ជំពូក ១២២
សូមព្រះអម្ចាស់ប្រទានសន្តិភាពមកក្រុងយេរូសាឡឹម
1 បទចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។
ទំនុករបស់ស្តេចដាវីឌ។
ខ្ញុំមានអំណរខ្លាំងណាស់
នៅពេលគេប្រាប់ខ្ញុំថា:
ចូរយើងនាំគ្នាទៅព្រះដំណាក់របស់ព្រះអម្ចាស់!។
2 ក្រុងយេរូសាឡឹមអើយ
យើងនាំគ្នាឈានជើងចូលមកដល់មាត់ទ្វារ
របស់អ្នកហើយ!
3 យេរូសាឡឹមអើយ
អ្នកជាក្រុងមួយដែលសង់ឡើងយ៉ាងរឹងមាំ
និងមានកំពែងដ៏ល្អប្រណីតព័ទ្ធជុំវិញ។
4 កុលសម្ព័ន្ធនានារបស់ព្រះអម្ចាស់
នាំគ្នាឡើងមកទីនេះ
ដើម្បីលើកតម្កើងព្រះនាមព្រះអម្ចាស់
តាមច្បាប់របស់ជនជាតិអ៊ីស្រាអែល។
5 នៅទីនេះក៏មានបល្ល័ង្កនៃព្រះរាជវង្ស
របស់ស្តេចដាវីឌ
ដើម្បីគ្រប់គ្រងប្រជារាស្ដ្រ ដោយយុត្តិធម៌ដែរ។
6 ចូរនាំគ្នាទូលសូមព្រះអម្ចាស់ប្រទានសន្តិភាព
មកក្រុងយេរូសាឡឹម
សូមឲ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះ
អាចរស់នៅយ៉ាងសុខសាន្ត!
7 សូមឲ្យអ្នកដែលរស់នៅខាងក្នុងកំពែងក្រុង
បានប្រកបដោយសេចក្ដីសុខ
សូមឲ្យវិមាននានានៅក្នុងក្រុង
បានសុខក្សេមក្សាន្ត។
8 ដោយយល់ដល់បងប្អូន និងញាតិមិត្តរបស់ខ្ញុំ
ខ្ញុំពោលថា: សូមឲ្យក្រុងយេរូសាឡឹម
បានប្រកបដោយសេចក្ដីសុខសាន្ត!
9 ដោយយល់ដល់ព្រះដំណាក់
របស់ព្រះជាអម្ចាស់នៃយើង
ខ្ញុំទូលសូមឲ្យអ្នកបានប្រកបដោយសុភមង្គល!