ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៧៣

ភាគ​ទី​បី

(ទំនុក‌តម្កើង ៧៣-៨៩)

សេចក្ដី​សុចរិត​តែង‌តែ​មាន​ជ័យ‌ជម្នះ

1 ទំនុក‌តម្កើង​របស់​លោក​អសាភ។
ពិត​មែន​ហើយ ព្រះ‌ជាម្ចាស់​មាន
ព្រះ‌ហឫទ័យ​សប្បុរស
ចំពោះ​ជន​ជាតិ​អ៊ីស្រា‌អែល
និង​អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ។
2 ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ហៀប​តែ​នឹង​ភ្លាត់​ជើង
គឺ​នៅ​សល់​តែ​បន្តិច​ប៉ុណ្ណោះ ខ្ញុំ​មុខ​ជា​ដួល​មិន​ខាន
3 ព្រោះ​ខ្ញុំ​មាន​ចិត្ត​ច្រណែន​នឹង​មនុស្ស​ព្រហើន
ដោយ​ឃើញ​ជន‌ពាល​ទាំង​នោះ​បាន​ចម្រុង‌ចម្រើន។
4 ក្នុង​មួយ​ជីវិត​របស់​ពួក​គេ
ពួក​គេ​ហាក់​ដូច​ជា​គ្មាន​កង្វល់​អ្វី​សោះ
គេ​មាន​សាច់​មាន​ឈាម។
5 គេ​ពុំ​ដែល​ស្គាល់​ទុក្ខ​លំបាក​ដូច​មនុស្ស​ដទៃ
ហើយ​ពុំ​ដែល​វេទនា​ដូច​មនុស្ស​ឯ​ទៀតៗ​ឡើយ។
6 ពួក​គេ​យក​អំនួត​មក​បង្ហាញ​ដូច​ជា​បុណ្យ​ស័ក្តិ
ហើយ​ពាក់​ចិត្ត​ឃោរ‌ឃៅ
ដូច​ជា​សម្លៀក‌បំពាក់។
7 គំនិត​អាក្រក់​ចាំង​នៅ​លើ​ផ្ទៃ​មុខ​របស់​ពួក​គេ
គំនិត​អប្រិយ​របស់​ពួក​គេ
ក៏​លេច​ចេញ​មក​យ៉ាង​ច្បាស់​ដែរ។
8 គេ​នាំ​គ្នា​សើច​ចំអក និង​ពោល​ពាក្យ​អាក្រក់
ព្រម​ទាំង​និយាយ​ក្តែងៗ
ពី​ការ​សង្កត់‌សង្កិន​អ្នក​ដទៃ។
9 មាត់​របស់​គេ​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់
ហើយ​អណ្ដាត​របស់​គេ​ឥត​សំចៃ​នរណា​ម្នាក់
នៅ​លើ​ផែន‌ដី​ឡើយ។
10 ហេតុ​នេះ សូម្បី​តែ​ប្រជា‌រាស្ដ្រ
របស់​ព្រះ‌ជាម្ចាស់​ក៏​វង្វេង​ទៅ​តាម​ពួក​គេ
ព្រម​ទាំង​ចូល​ចិត្ត​ស្ដាប់​ពាក្យ​សម្ដី
របស់​ពួក​គេ ដូច​ផឹក​ទឹក។
11 គេ​ពោល​ថា ព្រះ‌ជាម្ចាស់​ពុំ​ជ្រាប​អ្វី​ទាំង​អស់
ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​មិន​ដឹង​អ្វី​សោះ​ឡើយ!
12 នេះ​ហើយ​មនុស្ស​ពាល!
ពួក​គេ​បាន​សុខ​ជា‌និច្ច ពួក​គេ​បាន​ចម្រុង‌ចម្រើន​រហូត!
13 រីឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​ខំ​ប្រឹង​កាន់​ចិត្ត​បរិសុទ្ធ
ហើយ​ចៀស‌វាង​ប្រព្រឹត្ត​អំពើ​បាប
តែ​ឥត​បាន​ផល​អ្វី​សោះ!
14 ដ្បិត​ទូល‌បង្គំ​កើត​ទុក្ខ​លំបាក​ជា​រៀង​រាល់​ថ្ងៃ
ទូល‌បង្គំ​ទទួល​ទារុណ‌កម្ម​រាល់​ព្រឹក។
15 ប្រសិន​បើ​ទូល‌បង្គំ​សម្រេច​ចិត្ត​ធ្វើ​ដូច​ពួក​គេ​ដែរ​នោះ
ទូល‌បង្គំ​មុខ​ជា​ក្បត់​បង‌ប្អូន​របស់​ទូល‌បង្គំ
ដែល​ជា​បុត្រ​របស់​ព្រះ‌អង្គ​មិន​ខាន។
16 ទូល‌បង្គំ​ខិត‌ខំ​រិះ‌គិត​ចង់​យល់​អំពី​បញ្ហា​នេះ
ប៉ុន្តែ ពិបាក​យល់​ណាស់
17 រហូត​ទាល់​តែ​ទូល‌បង្គំ​ចូល​មក​ដល់
ទី‌សក្ការៈ​របស់​ព្រះ‌ជាម្ចាស់
ទើប​ទូល‌បង្គំ​យល់​ថា ចុង​បញ្ចប់​របស់​មនុស្ស
អាក្រក់ នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា។
18 តាម​ពិត​ព្រះ‌អង្គ​បាន​ដាក់​ពួក​គេ
នៅ​ជម្រាល​មួយ​ដ៏​រអិល
ព្រះ‌អង្គ​ធ្វើ​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​មហន្ត‌រាយ
19 ក្នុង​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ
ពួក​គេ​នឹង​វិនាស​បាត់​បង់
ពួក​គេ​នឹង​ត្រូវ​អន្តរាយ រលាយ​សូន្យ​ទៅ
យ៉ាង​រន្ធត់​បំផុត។
20 ព្រះ‌អម្ចាស់​អើយ ពេល​ព្រះ‌អង្គ​តើន​ឡើង
ព្រះ‌អង្គ​នឹង​រំលាយ​ពួក​គេ​ឲ្យ​វិនាស​បាត់​ទៅ
ដូច​ការ​យល់​សប្ដិ។
21 ពេល​ទូល‌បង្គំ​ឆ្អែត​ចិត្ត
ហើយ​ពេល​ទូល‌បង្គំ​ឈឺ​ចាប់​ក្នុង​ឱរា
22 នោះ​ទូល‌បង្គំ​បែរ​ទៅ​ជា​ល្ងី‌ល្ងើ
មិន​យល់​អ្វី​ទាំង​អស់
ហើយ​ទូល‌បង្គំ​ក៏​ដូច​ជា​សត្វ​តិរច្ឆាន
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ដែរ។
23 ប៉ុន្តែ ទូល‌បង្គំ​នៅ​ជា​មួយ​ព្រះ‌អង្គ​ជា‌និច្ច
ព្រះ‌អង្គ​កាន់​ដៃ​ស្តាំ​របស់​ទូល‌បង្គំ
24 ព្រះ‌អង្គ​ដឹក​នាំ​ទូល‌បង្គំ​ឲ្យ​ដើរ
តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ
ហើយ​នៅ​ទី​បញ្ចប់ ព្រះ‌អង្គ​នឹង​ទទួល​ទូល‌បង្គំ
នៅ​ក្នុង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ។
25 នៅ​ស្ថាន​បរម‌សុខ ទូល‌បង្គំ​គ្មាន​ទី​ពឹង​ណា
ផ្សេង​ទៀត ក្រៅ​ពី​ព្រះ‌អង្គ​ឡើយ
នៅ​លើ​ផែន‌ដី បើ​ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​ទូល‌បង្គំ
ទូល‌បង្គំ​ក៏​មិន​ចង់​បាន​អ្វី​ផ្សេង​ទៀត​ដែរ។
26 រូប​កាយ និង​ចិត្ត​គំនិត
របស់​ទូល‌បង្គំ​ទន់​ខ្សោយ​ទៅៗ
ប៉ុន្តែ ព្រះ‌អង្គ​នៅ​តែ​ជា​បង្អែក
និង​ជា​ម្ចាស់​ជីវិត​ទូល‌បង្គំ រហូត​ត​ទៅ។
27 អស់​អ្នក​ដែល​ងាក​ចេញ​ឆ្ងាយ
ពី​ព្រះ‌អង្គ​នឹង​ត្រូវ​អន្តរាយ
ហើយ​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​អស់​អ្នក
ដែល​ក្បត់​ព្រះ‌អង្គ​ត្រូវ​វិនាស​សូន្យ​ទៅ។
28 រីឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​មាន​សុភមង្គល
តែ​នៅ​ពេល​ណា​ទូល‌បង្គំ
នៅ​ជា​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ
ឱ​ព្រះ‌ជា‌អម្ចាស់​អើយ
ទូល‌បង្គំ​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​ហើយ
ទូល‌បង្គំ​នឹង​ប្រកាស​អំពី​ស្នា​ព្រះ‌ហស្ដ
ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ។