ជំពូក ៦៤
ព្រះអម្ចាស់ដាក់ទោសមនុស្សពោលពាក្យទុច្ចរិត
1 បទពីសៀវភៅរបស់គ្រូចម្រៀង។
ទំនុករបស់ស្តេចដាវីឌ។
2 ឱព្រះជាម្ចាស់អើយ
សូមព្រះអង្គព្រះសណ្ដាប់ទំនួញ
របស់ទូលបង្គំ!
ទូលបង្គំភ័យខ្លាចខ្មាំងសត្រូវណាស់
សូមការពារជីវិតទូលបង្គំផង!។
3 សូមការពារទូលបង្គំឲ្យរួចផុត
ពីការឃុបឃិតរបស់មនុស្សអាក្រក់
និងឲ្យទូលបង្គំបានរួចផុត
ពីកណ្ដាប់ដៃរបស់ពួកមនុស្សពាល។
4 គេប្រើពាក្យសម្ដី ដូចដាវដ៏មុត
ពួកគេចោលពាក្យសម្ដី ដូចគេចោលលំពែង។
5 ពួកគេលួចប្រហារមនុស្សទៀងត្រង់
គឺគេប្រហារមិនឲ្យដឹងខ្លួន
ហើយពួកគេមិនខ្លាចក្រែងអ្វីឡើយ។
6 ពួកគេនិយាយលើកទឹកចិត្តគ្នា
ឲ្យប្រព្រឹត្តអំពើអាក្រក់
ពួកគេគិតគ្នាពីការលបដាក់អន្ទាក់
ចាំចាប់អ្នកដទៃ ទាំងពោលថា
«គ្មាននរណាឃើញទេ!»។
7 គេនាំគ្នាបង្កអំពើទុច្ចរិត ទាំងពោលថា៖
«ឥឡូវនេះ យើងរៀបចំផែនការ
របស់យើងយ៉ាងល្អរួចរាល់ហើយ!»។
គ្មាននរណាអាចយល់គំនិតអប្រិយ
នៅក្នុងជម្រៅចិត្តរបស់មនុស្សបានទេ!
8 ប៉ុន្តែ ព្រះជាម្ចាស់នឹងប្រហារពួកគេ
ដោយមិនឲ្យដឹងខ្លួនជាមុន
ពួកគេក៏របួសដួល។
9 ពាក្យសម្ដីរបស់ពួកគេបានធ្វើឲ្យខ្លួនវិនាស
អស់អ្នកដែលឃើញពួកគេ នឹងនាំគ្នាគ្រវីក្បាល។
10 មនុស្សលោកទាំងអស់នឹងនាំគ្នាកោតស្ញប់ស្ញែង
គេប្រកាសពីស្នាព្រះហស្ដរបស់ព្រះអង្គ
គេយល់អំពីកិច្ចការដែលព្រះអង្គបានធ្វើ។
11 សូមឲ្យមនុស្សសុចរិតមានអំណរសប្បាយ
ដោយសារព្រះអម្ចាស់
ហើយនាំគ្នាមកជ្រកកោនជាមួយព្រះអង្គ
សូមឲ្យអស់អ្នកដែលមានចិត្តទៀងត្រង់
លើកតម្កើងព្រះអង្គ។