ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ២៩

ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់

1 ទំនុក‌តម្កើង​របស់​ស្តេច​ដាវីឌ។
ពពួក​ទេវទូត​របស់​ព្រះ‌ជាម្ចាស់​អើយ
ចូរ​នាំ​គ្នា​តម្កើង​ព្រះ‌អម្ចាស់
ចូរ​លើក​តម្កើង​សិរី‌រុង​រឿង
និង​តេជា‌នុភាព​របស់​ព្រះ‌អម្ចាស់។
2 ចូរ​លើក​តម្កើង​ព្រះ‌នាម​ដ៏​រុង‌រឿង​របស់​ព្រះ‌អម្ចាស់
ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់
នៅ​ពេល​ព្រះ‌អង្គ​សម្ដែង​ភាព​វិសុទ្ធ​របស់​ព្រះ‌អង្គ!។
3 ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់
លាន់​ឮ​ឡើង​នៅ​ពី​លើ​ផ្ទៃ​ទឹក
ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​សិរី‌រុង​រឿង
ធ្វើ​ឲ្យ​ផ្គរ‌លាន់​ឮ​ឡើង
ព្រះ‌អម្ចាស់​គង់​នៅ​ពី​លើ​មហា​សាគរ។
4 ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់
លាន់​ឮ​ឡើង​ប្រកប​ដោយ​ឫទ្ធា‌នុភាព
ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់
លាន់​ឮ​ឡើង​ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង
5 ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់
ធ្វើ​ឲ្យ​បាក់​ដើម​ឈើ​ដ៏​ធំៗ
ព្រះ‌អម្ចាស់​បំបាក់​ដើម​ឈើ​ដ៏​ធំៗ​នៅ​ភ្នំ​លីបង់។
6 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ដើម​ឈើ​ទាំង​នោះ​លោត
ដូច​កូន​គោ​លោត
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ភ្នំ​លីបង់ និង​ភ្នំ​ស៊ីរីយ៉ូន
លោត ដូច​កូន​ក្របី​លោត។
7 ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់
បាន​ធ្វើ​ឲ្យ​មាន​រន្ទះ​លេច​ចេញ​មក។
8 ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់
បាន​ធ្វើ​ឲ្យ​កក្រើក​វាល​រហោ‌ស្ថាន
ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​រញ្ជួយ​វាល​រហោ‌ស្ថាន​កាដែស។
9 ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់
អង្រួន​សត្វ​ក្តាន់​ញី​ឲ្យ​កើត​កូន
និង​ធ្វើ​ឲ្យ​ព្រៃ​ឈើ​ជ្រុះ​ស្លឹក​អស់។
ពេល​នោះ អ្វីៗ​សព្វ​សារពើ​នឹង​ស្រែក​ឡើង
ក្នុង​ព្រះ‌វិហារ​ថា
«សូម​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌អម្ចាស់!»។
10 ព្រះ‌អម្ចាស់​គ្រប់‌គ្រង​លើ​ទឹក​ជំនន់​ធំ
ព្រះ‌អម្ចាស់​គ្រង​រាជ្យ​រហូត​ត​ទៅ
11 ព្រះ‌អម្ចាស់​ប្រទាន​ឫទ្ធា‌នុភាព
ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​ប្រជា‌រាស្ដ្រ
របស់​ព្រះ‌អង្គ​មាន​សន្តិ‌ភាព។