ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៨៧

ក្រុង​ស៊ីយ៉ូន​ជា​ប្រភព​នៃ​ព្រះ‌ពរ​របស់​យើង

1 ទំនុក‌តម្កើង​របស់​កូន​ចៅ​លោក​កូរេ។
ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។

ព្រះ‌អម្ចាស់​បាន​សង់​ក្រុង​យេរូ‌សាឡឹម
នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ។
2 ព្រះ‌អម្ចាស់​ស្រឡាញ់​បុរី​ស៊ីយ៉ូន
ជាង​កន្លែង​ឯ​ទៀតៗ​ទាំង​អស់
នៅ​លើ​ទឹក​ដី​លោក​យ៉ាកុប។
3 ឱ​ក្រុង​របស់​ព្រះ‌ជាម្ចាស់​អើយ
គេ​លើក​តម្កើង​សិរី‌រុង​រឿង​របស់​អ្នក
ដោយ​ពោល​ថា: - សម្រាក
4 “ក្នុង​ចំណោម​អស់​អ្នក​ដែល​ស្គាល់​ខ្ញុំ
មាន​អ្នក​ខ្លះ​កើត​នៅ​ស្រុក​អេស៊ីប
អ្នក​ខ្លះ​កើត​នៅ​ស្រុក​បាប៊ីឡូន
ខ្លះ​ទៀត​នៅ​ស្រុក​ភីលី‌ស្ទីន
ខ្លះ​ទៀត​នៅ​ស្រុក​ទីរ៉ុស
និង​ខ្លះ​ទៀត​នៅ​ស្រុក​អេត្យូពី”
5 ប៉ុន្តែ ចំពោះ​ក្រុង​ស៊ីយ៉ូន​វិញ​គេ​ពោល​ថា
“យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​កើត​ចេញ
មក​ពី​ក្រុង​ស៊ីយ៉ូន!”
ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ធ្វើ​ឲ្យ​ក្រុង​នេះ​រឹង‌មាំ។
6 ព្រះ‌អម្ចាស់​រាប់​ចំនួន​ប្រជា‌រាស្ដ្រ​នានា​ចុះ​ក្នុង​បញ្ជី
ហើយ​សរសេរ​ថា ក្រុង​ស៊ីយ៉ូន​ជា​ស្រុក​កំណើត
របស់​ពួក​គេ​ទាំង​អស់​គ្នា។
7 ពេល​នោះ ទាំង​ពួក​អ្នក​ច្រៀង
ទាំង​ពួក​អ្នក​រាំ នឹង​ពោល​ឡើង​ថា
“ក្រុង​ស៊ីយ៉ូន​ជា​ប្រភព​នៃ​ព្រះ‌ពរ​របស់​យើង!”។