ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ១៥

មនុស្ស​ដែល​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ

1 ទំនុក​របស់​ស្តេច​ដាវីឌ។
ឱ​ព្រះ‌អម្ចាស់​អើយ
តើ​នរណា​អាច​ស្នាក់​នៅ​ក្នុង​ព្រះ‌ពន្លា
របស់​ព្រះ‌អង្គ​បាន?
តើ​នរណា​អាច​ស្ថិត​នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ*
របស់​ព្រះ‌អង្គ​បាន?
2 គឺ​មាន​តែ​មនុស្ស​ឥត​សៅ‌ហ្មង
ដែល​ប្រព្រឹត្ត​អំពើ​សុចរិត
ហើយ​និយាយ​តែ​សេចក្ដី​ពិត​ដែល​មាន​នៅ
ក្នុង​ដួង‌ចិត្ត​របស់​ខ្លួន​ប៉ុណ្ណោះ ទើប​អាច​នៅ​បាន។
3 គេ​មិន​និយាយ​មួល​បង្កាច់
មិន​ធ្វើ​បាប​អ្នក​ដ៏ទៃ
ហើយ​ក៏​មិន​បង្អាប់‌បង្អោន​កិត្តិយស
បង‌ប្អូន​រួម​ជាតិ​របស់​ខ្លួន​ដែរ។
4 គេ​មិន​រាប់​រក​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់
មិន​គាប់​ព្រះ‌ហឫទ័យ​នោះ​ឡើយ
តែ​គេ​លើក​កិត្តិយស​អស់​អ្នក​ដែល​គោរព
កោត​ខ្លាច​ព្រះ‌អម្ចាស់។
បើ​គេ​សន្យា​អ្វី​មួយ
ទោះ​បី​ត្រូវ​ខាត​បង់​យ៉ាង​ណា​ក៏​ដោយ
ក៏​គេ​នៅ​តែ​គោរព​តាម​ពាក្យ​សម្ដី​របស់​ខ្លួន​ជា‌និច្ច។
5 គេ​ឲ្យ​ប្រាក់​អ្នក​ដទៃ​ខ្ចី ដោយ​មិន​យក​ការ
ហើយ​គេ​ក៏​មិន​ព្រម​ទទួល​សំណូក
ដើម្បី​ដាក់​ទោស​ជន​ស្លូត​ត្រង់​ដែរ។
អ្នក​ណា​ប្រព្រឹត្ត​ដូច្នេះ
អ្នក​នោះ​នឹង​បាន​សុខ​ជា‌និច្ច។