ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ២៨

ពាក្យ​អធិស្ឋាន​នៅ​ពេល​មាន​ជំងឺ

1 ទំនុក​របស់​ស្តេច​ដាវីឌ។
ឱ​ព្រះ‌អម្ចាស់​អើយ!
ទូល‌បង្គំ​ស្រែក​អង្វរ​រក​ព្រះ‌អង្គ
ឱ​ព្រះ​ជា​ថ្ម‌ដា​នៃ​ទូល‌បង្គំ​អើយ
សូម​ព្រះ‌សណ្ដាប់​សម្រែក​របស់​ទូល‌បង្គំ​ផង!
ប្រសិន​បើ​ព្រះ‌អង្គ​នៅ​ស្ងៀម
មិន​ឆ្លើយ​នឹង​ទូល‌បង្គំ​ទេ​នោះ
ទូល‌បង្គំ​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​មិន​ខាន!
2 ពេល​ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ
ពេល​ទូល‌បង្គំ​លើក​ដៃ​ឆ្ពោះ​ទៅ​កាន់​ទី‌សក្ការៈ
របស់​ព្រះ‌អង្គ
សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ
របស់​ទូល‌បង្គំ​ផង។
3 សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​វិនាស​បាត់​ទៅ
ដូច​មនុស្ស​ពាល និង​មនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
ដែល​និយាយ​រាក់‌ទាក់​ជា​មួយ​អ្នក​ដទៃ
តែ​មាន​កល‌ល្បិច​នៅ​ក្នុង​ខ្លួន​នោះ​ឡើយ។
4 សូម​ដាក់​ទោស​អ្នក​ទាំង​នោះ
ឲ្យ​សម​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត
និង​ល្បិច​កិច្ច‌កល​របស់​គេ
សូម​ដាក់​ទោស​គេ​សម​នឹង​ស្នាដៃ​របស់​ខ្លួន
សូម​ឲ្យ​គេ​ទទួល​ផល​សម​នឹង​ទោស​របស់​ខ្លួន
5 ដ្បិត​អ្នក​ទាំង​នោះ​មិន​យល់​អំពី​កិច្ច‌ការ
របស់​ព្រះ‌អម្ចាស់
ជា​ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​នោះ​ទេ។
សូម​ព្រះ‌អង្គ​រំលំ​ពួក​គេ
កុំ​ឲ្យ​ងើប​ឡើង​វិញ​ឡើយ!។
6 សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!
ដ្បិត​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​ដែល​ខ្ញុំ​ស្រែក​អង្វរ។
7 ព្រះ‌អម្ចាស់​ជា​កម្លាំង និង​ជា​ខែល​ការ‌ពារ​ខ្ញុំ
ខ្ញុំ​ទុក​ចិត្ត​លើ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ជួយ​សង្គ្រោះ​ខ្ញុំ
ខ្ញុំ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង
ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​បទ​ចម្រៀង!។
8 ព្រះ‌អម្ចាស់​ការ‌ពារ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​ជា​កំពែង​សម្រាប់​សង្គ្រោះ​ស្តេច
ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិសេក។
9 សូម​សង្គ្រោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
សូម​ប្រទាន​ពរ​ដល់​កូន​ចៅ​របស់​ព្រះ‌អង្គ
សូម​ព្រះ‌អង្គ​ធ្វើ​ជា​គង្វាល​ថែ‌រក្សា​ពួក​គេ
រហូត​ត​រៀង​ទៅ!។