ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៥១

ពាក្យ​អធិស្ឋាន​សូម​ព្រះ‌អម្ចាស់​លើក‌លែង​ទោស

1 ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង
ទំនុក​របស់​ស្តេច​ដាវីឌ។
2 នៅ​ពេល​ព្យាការី​ណាថាន​មក​គាល់​ស្តេច​ដាវីឌ
បន្ទាប់​ពី​ស្តេច​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់
ជា​មួយ​នាង​បាត‌សេបា។

3 ឱ​ព្រះ‌ជាម្ចាស់​អើយ!
សូម​ប្រណី​សន្ដោស​ទូល‌បង្គំ​ផង
ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ
មេត្តា​ករុណា​ដ៏​លើស‌លប់
សូម​លើក‌លែង​ទោស​ឲ្យ​ទូល‌បង្គំ​ផង
ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ
អាណិត​មេត្តា​ដ៏​ទូលំ‌ទូលាយ។
4 សូម​លុប​លាង​កំហុស​ទូល‌បង្គំ
ឲ្យ​បាន​ស្អាត​ទាំង​ស្រុង
សូម​ជម្រះ​ទូល‌បង្គំ​ឲ្យ​បាន​បរិសុទ្ធ រួច​ពី​បាប!
5 ទូល‌បង្គំ​ទទួល​សារ‌ភាព​ថា
ទូល‌បង្គំ​បាន​ធ្វើ​ខុស​ហើយ
អំពើ​បាប​របស់​ទូល‌បង្គំ​ដិត​ជាប់
នៅ​ក្នុង​អារម្មណ៍​ទូល‌បង្គំ​ជា‌និច្ច។
6 ទូល‌បង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ
ព្រះ‌អង្គ គឺ​ទាស់​នឹង​ព្រះ‌អង្គ​តែ​មួយ​គត់
ដ្បិត​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​អំពើ​មួយ
ដែល​ព្រះ‌អង្គ​ចាត់​ទុក​ថា​ជា​អំពើ​អាក្រក់។
ទោះ​បី​ព្រះ‌អង្គ​កាត់​ទោស​ទូល‌បង្គំ​យ៉ាង​ណា​ក្តី
ក៏​ព្រះ‌អង្គ​នៅ​តែ​សុចរិត
ហើយ​ទោះ​បី​ព្រះ‌អង្គ​ធ្វើ​ទោស​ទូល‌បង្គំ​យ៉ាង​ណា​ក្តី
ក៏​ព្រះ‌អង្គ​នៅ​តែ​ឥត​កំហុស​ដដែល។
7 ទូល‌បង្គំ​មាន​កំហុស​តាំង​ពី​កំណើត​មក
ហើយ​ទូល‌បង្គំ​មាន​បាប​តាំង​ពី
នៅ​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ!
8 ក៏​ប៉ុន្តែ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ
នឹង​សេចក្ដី​ពិត​នៅ​ក្នុង​ជម្រៅ​ចិត្ត​មនុស្ស។
សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ
មាន​ប្រាជ្ញា​នៅ​ក្នុង​ជម្រៅ​ដួង‌ចិត្ត​ផង!
9 សូម​ជម្រះ​ទូល‌បង្គំ ដោយ​ស្លឹក​ហ៊ីសុប*
នោះ​ទូល‌បង្គំ​នឹង​បាន​បរិសុទ្ធ
សូម​លាង​សំអាត​ទូល‌បង្គំ
នោះ​ទូល‌បង្គំ​នឹង​បាន​ស​ជាង​សំឡី​ទៅ​ទៀត​។
10 សូម​ប្រាប់​ឲ្យ​ទូល‌បង្គំ​ដឹង​ថា
ព្រះ‌អង្គ​អត់‌ទោស​ទូល‌បង្គំ​ហើយ
នោះ​ទូល‌បង្គំ​មាន​អំណរ​សប្បាយ
ហើយ​ចិត្ត​សោក​សង្រេង​របស់​ទូល‌បង្គំ
នឹង​បាន​រីក‌រាយ​ឡើង​វិញ។
11 ព្រះ‌អង្គ​អើយ សូម​កុំ​ទត​មើល
អំពើ​បាប​របស់​ទូល‌បង្គំ​ឡើយ
តែ​សូម​លុប​បំបាត់​កំហុស​ទាំង​ប៉ុន្មាន
របស់​ទូល‌បង្គំ​ទៅ។
12 ឱ​ព្រះ‌ជាម្ចាស់​អើយ!
សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ចិត្ត​បរិសុទ្ធ
សូម​ប្រទាន​ចិត្ត​គំនិត​ថ្មី​ដ៏​រឹង‌ប៉ឹង​មក​ទូល‌បង្គំ​ផង។
13 សូម​កុំ​បោះ​បង់​ទូល‌បង្គំ​ឲ្យ​នៅ​ឆ្ងាយ​ពី​ព្រះ‌អង្គ
សូម​កុំ​ដក​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ
របស់​ព្រះ‌អង្គ​ចេញ​ពី​ទូល‌បង្គំ​ឡើយ។
14 សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​អំណរ
ព្រោះ​តែ​ព្រះ‌អង្គ​សង្គ្រោះ​ទូល‌បង្គំ
សូម​គាំ‌ទ្រ​ទូល‌បង្គំ
ដោយ​ប្រទាន​ឲ្យ​ទូល‌បង្គំ
មាន​ចិត្ត​ទូលាយ​មក​ពី​ព្រះ‌វិញ្ញាណ។
15 ទូល‌បង្គំ​នឹង​ប្រៀន‌ប្រដៅ​មនុស្ស​ពាល​ទាំង‌ឡាយ
ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះ‌អង្គ
នោះ​ពួក​គេ​នឹង​បែរ​ចិត្ត​វិល​មក​រក​ព្រះ‌អង្គ​វិញ។
16 ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​នៃ​ទូល‌បង្គំ
សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ស្លាប់
នោះ​ទូល‌បង្គំ​នឹង​ប្រកាស​អំពី​សេចក្ដី​សុចរិត
របស់​ព្រះ‌អង្គ​ដោយ​អំណរ។
17 ព្រះ‌អម្ចាស់​អើយ
សូម​ជួយ​ទូល‌បង្គំ​ឲ្យ​បន្លឺ​សំឡេង
ពោល​ពាក្យ​សរសើរ​តម្កើង​ព្រះ‌អង្គ​ផង។
18 ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ
ឲ្យ​ទូល‌បង្គំ​ថ្វាយ​យញ្ញ‌បូជា​ទេ
ទោះ​បី​តង្វាយ​ដុត​ទាំង​មូល
ក៏​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ដែរ។
19 យញ្ញ‌បូជា​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ
ឲ្យ​ទូល‌បង្គំ​ថ្វាយ គឺ​ចិត្ត​សោក​ស្តាយ
ព្រះ‌អង្គ​តែង‌តែ​ទទួល​ចិត្ត​សោក​ស្តាយ
និង​ចិត្ត​លែង​មាន​អំនួត។
20 ព្រះ‌អម្ចាស់​អើយ សូម​ប្រោស‌ប្រណី​ក្រុង​ស៊ីយ៉ូន
ហើយ​សូម​មេត្តា​ប្រទាន​ឲ្យ
ក្រុង​យេរូ‌សាឡឹម​បាន​រឹង‌មាំ​ឡើង​វិញ​ផង។
21 ពេល​នោះ ព្រះ‌អង្គ​មុខ​ជា​គាប់​ព្រះ‌ហឫទ័យ
នឹង​តង្វាយ​ដែល​ស្រប​តាម​វិន័យ*​របស់​ព្រះ‌អង្គ
គឺ​តង្វាយ​ដុត​ទាំង​មូល
ហើយ​គេ​នឹង​យក​គោ​ឈ្មោល​មក​ថ្វាយ
នៅ​លើ​អាសនៈ​របស់​ព្រះ‌អង្គ​ដែរ។