ជំពូក ៤
ព្រះជាម្ចាស់ការពារ នៅពេលគេមួលបង្កាច់
1 ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។
កំដរដោយក្រុមតន្ដ្រីមានខ្សែ។
ទំនុករបស់ស្តេចដាវីឌ។
2 ឱព្រះជាម្ចាស់ដែលរកយុត្តិធម៌
ឲ្យទូលបង្គំអើយ
ពេលទូលបង្គំដង្ហោយហៅរកព្រះអង្គ
សូមឆ្លើយតបមកទូលបង្គំផង!
ពេលទូលបង្គំមានទុក្ខធុរៈ
ព្រះអង្គបានធ្វើឲ្យទូលបង្គំធូរស្បើយ។
សូមអាណិតមេត្តាទូលបង្គំ
សូមព្រះសណ្ដាប់ពាក្យអង្វររបស់ទូលបង្គំផង។
3 មនុស្សម្នាទាំងឡាយអើយ
តើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំ
ដល់កាលណាទៀត?
តើអ្នករាល់គ្នាចូលចិត្តចោទប្រកាន់
ដោយឥតបានការ
និងនិយាយកុហកមួលបង្កាច់ដល់កាលណាទៀត? - សម្រាក
4 ត្រូវដឹងថា ព្រះអម្ចាស់តែងតែប្រោសប្រណី
មនុស្សស្មោះត្រង់
ពេលណាខ្ញុំស្រែកអង្វររកព្រះអម្ចាស់
ព្រះអង្គព្រះសណ្ដាប់ខ្ញុំជានិច្ច។
5 បើអ្នករាល់គ្នាច្រឡោតខឹង
មិនត្រូវប្រព្រឹត្តអំពើបាបសោះឡើយ
តែត្រូវដេកគិតពិចារណា ហើយរំងាប់ចិត្តទៅ។ - សម្រាក
6 ចូរថ្វាយយញ្ញបូជាដ៏សុចរិត
ហើយពឹងផ្អែកលើព្រះអម្ចាស់ចុះ។
7 មនុស្សជាច្រើនពោលថា:
តើនរណានាំសុភមង្គលមកឲ្យយើងខ្ញុំ?
ព្រះអម្ចាស់អើយ សូមទតមកយើងខ្ញុំ
ដោយព្រះហឫទ័យសប្បុរសផង!
8 ព្រះអង្គបានដាក់អំណរនៅក្នុងចិត្តទូលបង្គំ
ច្រើនជាងអំណរដែលគេមាននៅពេលច្រូតស្រូវ
និងបេះផ្លែទំពាំងបាយជូរដ៏បរិបូណ៌ទៅទៀត។
9 ពេលទូលបង្គំចូលដំណេក
នោះទូលបង្គំនឹងដេកលក់ដោយសុខសាន្តភ្លាម
ឱព្រះអម្ចាស់អើយ មានតែព្រះអង្គទេ
ដែលធ្វើឲ្យទូលបង្គំរស់នៅ
ដោយសុខដុមរមនា។