ជំពូក ៥៤
សូមរកយុត្តិធម៌ឲ្យទូលបង្គំផង
1 ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។
ប្រគំជាមួយតន្ដ្រីដែលមានខ្សែ។
កំណាព្យរបស់ស្តេចដាវីឌ
2 នៅពេលដែលជនជាតិស៊ីភមកទូលស្តេចសាអ៊ូលថា
ស្តេចដាវីឌនៅលាក់ខ្លួនជាមួយពួកគេ។
3 ឱព្រះជាម្ចាស់អើយ
សូមសង្គ្រោះទូលបង្គំ
ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ
សូមរកយុត្តិធម៌ឲ្យទូលបង្គំ
ដោយយល់ដល់ឫទ្ធានុភាពរបស់ព្រះអង្គ។
4 ឱព្រះជាម្ចាស់អើយ
សូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ
សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំផង
5 ដ្បិតជនបរទេសលើកគ្នាប្រឆាំងនឹងទូលបង្គំ
មនុស្សឃោរឃៅចង់ដកជីវិតទូលបង្គំ
ចិត្តអ្នកទាំងនោះ
មិនរវីរវល់នឹងព្រះជាម្ចាស់ទេ។ - សម្រាក
6 ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងសង្គ្រោះខ្ញុំ
ព្រះអម្ចាស់នឹងការពារជីវិតខ្ញុំ។
7 ព្រះអង្គនឹងតបស្នងទៅខ្មាំងសត្រូវរបស់ខ្ញុំ
តាមអំពើដែលគេប្រព្រឹត្ត។
សូមកម្ទេចពួកគេឲ្យវិនាសសូន្យឈឹងទៅ
ដោយយល់ដល់ព្រះហឫទ័យស្មោះ
ត្រង់របស់ព្រះអង្គ!
8 ទូលបង្គំនឹងថ្វាយយញ្ញបូជាចំពោះព្រះអង្គ
ដោយស្មោះអស់ពីចិត្ត
ឱព្រះអម្ចាស់អើយ
ទូលបង្គំនឹងលើកតម្កើងព្រះនាមព្រះអង្គ
ព្រោះព្រះអង្គមានព្រះហឫទ័យសប្បុរស។
9 ព្រះអង្គបានរំដោះទូលបង្គំ
ឲ្យរួចផុតពីអាសន្នគ្រប់បែបយ៉ាង
ហើយទូលបង្គំនឹងឃើញខ្មាំងសត្រូវ
របស់ទូលបង្គំបរាជ័យ។