ជំពូក ៥
ពាក្យអធិស្ឋានសូមព្រះជាម្ចាស់ការពារ
1 ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។
កំដរដោយខ្លុយ។
ទំនុករបស់ស្តេចដាវីឌ។
2 ឱព្រះអម្ចាស់អើយ
សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំ!
សូមព្រះអង្គព្រះសណ្ដាប់សម្រែកឈឺចាប់
របស់ទូលបង្គំផង។
3 ឱព្រះជាម្ចាស់ ជាព្រះមហាក្សត្រនៃទូលបង្គំអើយ
សូមយកព្រះហឫទ័យទុកដាក់នឹងសូរសម្រែក
របស់ទូលបង្គំផង
ដ្បិតទូលបង្គំអធិស្ឋានរកព្រះអង្គ។
4 ឱព្រះអម្ចាស់អើយ! នៅពេលព្រឹក
ព្រះអង្គព្រះសណ្ដាប់សំឡេងរបស់ទូលបង្គំ
ទូលបង្គំចូលមកគាល់
ហើយនៅរង់ចាំព្រះអង្គតាំងពីព្រលឹម។
5 ព្រះអង្គមិនមែនជាព្រះដែលសព្វព្រះហឫទ័យ
នឹងអំពើទុច្ចរិតនោះទេ
អំពើអាក្រក់ពុំអាចនៅក្បែរព្រះអង្គបានឡើយ។
6 ព្រះអង្គមិនចង់ឃើញមនុស្សព្រហើន
ចូលមកជិតព្រះអង្គទេ
ព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងមនុស្ស
ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។
7 ព្រះអង្គនឹងធ្វើឲ្យពួកកុហកវិនាសសាបសូន្យ។
ព្រះអម្ចាស់ស្អប់ខ្ពើមអ្នកបង្ហូរឈាម
និងអ្នកមានល្បិចកល។
8 រីឯទូលបង្គំវិញ
ទូលបង្គំចូលមកក្នុងព្រះដំណាក់របស់ព្រះអង្គបាន
ដោយសារតែព្រះអង្គមានព្រះហឫទ័យសប្បុរស
យ៉ាងខ្លាំងចំពោះទូលបង្គំ
ទូលបង្គំសូមក្រាបថ្វាយបង្គំព្រះអង្គ
ដោយបែរមុខតម្រង់ទៅរកព្រះវិហារដ៏វិសុទ្ធ
របស់ព្រះអង្គទាំងគោរពកោតខ្លាច។
9 ឱព្រះអម្ចាស់អើយ
មានមនុស្សជាច្រើនប្រឆាំងនឹងទូលបង្គំ!
សូមដឹកនាំទូលបង្គំឲ្យធ្វើតាមព្រះហឫទ័យ
របស់ព្រះអង្គ
សូមពង្រាបផ្លូវរបស់ព្រះអង្គនៅមុខទូលបង្គំផង។
10 អ្នកទាំងនោះមានពាក្យសម្ដីមិនទៀងទេ
គេគិតតែចង់បំផ្លិចបំផ្លាញ
អណ្ដាតរបស់គេគ្រលាស់ចេញនូវពាក្យបញ្ចើចបញ្ចើ
តែមានបង្កប់ទៅដោយពិសពុល
សម្រាប់ប្រហារជីវិត។
11 ឱព្រះជាម្ចាស់អើយ សូមដាក់ទោសគេទៅ!
សូមឲ្យគេវិនាសអន្តរាយ
ដោយសារគម្រោងការរបស់ខ្លួន
គេបានប្រព្រឹត្តអំពើអាក្រក់ច្រើនរាប់មិនអស់
ព្រោះគេបះបោរប្រឆាំងនឹងព្រះអង្គ
ដូច្នេះ សូមកាត់កាល់គេចោលទៅ។
12 រីឯអស់អ្នកដែលជ្រកកោនក្រោមម្លប់បារមីព្រះអង្គ
គេនឹងមានអំណរ
គេនឹងសប្បាយរីករាយរហូតតទៅ
ហើយព្រះអង្គនឹងរក្សាការពារគេ
អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ
នឹងសប្បាយរីករាយរួមជាមួយព្រះអង្គ។
13 ព្រះអម្ចាស់អើយ
ព្រះអង្គប្រទានពរឲ្យមនុស្សសុចរិត
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
ប្រៀបបាននឹងខែលការពារគេ។