ជំពូក ១៤០
ពាក្យអធិស្ឋានរបស់អ្នកដែលត្រូវគេមួលបង្កាច់
1 ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។
ទំនុករបស់ស្តេចដាវីឌ។
2 ឱព្រះអម្ចាស់អើយ សូមរំដោះទូលបង្គំ
ឲ្យរួចពីមនុស្សអាក្រក់
សូមការពារទូលបង្គំឲ្យផុត
ពីមនុស្សឃោរឃៅ។
3 អ្នកទាំងនោះគិតតែពីប្រព្រឹត្តអំពើអាក្រក់
ហើយស្វែងរកជម្លោះជារៀងរាល់ថ្ងៃ!
4 អណ្ដាតរបស់គេប្រៀបបាននឹងដាវដ៏មុត
មាត់របស់គេពោរពេញទៅដោយពិស
ដូចពស់វែក។ - សម្រាក
5 ឱព្រះអម្ចាស់អើយ សូមការពារទូលបង្គំ
កុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃ
របស់មនុស្សអាក្រក់!
សូមការពារទូលបង្គំឲ្យរួចផុតពីមនុស្ស
ឃោរឃៅដែលឃុបឃិតគ្នា
ចង់ផ្តួលរំលំទូលបង្គំ!
6 មនុស្សអួតអាងនាំគ្នាដាក់ចម្រូង
និងបង្កប់ខ្សែចាំទាក់ទូលបង្គំ
ពួកគេរាយអន្ទាក់នៅតាមផ្លូវ
ហើយជីករណ្ដៅចាំចាប់ទូលបង្គំ។ - សម្រាក
7 ខ្ញុំទូលព្រះអម្ចាស់ថា: ព្រះអង្គជាព្រះនៃទូលបង្គំ!
ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌
ស្ដាប់ទូលបង្គំទទូចអង្វរព្រះអង្គ!
8 ព្រះជាអម្ចាស់អើយ
ព្រះអង្គសង្គ្រោះដោយព្រះចេស្ដារបស់ព្រះអង្គ
នៅពេលធ្វើសឹកសង្គ្រាម
ព្រះអង្គការពារទូលបង្គំ។
9 ឱព្រះអម្ចាស់អើយ
សូមកុំឲ្យចិត្តប៉ងប្រាថ្នារបស់មនុស្សអាក្រក់
បានសម្រេចឡើយ
ហើយកុំបណ្តោយឲ្យផែនការ
របស់គេបានជោគជ័យឲ្យសោះ។ - សម្រាក
10 សូមកុំឲ្យអស់អ្នកដែលឡោមព័ទ្ធទូលបង្គំ
មានជ័យជម្នះ
តែឲ្យពាក្យដែលពួកគេដាក់បណ្ដាសាទូលបង្គំ
បានធ្លាក់ទៅលើពួកគេវិញ!
11 សូមឲ្យមានរងើកភ្លើងដ៏ឆ្អិនឆ្អៅ
ស្រោចទៅលើពួកគេ
ហើយសូមច្រានពួកគេទំលាក់ទៅក្នុងឡភ្លើង
ដែលគេពុំអាចឡើងមកវិញបានឡើយ។
12 សូមកុំឲ្យអ្នកមួលបង្កាច់គេ
អាចនៅស្ថិតស្ថេរលើផែនដីបាន
សូមឲ្យទុក្ខវេទនាតាមយាយីមនុស្សឃោរឃៅ
ឥតឈប់ឈរឡើយ។
13 ខ្ញុំដឹងថាព្រះអម្ចាស់រកយុត្តិធម៌ឲ្យមនុស្សកំសត់ទុរគត
ព្រះអង្គការពារមនុស្សក្រីក្រ។
14 ពិតមែនហើយ មនុស្សសុចរិតនឹងនាំគ្នាលើក
តម្កើងព្រះនាមរបស់ព្រះអង្គ
ហើយមនុស្សសុចរិតនឹងឃើញព្រះភ័ក្ត្រព្រះអង្គ។