ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ១០១

ពាក្យ​សន្យា​របស់​ព្រះ‌រាជា

1 ទំនុក‌តម្កើង​របស់​ស្តេច​ដាវីឌ។
ទូល‌បង្គំ​នឹង​ច្រៀង​រៀប​រាប់​អំពី
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​យុត្តិធម៌
ព្រះ‌អម្ចាស់​អើយ
ទូល‌បង្គំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ។
2 ទូល‌បង្គំ​នឹង​យក​ចិត្ត​ទុក​ដាក់
អំពី​មាគ៌ា​ដ៏​ទៀង​ត្រង់។
តើ​ដល់​ពេល​ណា​ទើប​ព្រះ‌អង្គ
យាង​មក​រក​ទូល‌បង្គំ?
ទូល‌បង្គំ​នឹង​រស់​នៅ​ក្នុង​គ្រួសារ​របស់​ទូល‌បង្គំ
ដោយ​កាន់​ចិត្ត​ទៀង​ត្រង់។
3 ទូល‌បង្គំ​មិន​ពេញ​ចិត្ត​នឹង​អំពើ​អាក្រក់
ណា​មួយ​ជា​ដាច់​ខាត
ទូល‌បង្គំ​មិន​ចូល​ចិត្ត​នឹង​អាកប្ប‌កិរិយា
របស់​អស់​អ្នក​ដែល​ក្បត់​ព្រះ‌អង្គ​ឡើយ
គឺ​ទូល‌បង្គំ​មិន​ចង់​ជាប់​ពាក់‌ព័ន្ធ
នឹង​អាកប្ប‌កិរិយា​បែប​នេះ​ទេ។
4 ទូល‌បង្គំ​មិន​ទុក​ឲ្យ​មនុស្ស
ដែល​មាន​ចិត្ត​វៀច‌វេរ
ចូល​ជិត​ទូល‌បង្គំ​ឡើយ
ហើយ​ទូល‌បង្គំ​ក៏​មិន​ទាក់‌ទង​នឹង​អ្វីៗ
ដែល​អាក្រក់​ដែរ។
5 ទូល‌បង្គំ​នឹង​បំបិទ​មាត់​អស់​អ្នក​ដែល​និយាយ​អាក្រក់
ពី​ក្រោយ​ខ្នង​បង‌ប្អូន​របស់​ខ្លួន
ទូល‌បង្គំ​នឹង​មិន​យោគ‌យល់​ដល់​អស់​អ្នក
ដែល​វាយ‌ឫក​ខ្ពស់
ហើយ​មាន​ចិត្ត​អួត​បំប៉ោង​នោះ​ឡើយ។
6 ទូល‌បង្គំ​នឹង​ស្វែង​រក​អស់​អ្នក​ដែល​មាន​ចិត្ត
ស្មោះ‌ត្រង់​នៅ​ក្នុង​ស្រុក
ដើម្បី​រស់​នៅ​ជា​មួយ​ទូល‌បង្គំ
ហើយ​នរណា​ដើរ​តាម​មាគ៌ា​ទៀង​ត្រង់
ទូល‌បង្គំ​នឹង​ឲ្យ​គេ​ធ្វើ​ជា​ជំនិត​របស់​ទូល‌បង្គំ។
7 រីឯ​មនុស្ស​បោក​ប្រាស់​វិញ ទូល‌បង្គំ​មិន​អនុញ្ញាត
ឲ្យ​រស់​នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ​ឡើយ
ហើយ​អ្នក​និយាយ​កុហក
ក៏​មិន​អាច​នៅ​ជិត​ទូល‌បង្គំ​បាន​ដែរ។
8 រាល់​ព្រឹក ទូល‌បង្គំ​បំបិទ​មាត់​មនុស្ស​អាក្រក់
ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក
ទូល‌បង្គំ​ដក​ពួក​ទុច្ចរិត
ចេញ​ពី​ទីក្រុង​របស់​ព្រះ‌អម្ចាស់។