ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ២

ព្រះ‌មហា​ក្សត្រ​ដែល​ព្រះ‌ជាម្ចាស់​ចាក់​ប្រេង​អភិសេក

1 ហេតុ​អ្វី​បាន​ជា​ប្រជា‌ជាតិ​ទាំង‌ឡាយ
នាំ​គ្នា​បង្កើត​កោលា‌ហល
ហើយ​ប្រជា‌រាស្ដ្រ​នានា​រអ៊ូ‌រទាំ
ដោយ​ឥត​ខ្លឹម‌សារ​យ៉ាង​នេះ?
2 ពួក​ស្តេច​នៅ​លើ​ផែន‌ដី​បាន​ពួត‌ដៃ​គ្នា​បះ‌បោរ
ហើយ​ពួក​អ្នក​ដឹក​នាំ​ឃុប‌ឃិត​គ្នា
ប្រឆាំង​នឹង​ព្រះ‌អម្ចាស់
ព្រម​ទាំង​ប្រឆាំង​នឹង​ព្រះ‌មេស្ស៊ី​របស់​ព្រះ‌អង្គ
ដោយ​ពោល​ថា៖
3 «ចូរ​យើង​នាំ​គ្នា​បំបាក់​នឹម​របស់​ព្រះ‌អង្គ
ហើយ​គ្រវែង​ច្រវាក់​របស់​ព្រះ‌អង្គ​ចេញ​ទៅ!»។
4 ប៉ុន្តែ ព្រះ‌អម្ចាស់​ដែល​គ្រង​រាជ្យ​នៅ​ស្ថាន​បរម‌សុខ
ព្រះ‌អង្គ​អស់​សំណើច ព្រះ‌អង្គ​ចំអក​ឲ្យ​ពួក​គេ។
5 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​គេ
ដោយ​ព្រះ‌ពិរោធ
ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​តក់‌ស្លុត
ដោយ‌សារ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖
6 «គឺ​យើង​នេះ​ហើយ
ដែល​បាន​អភិសេក​ស្តេច​របស់​យើង
ឲ្យ​ឡើង​គ្រង​រាជ្យ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន
ជា​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង!»។
7 ខ្ញុំ​នឹង​ប្រកាស​ក្រឹត្យ​របស់​ព្រះ‌អម្ចាស់
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​ខ្ញុំ​ថា៖
«ព្រះ‌អង្គ​ជា​បុត្រ​របស់​យើង!
គឺ​យើង​ដែល​បាន​បង្កើត​ព្រះ‌អង្គ​នៅ​ថ្ងៃ​នេះ។
8 បើ​ព្រះ‌អង្គ​សុំ​យើង​នឹង​ប្រគល់​ប្រជា‌ជាតិ​នានា
ឲ្យ​ព្រះ‌អង្គ​ទុក​ជា​មត៌ក
យើង​ក៏​នឹង​ប្រគល់​ផែន‌ដី​ទាំង​មូល
ឲ្យ​ព្រះ‌អង្គ​ទុក​ជា​កម្ម‌សិទ្ធិ​ដែរ។
9 ព្រះ‌អង្គ​នឹង​បង្ក្រាប​ពួក​គេ​ដោយ​ដំបង​ដែក
ហើយ​ព្រះ‌អង្គ​កម្ទេច​គេ
ដូច​ជាង​ស្មូន​កម្ទេច​ភាជន៍»។
10 ឥឡូវ​នេះ ស្តេច​ទាំង‌ឡាយ​អើយ
ចូរ​រិះ‌គិត​ពិចារណា​ឡើង!
អ្នក​គ្រប់‌គ្រង​ទាំង‌ឡាយ​នៅ​លើ​ផែន‌ដី​អើយ
ចូរ​ទទួល​យក​សេចក្ដី​អប់រំ​ទៅ!
11 ចូរ​បម្រើ​ព្រះ‌អម្ចាស់​ដោយ​គោរព​កោត​ខ្លាច
ចូរ​ត្រេក‌អរ​សប្បាយ ទាំង​ញាប់​ញ័រ
12 ចូរ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌រាជ​បុត្រ
ក្រែង​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ
ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស​អន្តរាយ
ក្នុង​មាគ៌ា​របស់​អ្នក​រាល់​គ្នា
ដ្បិត​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ
នឹង​ឆេះ‌ឆួល​ឡើង​យ៉ាង​ឆាប់ៗ។
អ្នក​ណា​ជ្រក​កោន​ក្រោម​ម្លប់​បារមី​ព្រះ‌អង្គ
អ្នក​នោះ​មាន​សុភមង្គល​ហើយ!