ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៣២

សុភមង្គល​របស់​អ្នក​ដែល​ព្រះ‌អម្ចាស់​អត់‌ទោស​ឲ្យ

1 ទំនុក​របស់​ស្តេច​ដាវីឌ។ ពាក្យ​កាព្យ។
មាន​សុភមង្គល​ហើយ
អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់
លើក‌លែង​ទោស​ឲ្យ
ព្រម​ទាំង​ប្រោស‌ប្រណី​ឲ្យ​រួច​ពី​បាប!
2 មាន​សុភមង្គល​ហើយ
អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​មិន​ប្រកាន់​ទោស
ហើយ​ជា​មនុស្ស​ដែល​គ្មាន​ចិត្ត​វៀច‌វេរ!
3 ដរាប​ណា​ទូល‌បង្គំ​មិន​សារ‌ភាព​កំហុស​ទេ​នោះ
ទូល‌បង្គំ​កាន់​តែ​រីង‌រៃ​ទៅៗ
ទូល‌បង្គំ​ថ្ងូរ​ជា​រៀង​រាល់​ថ្ងៃ
4 ដ្បិត​ព្រះ‌អង្គ​ធ្វើ​ទោស​ទូល‌បង្គំ​ទាំង​ថ្ងៃ​ទាំង​យប់
កម្លាំង​ទូល‌បង្គំ​ខ្សោះ​ល្វើយ
ដូច​ទឹក​រីង​ស្ងួត​នៅ​រដូវ​ប្រាំង។ - សម្រាក
5 ទូល‌បង្គំ​បាន​សារ‌ភាព​អំពើ​បាប​ចំពោះ​ព្រះ‌អង្គ
ទូល‌បង្គំ​មិន​បាន​លាក់‌លៀម​កំហុស
របស់​ទូល‌បង្គំ​ឡើយ ទូល‌បង្គំ​ពោល​ថា
«ខ្ញុំ​នឹង​ទទួល​សារ‌ភាព​អំពើ​បាប
របស់​ខ្ញុំ​ចំពោះ​ព្រះ‌អម្ចាស់!»
ព្រះ‌អង្គ​ក៏​លើក‌លែង​ទោស​ទូល‌បង្គំ
ឲ្យ​រួច​ពី​បាប។ - សម្រាក
6 ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​គោរព
ប្រណិ‌ប័តន៍​ព្រះ‌អង្គ
តែង​ទូល‌អង្វរ​ព្រះ‌អង្គ​នៅ​ពេល​ដែល​គេ​ត្រូវ​ការ!
ទោះ​បី​មាន​ទុក្ខ​កង្វល់​ប្រៀប​ដូច
ទឹក​ជំនន់​ខ្លាំង​យ៉ាង​ណា​ក្តី ក៏​គេ​មិន​លិច​លង់​ដែរ។
7 ព្រះ‌អង្គ​ជា​ជម្រក​សម្រាប់​ទូល‌បង្គំ
ព្រះ‌អង្គ​ការ‌ពារ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អាសន្ន
ព្រះ‌អង្គ​ឲ្យ​ទូល‌បង្គំ​អាច​បន្លឺ​សំឡេង
ច្រៀង​ឡើង ព្រោះ​ព្រះ‌អង្គ​រំដោះ​ទូល‌បង្គំ។

  • សម្រាក
    8 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា
    «យើង​នឹង​ប្រៀន‌ប្រដៅ​ណែ‌នាំ​អ្នក
    ឲ្យ​ស្គាល់​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ
    យើង​នឹង​ជួយ​ឲ្យ​យោបល់​អ្នក
    ព្រម​ទាំង​មើល​ថែ​ទាំ​អ្នក​ផង។
    9 មិន​ត្រូវ​ឆោត​ល្ងង់​ដូច​សេះ ឬ​លា​នោះ​ឡើយ
    គេ​ដាក់​ដែក​បង្ខាំ និង​ចង​បង្ហៀរ
    ដើម្បី​ញាក់​វា​ឲ្យ​ចុះ​ចូល»។
    10 មនុស្ស​ពាល​នឹង​ត្រូវ​រង​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង
    ប៉ុន្តែ ព្រះ‌អម្ចាស់​តែង​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា
    ចំពោះ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ។
    11 មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​សប្បាយ​រីក‌រាយ
    ចំពោះ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់!
    អ្នក​ទាំង​អស់​គ្នា​ដែល​ជា​មនុស្ស​ទៀង​ត្រង់​អើយ
    ចូរ​ស្រែក​ហ៊ោ​ដោយ​អំណរ​ចុះ!។