ជំពូក ១៤១
សូមរក្សាមាត់ទូលបង្គំ
1 ទំនុកតម្កើងរបស់ស្តេចដាវីឌ។
ឱព្រះអម្ចាស់អើយ
ទូលបង្គំសូមអង្វរព្រះអង្គ
មេត្តាយាងមកជួយទូលបង្គំជាប្រញាប់
ពេលទូលបង្គំអង្វរព្រះអង្គ
សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលបង្គំផង!
2 សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំ
ឡើងទៅដល់ព្រះអង្គ ដូចផ្សែងគ្រឿងក្រអូប
សូមទទួលពាក្យសរសើរតម្កើងរបស់ទូលបង្គំ
ដូចតង្វាយនៅពេលល្ងាច!
3 ឱព្រះអម្ចាស់អើយ សូមរក្សាមាត់ទូលបង្គំ
កុំឲ្យទូលបង្គំពោលពាក្យអាក្រក់សោះឡើយ។
4 សូមកុំបណ្តោយឲ្យចិត្តទូលបង្គំ
មានលំអៀងទៅរកអំពើអាក្រក់
ហើយប្រព្រឹត្តអំពើអាក្រក់
រួមជាមួយមនុស្សទុច្ចរិត
សូមកុំឲ្យទូលបង្គំចូលរួមជប់លៀង
ជាមួយពួកគេឡើយ។
5 បើមនុស្សសុចរិតវាយប្រដៅ
និងស្តីបន្ទោសទូលបង្គំដោយចិត្តស្មោះត្រង់
ទូលបង្គំមិនប្រកែកទេ
ព្រោះជាការល្អចំពោះទូលបង្គំ
ប្រៀបដូចជាទឹកអប់ហូរលើក្បាលទូលបង្គំ។
ក៏ប៉ុន្តែ ទូលបង្គំនៅតែបន្តអធិស្ឋាន
តបនឹងអំពើឃោរឃៅរបស់មនុស្សទុច្ចរិត។
6 សូមឲ្យចៅក្រមរបស់ពួកនោះ
ត្រូវគេច្រានទំលាក់ទៅក្នុងក្រហែងថ្ម
ហើយសូមឲ្យបច្ចាមិត្តស្ដាប់សេចក្ដី
ដែលទូលបង្គំនិយាយដោយសុទ្ធចិត្ត។
7 ដីប្រេះចេញពីគ្នាយ៉ាងណា
សូមឲ្យស្ថានមនុស្សស្លាប់បើកចំហ
លេបឆ្អឹងរបស់គេដែលនៅរាយប៉ាយ
គ្រប់ទីកន្លែងយ៉ាងនោះដែរ។
8 ឱព្រះជាអម្ចាស់អើយ
ទូលបង្គំសម្លឹងទៅរកព្រះអង្គជានិច្ច
ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ
សូមកុំបណ្តោយឲ្យទូលបង្គំបាត់បង់ជីវិត។
9 សូមការពារទូលបង្គំឲ្យរួចផុតពីអន្ទាក់
ដែលគេដាក់ចាំចាប់ទូលបង្គំ
សូមកុំឲ្យទូលបង្គំធ្លាក់ទៅក្នុងរណ្ដៅ
របស់មនុស្សទុច្ចរិតឡើយ
10 តែសូមឲ្យពួកគេជាប់អន្ទាក់
ដែលខ្លួនបានដាក់នោះវិញ!
រីឯទូលបង្គំ ទូលបង្គំនឹងបានរួចខ្លួន។