ជំពូក ១៥០
ចូរឲ្យអ្វីៗទាំងអស់ដែលមានដង្ហើមចេញចូល សរសើរតម្កើងព្រះអម្ចាស់!
1 ហាលេលូយ៉ា!
ចូរសរសើរតម្កើង
ព្រះជាម្ចាស់នៅក្នុងកន្លែងដ៏វិសុទ្ធ!
ចូរសរសើរតម្កើងព្រះអង្គនៅក្នុងលំហអាកាស
ដែលជាព្រះដំណាក់ដ៏រឹងមាំរបស់ព្រះអង្គ!
2 ចូរសរសើរតម្កើងព្រះអង្គ
ចំពោះស្នាព្រះហស្ដដ៏អស្ចារ្យ!
ចូរសរសើរតម្កើងព្រះអង្គ
ដ្បិតព្រះអង្គប្រសើរឧត្តុង្គឧត្ដមបំផុត!
3 ចូរសរសើរតម្កើងព្រះអង្គដោយសំឡេងត្រែ
ចូរសរសើរតម្កើងព្រះអង្គ
ដោយដេញចាប៉ី និងដេញពិណ!
4 ចូរសរសើរតម្កើងព្រះអង្គ
ដោយវាយក្រាប់ និងរាំរបាំ!
ចូរសរសើរតម្កើងព្រះអង្គ
ដោយវាយឃឹម និងផ្លុំខ្លុយ!
5 ចូរសរសើរតម្កើងព្រះអង្គ
ដោយវាយស្គរយ៉ាងពីរោះ!
ចូរសរសើរតម្កើងព្រះអង្គ
ដោយវាយស្គរឲ្យលាន់ឮរំពង!
6 ចូរឲ្យអ្វីៗទាំងអស់ដែលមានដង្ហើមចេញចូល
សរសើរតម្កើងព្រះអម្ចាស់!
ហាលេលូយ៉ា!