ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៤១

សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ឡើង​វិញ​ផង

1 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
ទំនុក‌តម្កើង​របស់​ស្តេច​ដាវីឌ។

2 មាន​សុភមង្គល​ហើយ
អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់
នឹង​មនុស្ស​កំសត់​ទុរគត!
ដ្បិត​នៅ​ថ្ងៃ​មាន​អាសន្ន
ព្រះ‌អម្ចាស់​នឹង​ជួយ​អ្នក​នោះ​ជា​មិន​ខាន។
3
ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សា​អាយុ​ជីវិត​របស់​គេ
ហើយ​អ្នក​នោះ​មាន​សុភមង្គល​នៅ​លើ​ផែន‌ដី
ព្រះ‌អង្គ​នឹង​មិន​បណ្តោយ​ឲ្យ​គេ​ធ្លាក់
ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ។
4 ព្រះ‌អម្ចាស់​បី​បាច់​ថែ‌រក្សា​គេ
នៅ​ពេល​គេ​ឈឺ​ធ្ងន់​ក្រោក​ពុំ​រួច
ហើយ​ព្រះ‌អង្គ​ប្រោស​គេ
ឲ្យ​មាន​សុខភាព​ល្អ​ឡើង​វិញ។
5 ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា ព្រះ‌អង្គ​អើយ
សូម​ប្រណី​មេត្តា​ទូល‌បង្គំ
សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ឡើង​វិញ​ផង
ដ្បិត​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប
ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ហើយ។
6 សត្រូវ​របស់​ទូល‌បង្គំ​នាំ​គ្នា
និយាយ​អាក្រក់​ពី​ទូល‌បង្គំ
គេ​បន់​ឲ្យ​តែ​ទូល‌បង្គំ​ស្លាប់
គេ​បន់​ឲ្យ​តែ​ឈ្មោះ​ទូល‌បង្គំ​សាប‌សូន្យ​ទៅ។
7 អស់​អ្នក​ដែល​មក​សួរ​សុខ​ទុក្ខ​ទូល‌បង្គំ
គេ​មាន​គំនិត​មិន​ល្អ​ទេ
គេ​មក​ប្រមូល​ដំណឹង​អាក្រក់ រួច​ចេញ​ទៅ​វិញ
ទាំង​និយាយ​បរិហារ​ពី​ទូល‌បង្គំ។
8 អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ
និយាយ​ខ្សឹប‌ខ្សៀវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក
ប្រឆាំង​នឹង​ទូល‌បង្គំ
ថា​ទូល‌បង្គំ​គេច​មិន​ផុត​ពី​ស្លាប់។
9 គេ​ពោល​ថា«ជំងឺ​អ្នក​នេះ​មើល​មិន​ជា​ទេ!
គាត់​ពុំ​អាច​ក្រោក​ពី​គ្រែ​ឡើង​វិញ​បាន​ឡើយ»។
10 សូម្បី​តែ​មិត្ត​សម្លាញ់​ដ៏​ជិត‌ស្និទ្ធ​របស់​ទូល‌បង្គំ
គឺ​អ្នក​ដែល​ទូល‌បង្គំ​ទុក​ចិត្ត
ហើយ​ជា​អ្នក​ដែល​បរិភោគ​អាហារ
រួម​ជា​មួយ​ទូល‌បង្គំ ក៏​ប្រឆាំង​នឹង​ទូល‌បង្គំ​ដែរ។
11 ចំពោះ​ព្រះ‌អង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ប្រណី​មេត្តា​ទូល‌បង្គំ
សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​បាន​ជា​ឡើង​វិញ​ផង
នោះ​ទូល‌បង្គំ​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវ
ឲ្យ​សម​នឹង​អំពើ​របស់​គេ។
12 បើ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ
គ្មាន​ជ័យ‌ជម្នះ​លើ​ទូល‌បង្គំ​ទេ​នោះ
ទូល‌បង្គំ​នឹង​ដឹង​ជាក់​ថា
ព្រះ‌អង្គ​ពិត​ជា​គាប់​ព្រះ‌ហឫទ័យ​នឹង​ទូល‌បង្គំ​មែន។
13 ព្រះ‌អង្គ​បាន​ជួយ​ទូល‌បង្គំ
ដោយ​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ទាំង​ស្រុង
ហើយ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទូល‌បង្គំ
នៅ​ជា​មួយ​ព្រះ‌អង្គ​រហូត​ត​ទៅ។
14 សូម​លើក​តម្កើង​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន! អាម៉ែន!។