ជំពូក ៩៨
ព្រះអម្ចាស់យាងមកជំនុំជម្រះផែនដី
ទំនុកតម្កើង។
1 ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់!
ដ្បិតព្រះអង្គបានធ្វើការអស្ចារ្យ
ព្រះអង្គយកជ័យជម្នះដោយឫទ្ធិបារមី
និងព្រះចេស្ដាដ៏វិសុទ្ធរបស់ព្រះអង្គ។
2 ព្រះអម្ចាស់បានបង្ហាញការសង្គ្រោះរបស់ព្រះអង្គ
ព្រះអង្គបានសម្ដែងឲ្យប្រជាជាតិនានា
ឃើញសេចក្ដីសុចរិតរបស់ព្រះអង្គ។
3 ព្រះអង្គតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
និងព្រះហឫទ័យស្មោះស្ម័គ្រ
ចំពោះកូនចៅអ៊ីស្រាអែលជានិច្ច។
មនុស្សម្នាដែលរស់នៅគ្រប់ទី
ដាច់ស្រយាលនៃផែនដី
បានឃើញការសង្គ្រោះនៃព្រះរបស់យើង។
4 មនុស្សនៅលើផែនដីទាំងមូលអើយ
ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់ដោយអំណរ!
ចូរស្រែកហ៊ោយ៉ាងសប្បាយ
ព្រមទាំងស្មូត្រទំនុកតម្កើង!
5 ចូរស្មូត្រទំនុកតម្កើងថ្វាយព្រះអម្ចាស់
ដោយដេញពិណ
គឺដេញពិណលើកទំនុកយ៉ាងពីរោះ
6 ចូរលើកតម្កើងព្រះអង្គដោយផ្លុំត្រែ និងផ្លុំស្នែង
ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់
ជាព្រះមហាក្សត្រ!
7 សមុទ្រ និងអ្វីៗដែលស្ថិតនៅក្នុងសមុទ្រ
ហើយផែនដី និងអ្វីៗដែលរស់នៅលើផែនដី
ចូរនាំគ្នាបន្លឺសំឡេងយ៉ាងអឺងកង!
8 ទន្លេទាំងឡាយ ចូរអបអរសាទរ
ភ្នំទាំងឡាយ ចូរស្រែកហ៊ោព្រមៗគ្នាឡើង
9 នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់
ដ្បិតព្រះអង្គយាងមកគ្រប់គ្រងផែនដី
ព្រះអង្គគ្រប់គ្រងផែនដីដោយយុត្តិធម៌
ព្រះអង្គគ្រប់គ្រងប្រជាជនទាំងឡាយ
ដោយទៀងត្រង់។