ជំពូក ១០៨
ខ្ញុំដាស់ព្រះអាទិត្យឲ្យរះឡើង
1 បទចម្រៀងតម្កើងព្រះជាម្ចាស់។
ទំនុកតម្កើងរបស់ស្តេចដាវីឌ។
2 ឱព្រះជាម្ចាស់អើយ ទូលបង្គំ
ត្រៀមចិត្តគំនិតជាស្រេច!
ទូលបង្គំនឹងច្រៀង
ទូលបង្គំនឹងស្មូត្រទំនុកតម្កើងអស់ពីដួងចិត្ត!
3 ឱឃឹម និងពិណរបស់ខ្ញុំអើយ ចូរភ្ញាក់ឡើង!
ខ្ញុំដាស់ព្រះអាទិត្យឲ្យរះ
4 ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងលើកតម្កើង
ព្រះអង្គក្នុងចំណោមប្រជាជនទាំងឡាយ
ទូលបង្គំនឹងស្មូត្រទំនុកតម្កើង
ថ្វាយព្រះអង្គក្នុងចំណោមប្រជាជាតិនានា
5 ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
ខ្ពស់រហូតដល់ផ្ទៃមេឃ
ហើយព្រះហឫទ័យស្មោះស្ម័គ្រ
របស់ព្រះអង្គខ្ពស់ដល់អាកាសវេហាស៍។
6 ឱព្រះជាម្ចាស់អើយ សូមបង្ហាញភាពថ្កុំថ្កើង
ឧត្តុង្គឧត្ដមរបស់ព្រះអង្គនៅលើផ្ទៃមេឃ
ហើយសូមឲ្យសិរីរុងរឿងរបស់ព្រះអង្គ
ភ្លឺចែងចាំងនៅលើផែនដីទាំងមូល!
7 សូមយាងមកសង្គ្រោះយើងខ្ញុំ
ដោយឫទ្ធិបារមីរបស់ព្រះអង្គ
សូមឆ្លើយតបនឹងយើងខ្ញុំផង
ដើម្បីឲ្យប្រជាជនជាទីស្រឡាញ់
របស់ព្រះអង្គបានរួចជីវិត!
8 ព្រះជាម្ចាស់មានព្រះបន្ទូលពីទីសក្ការៈ
របស់ព្រះអង្គមកថា:
«យើងនឹងយកជ័យជម្នះ
យើងនឹងបែងចែកស្រុកស៊ីគែម
យើងនឹងវាស់ជ្រលងភ្នំស៊ូកូត
ចែកប្រជារាស្ដ្ររបស់យើង។
9 កាឡាតជាទឹកដីរបស់យើង
ហើយម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ
អេប្រាអ៊ីមប្រៀបដូចជាមួកដែករបស់យើង
ហើយយូដាជាដំបងរាជ្យរបស់យើង។
10 ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើង
យើងបោះស្បែកជើងយើងលើទឹកដីអេដុម
ដើម្បីបញ្ជាក់ថាយើងជាម្ចាស់លើទឹកដីនេះ។
យើងនឹងស្រែកប្រកាសសង្គ្រាម
ប្រឆាំងនឹងស្រុកភីលីស្ទីន!»។
11 តើនរណាអាចនាំខ្ញុំចូលទៅក្នុងទីក្រុង
ដ៏រឹងមាំបាន?
តើនរណាអាចនាំខ្ញុំចូលទៅក្នុងស្រុកអេដុម?
12 ឱព្រះជាម្ចាស់អើយ!
មានតែព្រះអង្គទេដែលអាចនាំយើងខ្ញុំ
ប៉ុន្តែ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ
ព្រះអង្គឈប់យាងទៅជាមួយកងទ័ព
យើងខ្ញុំទៀតហើយ។
13 សូមជួយយើងខ្ញុំឲ្យប្រឆាំងតទល់
នឹងពួកសត្រូវផង
ដ្បិតការសង្គ្រោះមកពីមនុស្សលោក
ឥតប្រយោជន៍អ្វីសោះ។
14 បើព្រះជាម្ចាស់គង់នៅជាមួយយើង
នោះយើងនឹងមានជ័យជម្នះ
ដ្បិតព្រះអង្គនឹងបង្ក្រាបបច្ចាមិត្ត
របស់យើងឲ្យរាប។