ជំពូក ១៣០
ពីក្នុងរណ្ដៅដ៏ជ្រៅ ទូលបង្គំស្រែកអង្វរព្រះអង្គ
1 បទចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។
ឱព្រះអម្ចាស់អើយ ពីក្នុងរណ្ដៅដ៏ជ្រៅ
ទូលបង្គំស្រែកអង្វរព្រះអង្គ
2 ព្រះអម្ចាស់អើយ
សូមព្រះអង្គព្រះសណ្ដាប់ទូលបង្គំផង!
សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យ
ដែលទូលបង្គំទទូចអង្វរ!
3 ឱព្រះអម្ចាស់អើយ
ប្រសិនបើព្រះអង្គចងចាំកំហុស
របស់យើងខ្ញុំទុកនោះ
គ្មាននរណាម្នាក់អាចរួចខ្លួនឡើយ។
4 ប៉ុន្តែ ព្រះអង្គតែងតែអត់ទោសឲ្យយើងខ្ញុំជានិច្ច
ដើម្បីឲ្យយើងខ្ញុំគោរពកោតខ្លាចព្រះអង្គ។
5 ខ្ញុំទុកចិត្តលើព្រះអម្ចាស់
ផ្ញើជីវិតលើព្រះអង្គទាំងស្រុង
ហើយខ្ញុំសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។
6 ខ្ញុំទន្ទឹងរង់ចាំព្រះអម្ចាស់
ជាងអ្នកយាមរង់ចាំពេលព្រឹកទៅទៀត
ពិតមែនហើយ ខ្ញុំរង់ចាំព្រះអង្គជាងអ្នកយាម
រង់ចាំពេលព្រឹកទៅទៀត។
7 អ៊ីស្រាអែលអើយ ចូរទុកចិត្តលើព្រះអម្ចាស់
ដ្បិតព្រះអង្គប្រកបដោយ
ព្រះហឫទ័យមេត្តាករុណា
ហើយព្រះអង្គសព្វព្រះហឫទ័យរំដោះអ្នកជានិច្ច!
8 ព្រះអង្គនឹងរំដោះអ៊ីស្រាអែល
ឲ្យរួចពីកំហុសទាំងប៉ុន្មាន
ដែលគេបានប្រព្រឹត្ត។