ជំពូក ២១
ពាក្យអរព្រះគុណចំពោះជ័យជម្នះ
1 ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។
ទំនុករបស់ស្តេចដាវីឌ។
2 ព្រះអម្ចាស់អើយ
ព្រះរាជាមានអំណរណាស់
ព្រោះព្រះអង្គប្រទានកម្លាំង
ព្រះរាជាមានអំណររីករាយជាខ្លាំង
ព្រោះព្រះអង្គប្រទានឲ្យមានជ័យជម្នះ។
3 ព្រះអង្គប្រទានឲ្យព្រះរាជា
បានទទួលអ្វីៗដែលព្រះអង្គប្រាថ្នាចង់បាន
គឺព្រះអង្គពុំបានបដិសេធពាក្យទូលអង្វរ
របស់ព្រះរាជាឡើយ។ - សម្រាក
4 ព្រះអង្គបានយាងមកជួបព្រះរាជា
ទាំងនាំយកព្រះពរដ៏ប្រសើរមកជាមួយផង
ព្រះអង្គបានយកមកុដមាសសុទ្ធ
មកបំពាក់ព្រះសិរសារបស់ព្រះរាជា។
5 ពេលព្រះរាជាទូលសូមជីវិត
ព្រះអង្គប្រទានឲ្យស្តេចមានជីវិត
និងមានជន្មាយុយឺនយូរជាអង្វែងតរៀងទៅ។
6 ដោយព្រះអង្គសង្គ្រោះ
ព្រះរាជាបានទទួលសិរីរុងរឿងយ៉ាងខ្លាំង
ព្រះអង្គប្រទានឲ្យព្រះអង្គបានថ្កុំថ្កើង
ឧត្តុង្គឧត្ដម។
7 ព្រះអង្គប្រទានឲ្យព្រះរាជា
បានប្រកបដោយព្រះពរជានិច្ច
ដោយព្រះអង្គគង់នៅជាមួយ
នោះព្រះរាជាមានអំណរយ៉ាងបរិបូណ៌។
8 ព្រះរាជាពឹងផ្អែកលើព្រះអម្ចាស់
ហើយដោយសារព្រះហឫទ័យសប្បុរស
ស្មោះត្រង់របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
រាជ្យរបស់ព្រះរាជានឹងមិនត្រូវរលំសោះឡើយ។
9 ព្រះករុណានឹងចាប់ខ្មាំងសត្រូវទាំងប៉ុន្មាន
របស់ព្រះអង្គ
ព្រះករុណានឹងប្រើអំណាចចាប់អស់អ្នក
ដែលស្អប់ព្រះអង្គ។
10 នៅថ្ងៃព្រះករុណាយាងមកដល់
ព្រះករុណានឹងកម្ទេចពួកគេដូចភ្លើងឆេះសុស
សូមព្រះអម្ចាស់រំលាយពួកគេចោល
ដោយសារព្រះពិរោធរបស់ព្រះអង្គ
ហើយភ្លើងនឹងឆេះបំផ្លាញពួកគេ។
11 ព្រះករុណានឹងលុបបំបាត់ពូជពង្ស
របស់ពួកគេឲ្យបាត់អស់ពីផែនដី
ព្រះអង្គនឹងប្រហារពួកគេឲ្យផុតពូជ។
12 ពួកគេឃុបឃិតគ្នាធ្វើបាបព្រះករុណា
តែពួកគេគ្មានកម្លាំងអាចសម្រេច
តាមគម្រោងការរបស់ខ្លួនឡើយ
13 ដ្បិតព្រះករុណាបានធ្វើឲ្យពួកគេបរាជ័យ
ហើយព្រះអង្គយឹតធ្នូបាញ់ពួកគេចំពីមុខ។
14 ឱព្រះអម្ចាស់អើយ សូមតើនឡើង សម្ដែងឫទ្ធិបារមី!
យើងខ្ញុំសូមច្រៀង និងស្មូត្រលើកទំនុកតម្កើង
ឫទ្ធានុភាពរបស់ព្រះអង្គ!