុស្សម្នាក់ក្នុងចំណោម
អ្នកដែលអង្វររកព្រះអង្គ
ពេលលោកទាំងនោះអង្វររកព្រះអម្ចាស់
ព្រះអង្គឆ្លើយតបមកលោកវិញ។
7 ព្រះអង្គមានព្រះបន្ទូលពីក្នុងផ្ទាំងពពក*
មកពួកលោក
ពួកលោកបានកាន់តាមព្រះបញ្ជា
និងប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន
ដែលព្រះអង្គបង្គាប់ឲ្យពួកលោកធ្វើ។
8 ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ
ព្រះអង្គបានឆ្លើយតបមកពួកលោក
ទោះបីព្រះអង្គដាក់ទោសលោកទាំងនោះ
ព្រោះតែកំហុសដែលលោកបានប្រព្រឹត្តក្តី
ក៏ព្រះអង្គតែងតែអត់ទោសឲ្យពួកលោកជានិច្ច។
9 ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះនៃយើង
ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ
តម្រង់ទៅរកភ្នំដ៏វិសុទ្ធ
ដ្បិតព្រះអម្ចាស់ជាព្រះនៃយើងព្រះអង្គជាព្រះដ៏វិសុទ្ធ!