ជំពូក ៣៩
ពាក្យសារភាពរបស់មនុស្សឈឺចុកចាប់
1 ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។
សម្រាប់លោកយេឌូថិន។ ទំនុករបស់ស្តេចដាវីឌ។
2 ខ្ញុំគិតថា ខ្ញុំនឹងប្រយ័ត្នប្រយែង
ចំពោះអំពើដែលខ្ញុំប្រព្រឹត្ត
ក្រែងលោខ្ញុំមានបាប ព្រោះតែពាក្យសម្ដី។
ដរាបណាមានមនុស្សអាក្រក់នៅក្បែរខ្ញុំ
ខ្ញុំនឹងមិននិយាយស្តីអ្វីសោះឡើយ។
3 ខ្ញុំបិទមាត់នៅស្ងៀម
គឺទោះបីការល្អក៏ខ្ញុំមិននិយាយដែរ!
ដូច្នេះ ខ្ញុំកាន់តែឈឺចុកចាប់ឥតឧបមា!។
4 ខ្ញុំក្ដៅជាខ្លាំង ហាក់ដូចជាមានភ្លើងឆេះ
នៅក្នុងខ្លួន រហូតដល់ទ្រាំលែងបានទៀត
ខ្ញុំក៏ពោលឡើងថា:
5 ឱព្រះអម្ចាស់អើយ
សូមប្រាប់ឲ្យទូលបង្គំដឹងថ្ងៃចុងក្រោយ
នៃជីវិតរបស់ទូលបង្គំផង
តើទូលបង្គំអាចរស់បានប៉ុន្មានថ្ងៃទៀត
តើជីវិតទូលបង្គំផុយដល់កម្រិតណា?។
6 ព្រះអង្គបានបង្កើតជីវិតទូលបង្គំមក
ដូចទឹកដក់លើស្លឹកឈូក
គឺជីវិតទូលបង្គំខ្លីបំផុតនៅចំពោះព្រះភ័ក្ត្រព្រះអង្គ
ពិតមែនហើយ ជីវិតរបស់មនុស្សលោក
ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ - សម្រាក
7 ជីវិតមនុស្សរសាត់បាត់ទៅប្រៀបបីដូចជាស្រមោល
អ្វីៗដែលគេខិតខំធ្វើ
សុទ្ធតែឥតបានការ
គេប្រមូលទ្រព្យសម្បត្តិទុក
តែគេពុំដឹងថាទ្រព្យសម្បត្តិនោះ
នឹងបានទៅលើនរណាឡើយ។
8 ឱព្រះអម្ចាស់អើយ
បើដូច្នេះ តើឲ្យទូលបង្គំទន្ទឹងរង់ចាំអ្វី?
មានតែព្រះអង្គទេ
ដែលជាទីសង្ឃឹមរបស់ទូលបង្គំ។
9 សូមរំដោះទូលបង្គំឲ្យរួចពីអំពើបាប
ទាំងប៉ុន្មានដែលទូលបង្គំបានប្រព្រឹត្ត!
សូមកុំទុកឱកាសឲ្យមនុស្សល្ងីល្ងើ
មាក់ងាយទូលបង្គំបានឡើយ។
10 ទូលបង្គំនៅស្ងៀម មិននិយាយស្តីអ្វីទេ
ដ្បិតព្រះអង្គទេតើដែលបានធ្វើទោសទូលបង្គំ។
11 សូមកុំធ្វើទារុណកម្មទូលបង្គំទៀតឡើយ!
ដ្បិតទូលបង្គំស្ទើរតែស្លាប់
ដោយព្រះអង្គវាយទូលបង្គំ។
12 ពេលព្រះអង្គវាយប្រដៅមនុស្សណាម្នាក់
ដែលបានធ្វើខុស
ព្រះអង្គធ្វើឲ្យអ្វីៗដែលអ្នកនោះចូលចិត្ត
ត្រូវវិនាសហិនហោចដូចកណ្ដៀរស៊ីដែរ។
ពិតមែនហើយ ជីវិតមនុស្សលោក
ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ - សម្រាក
13 ឱព្រះអម្ចាស់អើយ
សូមព្រះសណ្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ
សូមផ្ទៀងព្រះកាណ៌ស្ដាប់សម្រែករបស់ទូលបង្គំផង
សូមកុំព្រងើយកន្តើយនឹងទំនួញ
យំសោករបស់ទូលបង្គំឡើយ
ដ្បិតទូលបង្គំគ្រាន់តែស្នាក់នៅ
ជាបណ្តោះអាសន្នជាមួយព្រះអង្គ
ដូចបុព្វបុរសរបស់ទូលបង្គំប៉ុណ្ណោះ។
14 សូមបែរព្រះភ័ក្ត្រចេញពីទូលបង្គំ
ដើម្បីឲ្យទូលបង្គំស្រឡះមុខបន្តិច
មុននឹងទូលបង្គំលាចាកលោកនេះ
រលាយសូន្យបាត់ទៅ។