ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៥៣

អ្នក​ជឿ​ព្រះ‌ជាម្ចាស់ និង​ពិភព‌លោក​ដ៏​អាក្រក់

1 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។
កំដរ​ដោយ​ខ្លុយ។ កំណាព្យ​របស់​ស្តេច​ដាវីឌ។

2 មនុស្ស​ឥត​គំនិត​តែង‌តែ​រិះ‌គិត​ថា
«គ្មាន​ព្រះ‌ជាម្ចាស់​ទេ»។
ពួក​គេ​ជា​មនុស្ស​ពាល
ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ
គឺ​គ្មាន​នរណា​ប្រព្រឹត្ត​អំពើ​ល្អ​ទាល់​តែ​សោះ។
3 ពី​ស្ថាន​បរម‌សុខ
ព្រះ‌ជាម្ចាស់​ទត​មើល​មក​មនុស្ស​លោក
ក្រែង​លោ​មាន​នរណា​ម្នាក់​មាន​ប្រាជ្ញា
ស្វែង​រក​ព្រះ‌អង្គ។
4 ក៏​ប៉ុន្តែ ពួក​គេ​សុទ្ធ​តែ​វង្វេង​ទាំង​អស់​គ្នា
ពួក​គេ​រួម​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ
គ្មាន​នរណា​ប្រព្រឹត្ត​អំពើ​ល្អ​ទាល់​តែ​សោះ
សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង។
5 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា
«តើ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
ពិត​ជា​មិន​យល់​អ្វី​ទាំង​អស់​ឬ?។
ពួក​គេ​ចិញ្ចឹម​ជីវិត
ដោយ​កេង‌ប្រវ័ញ្ច​ប្រជា‌រាស្ដ្រ​របស់​យើង
ហើយ​មិន​ដែល​គោរព​បម្រើ​យើង​ទាល់​តែ​សោះ»។
6 ទោះ​បី​គ្មាន​មូល​ហេតុ​អ្វី​គួរ​ឲ្យ​ភ័យ​ខ្លាច​ក៏​ដោយ
ក៏​គេ​នាំ​គ្នា​ភ័យ​ញាប់‌ញ័រ​ដែរ
ដ្បិត​ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ
របស់​ប្រជា‌រាស្ដ្រ​ព្រះ‌អង្គ​ស្លាប់​ចោល​ឆ្អឹង
ពួក​គេ​នឹង​ត្រូវ​អាម៉ាស់​មុខ
ព្រោះ​ព្រះ‌ជាម្ចាស់​បាន​កម្ចាត់‌កម្ចាយ​ពួក​គេ។
7 សូម​ឲ្យ​ព្រះ‌អង្គ​ដែល​គង់​នៅ​ក្រុង​ស៊ីយ៉ូន
សង្គ្រោះ​ជន​ជាតិ​អ៊ីស្រា‌អែល!
ពេល​ព្រះ‌ជាម្ចាស់​នាំ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ដែល​ជា​ឈ្លើយ​មក​ស្រុក​វិញ​
កូន​ចៅ​របស់​លោក​យ៉ាកុប
នឹង​បាន​ត្រេក‌អរ​យ៉ាង​ខ្លាំង
ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​នឹង​មាន​អំណរ
សប្បាយ​ដ៏​លើស‌លប់។