ជំពូក ៤៦
ព្រះជាម្ចាស់គង់ជាមួយយើង
1 ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។
បទចម្រៀងរបស់កូនចៅលោកកូរេ។
បទសម្រាប់នារី។
2 ព្រះជាម្ចាស់ព្រះអង្គជាជម្រក
និងជាបង្អែកដ៏រឹងមាំរបស់យើង
នៅពេលមានអាសន្ន
ព្រះអង្គតែងតែប្រុងប្រៀបចាំជួយយើងជានិច្ច។
3 ហេតុនេះហើយបានជាយើង
មិនភ័យខ្លាចអ្វីឡើយ
គឺទោះបីមានរញ្ជួយផែនដី
ទោះបីភ្នំនានារលំធ្លាក់ទៅក្នុងមហាសាគរ
4 ឬទោះបីឮសូរសន្ធឹកសមុទ្របក់បោកបែកពពុះ
ទឹកធ្វើឲ្យកក្រើកភ្នំនានាយ៉ាងណាក្តី
ក៏យើងមិនភ័យខ្លាចអ្វីដែរ។ - សម្រាក
5 មានទន្លេមួយហូរនាំយកអំណរមកស្រោចស្រព
បុរីរបស់ព្រះជាម្ចាស់ ដែលជាព្រះដំណាក់
ដ៏សក្ការៈនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត។
6 ព្រះជាម្ចាស់គង់នៅក្នុងបុរី
ហើយបុរីនោះនឹងមិនរង្គើសោះឡើយ។
ព្រះអង្គនឹងសង្គ្រោះបុរីនោះ តាំងពីពេលថ្ងៃរះ។
7 ប្រជាជាតិនានាត្រូវញ័ររន្ធត់ នគរនានាត្រូវរង្គើ
ព្រះជាម្ចាស់បន្លឺព្រះសូរសៀងដូចផ្គរលាន់
ផែនដីក៏រលាយអស់ទៅ
8 ព្រះអម្ចាស់នៃពិភពទាំងមូល*
ព្រះអង្គគង់នៅជាមួយយើង
ព្រះរបស់លោកយ៉ាកុបជាជម្រក
ដ៏រឹងមាំសម្រាប់យើង។ - សម្រាក
9 ចូរនាំគ្នាមកមើលស្នាព្រះហស្ដរបស់ព្រះអម្ចាស់
ព្រះអង្គបានធ្វើការដ៏អស្ចារ្យក្រៃលែង
នៅលើផែនដីនេះ!
10 គឺព្រះអង្គបញ្ឈប់សង្គ្រាមនៅលើ
សកលលោកទាំងមូល
ព្រះអង្គកាច់បំបាក់ធ្នូ និងលំពែង
ហើយដុតរទេះចម្បាំងចោលអស់។
11 ព្រះអម្ចាស់មានព្រះបន្ទូលថា
«ចូរឈប់ច្បាំង ចូរដឹងថា
យើងនេះហើយជាព្រះជាម្ចាស់
យើងគ្រប់គ្រងលើប្រជាជាតិនានា
ហើយគ្រប់គ្រងលើផែនដីទាំងមូល»។
12 ព្រះអម្ចាស់នៃពិភពទាំងមូល*
ព្រះអង្គគង់នៅជាមួយយើង
ព្រះរបស់លោកយ៉ាកុបជាជម្រក
ដ៏រឹងមាំសម្រាប់យើង។ - សម្រាក