ជំពូក ១៤
អ្នកជឿនៅក្នុងចំណោមមនុស្សពាល
1 ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។
ទំនុករបស់ស្តេចដាវីឌ។
មនុស្សល្ងីល្ងើគិតក្នុងចិត្តថា
«គ្មានព្រះជាម្ចាស់ទាល់តែសោះ!»
គេនាំគ្នាប្រព្រឹត្តអំពើថោកទាប
និងកិច្ចការផ្សេងៗគួរឲ្យស្អប់ខ្ពើម
គឺគ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ។
2 ព្រះអម្ចាស់ទតពីស្ថានបរមសុខមក
ពិនិត្យមើលមនុស្សលោក
ព្រះអង្គរកមើល ក្រែងលោមាននរណាម្នាក់
ដឹងខុសត្រូវ ហើយស្វែងរកព្រះជាម្ចាស់។
3 ប៉ុន្តែ មនុស្សគ្រប់ៗរូបបានវង្វេងចេញឆ្ងាយ
ពីព្រះជាម្ចាស់
ហើយនាំគ្នាប្រព្រឹត្តអំពើខិលខូច
គ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ
សូម្បីតែម្នាក់ក៏គ្មានផង។
4 តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត
សុទ្ធតែជាមនុស្សល្ងង់ឬ?
អ្នកទាំងនោះចិញ្ចឹមជីវិត
ដោយជិះជាន់ប្រជារាស្ដ្ររបស់យើង
គេមិនអង្វររកព្រះអម្ចាស់ទាល់តែសោះ។
5 អ្នកទាំងនោះភ័យញ័រជាខ្លាំង
ដោយព្រះជាម្ចាស់ជួយគាំទ្រក្រុមមនុស្សសុចរិត។
6 «អ្នករាល់គ្នាបានធ្វើឲ្យមនុស្សទុរគត
បាត់បង់សេចក្ដីសង្ឃឹមរបស់ខ្លួន
ប៉ុន្តែ ព្រះអម្ចាស់ធ្វើជាជម្រករបស់គេ។
7 សូមឲ្យអ៊ីស្រាអែលបានទទួល
ការសង្គ្រោះពីក្រុងស៊ីយ៉ូន។
នៅពេលដែលព្រះអម្ចាស់នាំប្រជាជនរបស់ព្រះអង្គ
ឲ្យងើបមុខឡើងវិញ
ពូជរបស់លោកយ៉ាកុបនឹងត្រេកអរសប្បាយ
ពូជរបស់លោកអ៊ីស្រាអែលនឹងមានអំណរ
លើសលប់»។