ជំពូក ១
ភាគទីមួយ
(ទំនុកតម្កើង ១-៤១)
សុភមង្គលដ៏ពិតប្រាកដ
1 មានសុភមង្គលហើយ
អ្នកដែលមិនដើរតាម
ដំបូន្មានរបស់មនុស្សពាល
មិនឈរក្នុងមាគ៌ារបស់មនុស្សបាប
ហើយក៏មិនអង្គុយរួមជាមួយពួកអ្នកចំអកឡកឡឺយ
2 ផ្ទុយទៅវិញ គេចូលចិត្តនឹងវិន័យរបស់
ព្រះអម្ចាស់ ព្រមទាំងសញ្ជឹងគិតអំពីវិន័យ*
របស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។
3 អ្នកនោះប្រៀបបាននឹងដើមឈើ
ដុះនៅក្បែរផ្លូវទឹក
ដែលផ្តល់ផលផ្លែតាមរដូវកាល
ហើយមានស្លឹកមិនចេះស្លោកស្រពោន
អ្វីៗដែលគាត់ធ្វើសុទ្ធតែបានចម្រុងចម្រើនទាំងអស់។
4 រីឯមនុស្សពាលវិញ មិនដូច្នោះទេ
គឺពួកគេប្រៀបបាននឹងអង្កាម
ដែលត្រូវខ្យល់ផាត់បាត់ទៅ។
5 នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោស
មនុស្សពាលពុំអាចក្រោកឈរឡើយ
ហើយមនុស្សបាបក៏ពុំអាចស្ថិតនៅក្នុងចំណោម
មនុស្សសុចរិត*ដែរ។
6 ដ្បិតព្រះអម្ចាស់ស្គាល់មាគ៌ារបស់មនុស្សសុចរិត
រីឯមាគ៌ារបស់មនុស្សពាលវិញ
នាំឲ្យខ្លួនវិនាសអន្តរាយ។