ជំពូក ៨៤
ទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គណាស់!
1 ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។
សម្រាប់ពិណពីស្រុកកាថ។
ទំនុករបស់កូនចៅលោកកូរេ។
2 ឱព្រះអម្ចាស់នៃពិភពទាំងមូលអើយ
ទូលបង្គំស្រឡាញ់ព្រះដំណាក់
របស់ព្រះអង្គណាស់!
3 ទូលបង្គំអន្ទះអន្ទែងប្រាថ្នាចង់ចូល
ទៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ពន់ពេកក្រៃ
ទូលបង្គំបន្លឺសំឡេងតម្កើងព្រះដ៏មានព្រះជន្មគង់នៅ
អស់ពីកម្លាំងកាយ និងកម្លាំងចិត្ត។
4 ឱព្រះអម្ចាស់នៃពិភពទាំងមូល
ឱព្រះជាម្ចាស់ជាព្រះមហាក្សត្រនៃទូលបង្គំអើយ!
សូម្បីតែសត្វចាប និងសត្វត្រចៀកកាំ
ក៏រកបានកន្លែងធ្វើសំបុកដាក់កូនចៅវា
នៅជិតអាសនៈរបស់ព្រះអង្គដែរ។
5 មានសុភមង្គលហើយ
អស់អ្នកដែលរស់នៅក្នុងព្រះដំណាក់របស់ព្រះអង្គ
គេនឹងសរសើរតម្កើងព្រះអង្គរហូតតរៀងទៅ!។ - សម្រាក
6 អ្នកណាពឹងផ្អែកលើកម្លាំងដែលមកពីព្រះអង្គ
អ្នកនោះមានសុភមង្គលហើយ!
ដ្បិតគេធ្វើដំណើរឡើងទៅកាន់ព្រះដំណាក់
របស់ព្រះអង្គដោយចិត្តស្មោះសរ។
7 នៅពេលពួកគេដើរកាត់ជ្រោះរីងស្ងួត
ព្រះអង្គបានធ្វើឲ្យទីនោះប្រែទៅជាប្រភពទឹក
ហើយភ្លៀងនៅដើមរដូវក៏ធ្លាក់មកជាព្រះពរ
លើកន្លែងនោះដែរ។
8 ពួកគេកាន់តែមានកម្លាំងខ្លាំងឡើងៗជានិច្ច
នៅពេលពួកគេកាន់តែខិតចូលជិតព្រះជាម្ចាស់
នៅលើភ្នំស៊ីយ៉ូន។
9 ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ
សូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ!
ឱព្រះនៃលោកយ៉ាកុបអើយ
សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំផង!។ - សម្រាក
10 ឱព្រះជាម្ចាស់អើយ
ព្រះអង្គជាខែលការពារយើងខ្ញុំ
សូមព្រះអង្គព្រះសន្ដោសទតមកព្រះរាជា
ដែលព្រះអង្គបានចាក់ប្រេងអភិសេក!។
11 មួយថ្ងៃនៅក្នុងព្រះវិហាររបស់ព្រះអង្គ
ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត
ហេតុនេះបានជាខ្ញុំសម្រេចចិត្តឈរនៅ
មាត់ទ្វារព្រះដំណាក់នៃព្រះជាម្ចាស់របស់ខ្ញុំ
ជាជាងទៅស្នាក់នៅក្នុងផ្ទះរបស់មនុស្សអាក្រក់
12 ដ្បិតព្រះជាអម្ចាស់ជាពន្លឺថ្ងៃ
និងជាខែលការពារយើង
ព្រះអម្ចាស់ប្រណីសន្ដោស
និងប្រទានឲ្យយើងបានរុងរឿង
ព្រះអង្គតែងតែប្រទានសុភមង្គលឲ្យអស់អ្នក
ដែលរស់នៅ ដោយគ្មានសៅហ្មង។
13 ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ
អ្នកណាទុកចិត្តលើព្រះអង្គ
អ្នកនោះមានសុភមង្គលហើយ!។