ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៤៧

ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា​ក្សត្រ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត

1 ទំនុក​ពី​សៀវភៅ​គ្រូ​ចម្រៀង។ ទំនុក​របស់​កូន​ចៅ​លោក​កូរេ។
2 ប្រជាជន​ទាំង‌ឡាយ​អើយ
ចូរ​ទះ​ដៃ​អបអរ‌សាទរ!
ចូរ​ច្រៀង​តម្កើង​ព្រះ‌ជាម្ចាស់
ដោយ​សប្បាយ​រីក‌រាយ!
3 ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
ព្រះ‌អង្គ​ជា​ទី​កោត​ស្ញប់‌ស្ញែង​ក្រៃ‌លែង
ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រ​ដ៏​ឧត្ដម
ដែល​គ្រង​រាជ្យ​លើ​ផែន‌ដី​ទាំង​មូល។
4 ព្រះ‌អង្គ​បាន​បង្ក្រាប​ជាតិ​សាសន៍​នានា
ឲ្យ​ធ្វើ​ជា​ចំណុះ​យើង
ហើយ​ដាក់​ប្រជា‌ជាតិ​នានា
ឲ្យ​ស្ថិត​នៅ​ក្រោម​អំណាច​យើង។
5 ព្រះ‌អង្គ​បាន​ជ្រើស‌រើស​ទឹក​ដី
ឲ្យ​យើង​ទុក​ជា​មត៌ក
ធ្វើ​ឲ្យ​យើង​ខ្ពស់​មុខ​ក្រៃ‌លែង
គឺ​យើង​ជា​ពូជ‌ពង្ស​លោក​យ៉ាកុប
ដែល​ព្រះ‌អង្គ​ស្រឡាញ់។ - សម្រាក
6 ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​យាង​ឡើង​ទៅ​ភ្នំ​ស៊ីយ៉ូន
ក្រោម​សំឡេង​អបអរ‌សាទរ​យ៉ាង​ខ្ញៀវ‌ខ្ញារ
ព្រះ‌អម្ចាស់​យាង​ទៅ​មុខ អម​ដោយ​សំឡេង​ត្រែ។
7 ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌ជាម្ចាស់!
ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុក‌តម្កើង
ថ្វាយ​ព្រះ‌មហា​ក្សត្រ​នៃ​យើង!
8 ដ្បិត​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌មហា​ក្សត្រ
នៃ​ផែន‌ដី​ទាំង​មូល
ចូរ​នាំ​គ្នា​ស្មូត្រ​កំណាព្យ​ថ្វាយ​ព្រះ‌អង្គ​ទៅ!។
9 ព្រះ‌ជាម្ចាស់​គ្រង​រាជ្យ​លើ​ប្រជា‌ជាតិ​នានា
ព្រះ‌អង្គ​គង់​នៅ​លើ​បល្ល័ង្ក​ដ៏‌វិសុទ្ធ*។
10 អ្នក​ដឹក​នាំ​របស់​ប្រជា‌ជាតិ​នានា មក​ជួប‌ជុំ​គ្នា
ជា​មួយ​ប្រជាជន​នៃ​ព្រះ​របស់​លោក​អប្រា‌ហាំ
ដ្បិត​អ្នក​ដឹក​នាំ​ផែន‌ដី​ទាំង​មូល
ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​ជា​ម្ចាស់​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់!។