ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៧៨

អតីតកាល​ជា​មេ​រៀន​ដែល​យើង​ត្រូវ​ចង​ចាំ​ទុក

1 កំណាព្យ​របស់​លោក​អសាភ។
ប្រជាជន​របស់​ខ្ញុំ​អើយ ចូរ​ត្រង‌ត្រាប់​សេចក្ដី
ដែល​ខ្ញុំ​ប្រៀន‌ប្រដៅ​អ្នក​រាល់​គ្នា!
ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ
ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា!។
2 ខ្ញុំ​នឹង​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា
នូវ​បទ​ពិសោធ​ពី​អតីតកាល
ខ្ញុំ​នឹង​បរិយាយ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​អត្ថ‌ន័យ
លាក់​កំបាំង​នៃ​ព្រឹត្តិ‌ការណ៍​នៅ​បុរាណ​កាល។
3 អ្វីៗ​ដែល​យើង​ធ្លាប់​ឮ អ្វីៗ​ដែល​យើង​ដឹង
អ្វីៗ​ដែល​ដូន‌តា​យើង​ធ្លាប់​រ៉ាយ‌រ៉ាប់​ប្រាប់
4 យើង​នឹង​ថ្លែង​ប្រាប់​កូន​ចៅ​របស់​យើង
ឥត​លាក់‌លៀម​ឡើយ
យើង​នឹង​ពណ៌នា​ពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អម្ចាស់
និង​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ
ប្រាប់​កូន​ចៅ​នៅ​ជំនាន់​ក្រោយ
ដើម្បី​លើក​តម្កើង​ព្រះ‌អង្គ។
5 ព្រះ‌អង្គ​តាក់‌តែង​ច្បាប់​ឲ្យ​កូន​ចៅ
របស់​លោក​យ៉ាកុប
ព្រះ‌អង្គ​ប្រទាន​វិន័យ​មក​ឲ្យ​ពូជ‌ពង្ស
របស់​លោក​អ៊ីស្រា‌អែល
ព្រះ‌អង្គ​បង្គាប់​បុព្វ‌បុរស​របស់​យើង
ឲ្យ​បង្រៀន​សេចក្ដី​ទាំង​នោះ​ដល់​កូន​ចៅ
6 ដើម្បី​ឲ្យ​មនុស្ស​នៅ​ជំនាន់​ក្រោយ​ស្គាល់​ដែរ
ហើយ​ឲ្យ​កូន​ចៅ​ដែល​នឹង​កើត​មក
បង្រៀន​តៗ​គ្នា​រហូត​ទៅ។
7 ធ្វើ​យ៉ាង​នេះ ពួក​គេ​នឹង​ផ្ញើ​ជីវិត​លើ​ព្រះ‌ជាម្ចាស់
មិន​ភ្លេច​ពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ
ហើយ​ពួក​គេ​នឹង​គោរព​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ
8 ដើម្បី​កុំ​ឲ្យ​ពួក​គេ​បាន​ដូច​បុព្វ‌បុរស
នៅ​ជំនាន់​មុន ដែល​មាន​ចិត្ត​កោង​កាច
បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់
មាន​ចិត្ត​មិន​ទៀង ហើយ​មាន​គំនិត​មិន​ស្មោះ‌ត្រង់
នឹង​ព្រះ‌អង្គ​នោះ​ឡើយ។
9 កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម​ដែល​ជា​កង‌ទ័ព​បាញ់​ព្រួញ
បាន​បាក់​ទ័ព​នៅ​ថ្ងៃ​ធ្វើ​ចម្បាំង
10 មក​ពី​ពួក​គេ​ពុំ​បាន​គោរព​សម្ពន្ធ‌មេត្រី
របស់​ព្រះ‌ជាម្ចាស់
គឺ​មិន​ព្រម​កាន់​តាម​វិន័យ​របស់​ព្រះ‌អង្គ
11 ពួក​គេ​បាន​ភ្លេច​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​ឧត្តុង្គ‌ឧត្ដម
និង​ភ្លេច​ពី​ការ​ដ៏​អស្ចារ្យ​ផ្សេងៗ
ដែល​ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​គេ​ឃើញ។
12 នៅ​តំបន់​សូអាន ក្នុង​ស្រុក​អេស៊ីប
ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស្ចារ្យ​មួយ
ឲ្យ​បុព្វ‌បុរស​របស់​គេ​ឃើញ
13 គឺ​ព្រះ‌អង្គ​បាន​ញែក​ទឹក​សមុទ្រ
ឲ្យ​ពួក​គេ​ដើរ​ឆ្លង
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទឹក​ផ្តុំ​គ្នា​នៅ​នឹង​ថ្កល់
មួយ​កន្លែង​ដូច​កំពែង។
14 នៅ​ពេល​ថ្ងៃ ព្រះ‌អង្គ​ដឹក​នាំ​គេ​ដោយ​ដុំ​ពពក
ហើយ​រាល់​យប់​ព្រះ‌អង្គ​ដឹក​នាំ​គេ
ដោយ​ដុំ​ភ្លើង​ជា​ពន្លឺ។
15 ព្រះ‌អង្គ​បាន​បំបែក​ផ្ទាំង​ថ្ម​ក្នុង​វាល​រហោ‌ស្ថាន
ឲ្យ​គេ​ហូប​ទឹក​ដែល​ហូរ​ចេញ
យ៉ាង​បរិបូណ៌​ពី​បាត​ដី​មក។
16 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹក
ហូរ​ចេញ​ពី​ផ្ទាំង​សិលា​មក
ដូច​ជា​ទឹក​ទន្លេ។
17 ទោះ​ជា​យ៉ាង​នេះ​ក្តី
ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប
ខុស​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ជា‌និច្ច
ពួក​គេ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
នៅ​វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែង​នោះ។
18 ពួក​គេ​ហ៊ាន​ល្បង‌ល​មើល​ព្រះ‌ជាម្ចាស់
ដោយ​សូម​ឲ្យ​ព្រះ‌អង្គ​ប្រទាន​ម្ហូប​អាហារ
តាម​ទំនើង​ចិត្ត​របស់​ខ្លួន។
19 គេ​នាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់​ថា:
តើ​ព្រះ‌ជាម្ចាស់​អាច​ជប់‌លៀង​យើង
ក្នុង​វាល​រហោ‌ស្ថាន​នេះ​បាន​ឬ?
20 ព្រះ‌អង្គ​បាន​វាយ​ផ្ទាំង​ថ្ម​ឲ្យ​មាន​ទឹក
ហូរ​ចេញ​មក ដូច​ជា​ទឹក​ជ្រោះ​ធ្លាក់​មែន
ប៉ុន្តែ តើ​ព្រះ‌អង្គ​អាច​ប្រទាន​នំបុ័ង
និង​ផ្គត់‌ផ្គង់​សាច់​មក​ឲ្យ
ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​បាន​ដែរ​ឬ?
21 ពេល​ព្រះ‌អម្ចាស់​ឮ​ពាក្យ​របស់​ពួក​គេ
ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ​ក្រៃ‌លែង
ព្រះ‌អង្គ​ក្ដៅ​ក្រហាយ​នឹង​ពូជ‌ពង្ស
របស់​លោក​យ៉ាកុប
ព្រះ‌អង្គ​ខ្ញាល់​ទាស់​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល
22 ព្រោះ​ពួក​គេ​គ្មាន​ជំនឿ​លើ​ព្រះ‌ជាម្ចាស់
ពួក​គេ​ពុំ​បាន​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ
ដែល​អាច​សង្គ្រោះ​គេ​នោះ​ឡើយ។
23 ទោះ​ជា​យ៉ាង​ណា​ក្តី ព្រះ‌អង្គ​បាន​បង្គាប់​ពពក
ព្រះ‌អង្គ​បាន​បើក​ផ្ទៃ​មេឃ
24 ហើយ​ប្រទាន​នំ​ម៉ាណា​ធ្លាក់​ចុះ​មក​ដូច​ភ្លៀង
ឲ្យ​ពួក​គេ​ធ្វើ​ជា​អាហារ
គឺ​ព្រះ‌អង្គ​ប្រទាន​ស្រូវ​ពី​ស្ថាន‌សួគ៌
មក​ឲ្យ​ពួក​គេ។
25 ពួក​គេ​ម្នាក់ៗ​បាន​បរិភោគ​អាហារ​របស់​ពួក​ទេវទូត
ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ
បរិភោគ​ឆ្អែត​ទាំង​អស់​គ្នា។
26 នៅ​លើ​មេឃ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់
បក់​មក​ពី​ទិស​ខាង​កើត
ហើយ​ព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​មាន​ខ្យល់
បក់​មក​ពី​ទិស​ខាង​ត្បូង​ដែរ។
27 ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​សាច់​យ៉ាង​ច្រើន
ដូច​ធូលី​ដី​ធ្លាក់​ពី​លើ​មេឃ​មក
គឺ​ព្រះ‌អង្គ​ប្រទាន​សត្វ​ស្លាប​យ៉ាង​ច្រើន
ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ
28 ធ្លាក់​ចុះ​មក​កណ្ដាល​ជំរំ​របស់​ពួក​គេ
ជុំ‌វិញ​កន្លែង​ដែល​គេ​ស្នាក់​នៅ។
29 ពួក​គេ​បាន​បរិភោគ​ឆ្អែត​ស្កប់‌ស្កល់
ដោយ​ព្រះ‌ជាម្ចាស់​ធ្វើ​តាម​ចិត្ត
ប៉ង‌ប្រាថ្នា​របស់​ពួក​គេ។
30 ប៉ុន្តែ ទោះ​បី​គេ​មាន​ម្ហូប​អាហារ​នៅ​ពេញ​មាត់​ក្តី
ក៏​ពួក​គេ​នៅ​តែ​ពុំ​ព្រម​ស្កប់​ចិត្ត​ដដែល
31 ជា​ហេតុ​នាំ​ឲ្យ​ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ
ហើយ​ប្រហារ​ជីវិត​ពួក​អ្នក​ខ្លាំង​ពូកែ​ជាង​គេ
ព្រម​ទាំង​យុវជន​ដែល​កំពុង​តែ​ពេញ​កម្លាំង
ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល​ផង​ដែរ។
32 ទោះ​បី​យ៉ាង​នេះ​ក្តី
ក៏​ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​ដដែល
ពួក​គេ​ពុំ​បាន​ជឿ​លើ​ព្រះ‌អង្គ
ដែល​ធ្វើ​ការ​អស្ចារ្យ​ទាំង​នោះ​ទេ។
33 ដូច្នេះ ព្រះ‌អង្គ​ក៏​ប្រហារ​ជីវិត​របស់​គេ
តែ​ក្នុង​មួយ‌រយៈ​ពេល​ដ៏​ខ្លី
ព្រះ‌អង្គ​ផ្ដាច់​អាយុ​ជីវិត​របស់​គេ
យ៉ាង​សែន​វេទនា​បំផុត។
34 ពេល​ឃើញ​ព្រះ‌ជាម្ចាស់​ប្រហារ​ជីវិត
អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ
ពួក​គេ​ក៏​នាំ​គ្នា​ស្វែង​រក​ព្រះ‌អង្គ
ហើយ​ប្រែ​ចិត្ត​គំនិត​មក​រក​ព្រះ‌អង្គ​វិញ។
35 ពួក​គេ​នឹក​ឃើញ​ថា
ព្រះ‌ជាម្ចាស់​ជា​ថ្ម‌ដា​របស់​ពួក​គេ
ហើយ​ថា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ការ‌ពារ​ពួក​គេ។
36 ក៏​ប៉ុន្តែ​តាម​ពិត ពួក​គេ​ចង់​បោក​ប្រាស់​ព្រះ‌អង្គ
គឺ​អ្វីៗ​ដែល​គេ​និយាយ​ចេញ​មក
សុទ្ធ​តែ​ជា​ពាក្យ​កុហក​ទាំង​អស់។
37 ពួក​គេ​មាន​ចិត្ត​មិន​ទៀង​នឹង​ព្រះ‌អង្គ​ទេ
ហើយ​ក៏​ក្បត់​នឹង​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ​ដែរ។
38 រីឯ​ព្រះ‌អង្គ​វិញ
ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​ជា‌និច្ច
ព្រះ‌អង្គ​បាន​លើក‌លែង​ទោស​ឲ្យ​ពួក​គេ
គឺ​ព្រះ‌អង្គ​មិន​ប្រហារ​ជីវិត​ពួក​គេ​ទេ
ជា​ច្រើន​លើក​ច្រើន​សា ព្រះ‌អង្គ​តែង‌តែ​ទប់
ព្រះ‌ហឫទ័យ​មិន​ឲ្យ​មាន​ព្រះ‌ពិរោធ
ព្រះ‌អង្គ​អត់‌ធ្មត់​ចំពោះ​ពួក​គេ។
39 ព្រះ‌អង្គ​នឹក​ចាំ​ថា
ពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​លោកីយ៍​ប៉ុណ្ណោះ
ជីវិត​របស់​ពួក​គេ​ប្រៀប​បាន​នឹង​ដង្ហើម
ដែល​រសាត់​បាត់​ទៅ​ឥត​វិល​មក​វិញ​ឡើយ។
40 ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គ
នៅ​វាល​រហោ‌ស្ថាន​ជា​ច្រើន​លើក​ច្រើន​សា
ហើយ​ក្នុង​វាល​ហួត‌ហែង​នោះ ពួក​គេ​តែង‌តែ
ធ្វើ​ឲ្យ​ព្រះ‌អង្គ​ព្រួយ​ព្រះ‌ហឫទ័យ!។
41 ពួក​គេ​ចេះ​តែ​ល្បង‌ល​មើល​ព្រះ‌ជាម្ចាស់​ជា‌និច្ច
ពួក​គេ​នាំ​គ្នា​ធ្វើ​ឲ្យ​ព្រះ​ដ៏‌វិសុទ្ធ
របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ទាស់​ព្រះ‌ហឫទ័យ។
42 ពួក​គេ​ពុំ​បាន​នឹក​ឃើញ
អំពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​ទេ
ហើយ​ក៏​ពុំ​បាន​នឹក​ឃើញ​ពី​ថ្ងៃ
ដែល​ព្រះ‌អង្គ​បាន​រំដោះ​ពួក​គេ
ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត​ដែរ។
43 ពួក​គេ​ពុំ​បាន​នឹក​ឃើញ​ពី​ទី​សម្គាល់​អស្ចារ្យ​ផ្សេងៗ
ដែល​ព្រះ‌អង្គ​ធ្វើ​នៅ​ស្រុក​អេស៊ីប​ទេ
ពួក​គេ​ពុំ​បាន​នឹក​ឃើញ​ពី​ការ​អស្ចារ្យ​ផ្សេងៗ
ដែល​ព្រះ‌អង្គ​ធ្វើ​នៅ​តំបន់​សូអាន​ឡើយ។
44 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​នៅ​ដៃ​ទន្លេ​នីល
ប្រែ​ទៅ​ជា​ឈាម​ជា​ហេតុ​ធ្វើ​ឲ្យ​ជន​ជាតិ
អេស៊ីប​រក​ទឹក​ផឹក​មិន​បាន។
45 ព្រះ‌អង្គ​បាន​ចាត់​មូស​ឲ្យ​ទៅ​ខាំ​ជន​ជាតិ​អេស៊ីប
និង​ចាត់​កង្កែប​ឲ្យ​ទៅ​បំផ្លិច‌បំផ្លាញ
អ្វីៗ​ទាំង​អស់។
46 ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ចង្រិត
ទៅ​ស៊ី​បង្ហិន​ភោគ‌ផល​របស់​ពួក​គេ
ហើយ​ឲ្យ​កណ្ដូប​ទៅ​ស៊ី​បង្ហិន​ដំណាំ​របស់​គេ។
47 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ព្រិល​ធ្លាក់​មក
កម្ទេច​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​គេ
ហើយ​មាន​ធាតុ​អាកាស​ត្រជាក់
មក​បំផ្លាញ​ដើម​ឈើ​របស់​គេ​ខូច​អស់។
48 ហ្វូង​គោ​របស់​គេ​ត្រូវ​វិនាស​ដោយ‌សារ​ព្រិល
ហ្វូង​ចៀម​របស់​គេ​ត្រូវ​វិនាស
ដោយ‌សារ​រន្ទះ​បាញ់។
49 ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ
ទាស់​នឹង​ជន​ជាតិ​អេស៊ីប​យ៉ាង​ខ្លាំង
ព្រះ‌អង្គ​ដាក់​ទោស​ពួក​គេ
ឲ្យ​រង​ទុក្ខ​លំបាក​យ៉ាង​សែន​វេទនា
ដោយ​ចាត់​ពួក​ទេវទូត​ឲ្យ​មក​ប្រហារ​ពួក​គេ។
50 ព្រះ‌អង្គ​ធ្វើ​តាម​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ
ដោយ​ឥត​សំចៃ​ជីវិត​ជន​ជាតិ​នោះ​ឡើយ
ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គ្រោះ​កាច
កើត​មាន​ដល់​ពួក​គេ
51 គឺ​ព្រះ‌អង្គ​ប្រហារ​ជីវិត​កូន​ច្បង​ទាំង​ប៉ុន្មាន
របស់​ជន​ជាតិ​អេស៊ីប កូន​ដែល​កើត​មក​មុន​គេ
ក្នុង​ពូជ‌ពង្ស​របស់​លោក​ហាំ។
52 ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ចេញ​ពី​ស្រុក​នោះ​ដូច​ហ្វូង​ចៀម​ចេញ​ពី​ក្រោល
ព្រះ‌អង្គ​ដឹក​នាំ​ពួក​គេ​នៅ​វាល​រហោ‌ស្ថាន
ដូច​គង្វាល​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន។
53 ព្រះ‌អង្គ​ដឹក​នាំ​ពួក​គេ​យ៉ាង​សុខ‌សាន្ត
ឥត​ភ័យ​ខ្លាច​អ្វី​ឡើយ
តែ​ខ្មាំង​សត្រូវ​របស់​ពួក​គេ
ត្រូវ​លិច​លង់​ក្នុង​ទឹក​សមុទ្រ។
54 ព្រះ‌អង្គ​នាំ​ពួក​គេ​ទៅ​កាន់​ទឹក​ដី​ដ៏‌វិសុទ្ធ
គឺ​ទៅ​កាន់​ភ្នំ​ដែល​ព្រះ‌អង្គ​វាយ​យក​បាន
ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ។
55 ព្រះ‌អង្គ​បណ្តេញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​មុខ​ពួក​គេ
ហើយ​ចែក​ទឹក​ដី​ឲ្យ​ពួក​គេ​ជា​មត៌ក
គឺ​ព្រះ‌អង្គ​ឲ្យ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល
រស់​នៅ​ក្នុង​លំ‌នៅ​ស្ថាន​របស់​ប្រជា‌ជាតិ​ទាំង​នោះ។
56 ប៉ុន្តែ ពួក​គេ​បាន​ល្បង‌ល​ព្រះ‌ជាម្ចាស់
ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គ
ដោយ​មិន​ព្រម​ធ្វើ​តាម​ដំបូន្មាន​របស់ ព្រះ‌អង្គ​ឡើយ។
57 ពួក​គេ​បាន​ងាក​ចេញ​ពី​ព្រះ‌អង្គ
និង​ក្បត់​ព្រះ‌អង្គ​ដូច​ដូន‌តា​របស់​ពួក​គេ
ពួក​គេ​មាន​ចិត្ត​វៀច‌វេរ​ដូច​ផ្លែ​កណ្ដៀវ។
58 ពួក​គេ​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះ‌អង្គ
ដោយ​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ
នៅ​តាម​ទី‌សក្ការៈ​របស់​សាសន៍​ដទៃ​នៅ​លើ​ភ្នំ
ធ្វើ​ឲ្យ​ទាស់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ជា​ខ្លាំង។
59 ព្រះ‌ជាម្ចាស់​ឃើញ​គេ​ប្រព្រឹត្ត​ដូច្នេះ
ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ
ហើយ​លែង​រវី‌រវល់​នឹង​ជន​ជាតិ
អ៊ីស្រា‌អែល​ទៀត។
60 ព្រះ‌អង្គ​បោះ​បង់​ចោល​ព្រះ‌ដំណាក់​នៅ​ស៊ីឡូ
ព្រះ‌អង្គ​បោះ​បង់​ចោល​ព្រះ‌ពន្លា
ដែល​ព្រះ‌អង្គ​ធ្លាប់​គង់​នៅ​ជា​មួយ​មនុស្ស​លោក។
61 ព្រះ‌អង្គ​បណ្តោយ​ឲ្យ​ខ្មាំង​សត្រូវ
រឹប​អូស​យក​បាន​ហិប​នៃ​សម្ពន្ធ‌មេត្រី
ដែល​ជា​និមិត្ត‌រូប​នៃ​ឫទ្ធិ‌បារមី
និង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​។
62 ព្រះ‌អង្គ​បណ្តោយ​ឲ្យ​ខ្មាំង​សត្រូវ​ប្រហារ​ជីវិត
ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ដោយ​មុខ​ដាវ
ព្រោះ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ
នឹង​ពួក​គេជា​ខ្លាំង។
63 ពួក​យុវជន​បាន​បាត់​បង់​ជីវិត
ដោយ‌សារ​ភ្លើង​សង្គ្រាម
ហើយ​គ្មាន​នៅ​សល់​កំលោះ
ដើម្បី​រៀប‌ការ​ជា​មួយ​ពួក​ស្ត្រី​ក្រមុំ​ទៀត​ឡើយ។
64 ពួក​បូជា‌ចារ្យ​បាន​ស្លាប់​ដោយ​មុខ​ដាវ
ហើយ​ស្ត្រី‌មេម៉ាយ
មិន​អាច​ធ្វើ​ពិធី​កាន់​ទុក្ខ​បាន​ទេ។
65 ពេល​នោះ ព្រះ‌អម្ចាស់​តើន​ឡើង
ដូច​គេ​ក្រោក​ពី​ដំណេក
ឬ​ដូច​អ្នក​ចម្បាំង​ដ៏​ពូកែ​ទើប​នឹង​ស្វាង​ស្រា​ឡើង​វិញ
66 ព្រះ‌អង្គ​វាយ​ខ្មាំង​សត្រូវ​ពី​ក្រោយ
ឲ្យ​បាក់​មុខ​អស់​កល្ប‌ជានិច្ច។
67 ព្រះ‌អង្គ​មិន​រវី‌រវល់​នឹង​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប
ព្រះ‌អង្គ​ពុំ​បាន​ជ្រើស‌រើស​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម​ទេ
68 តែ​ព្រះ‌អង្គ​បាន​ជ្រើស‌រើស​កុល‌សម្ព័ន្ធ​យូដា​វិញ
ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ភ្នំ​ស៊ីយ៉ូន។
69 នៅ​ទី​នោះ ព្រះ‌អង្គ​បាន​សង់​ទី‌សក្ការៈ
របស់​ព្រះ‌អង្គ​យ៉ាង​ល្អ​រឹង‌ប៉ឹង ដូច​ផ្ទៃ​មេឃ​ដ៏​ខ្ពស់
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទី‌សក្ការៈ​នោះ
បាន​រឹង‌មាំ​ដូច​ផែន‌ដី​រហូត​ត​ទៅ។
70 ព្រះ‌អង្គ​បាន​ជ្រើស‌រើស​ព្រះ‌បាទ​ដាវីឌ
ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​បាន​យក​ស្តេច​ចេញ​ពី​កន្លែង​ឃ្វាល​ចៀម
71 ព្រះ‌អង្គ​បាន​យក​ស្តេច​ចេញ​ពី​ហ្វូង​ចៀម​មក
ដើម្បី​ឲ្យ​ឃ្វាល​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប
គឺ​ជន​ជាតិ​អ៊ីស្រា‌អែល
ដែល​ជា​ប្រជា‌រាស្ដ្រ​ផ្ទាល់​របស់​ព្រះ‌អង្គ។
72 ព្រះ‌បាទ​ដាវីឌ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល
ដោយ​ចិត្ត​ស្មោះ‌ត្រង់
ព្រះ‌រាជា​ដឹក​នាំ​ពួក​គេ​យ៉ាង​ប៉ិន‌ប្រសប់។