ជំពូក ៧៧
ពេលមានទុក្ខ ទូលបង្គំនឹកឃើញពីការអស្ចារ្យរបស់ព្រះអង្គកាលពីជំនាន់ដើម
1 បទពីសៀវភៅរបស់គ្រូចម្រៀង។
សម្រាប់លោកយេឌូទូន។
ទំនុករបស់លោកអសាភ។
2 ខ្ញុំបន្លឺសំឡេងទៅកាន់ព្រះជាម្ចាស់
ខ្ញុំស្រែកអង្វរព្រះអង្គ
ខ្ញុំបន្លឺសំឡេងទៅកាន់ព្រះជាម្ចាស់
ព្រះអង្គផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យខ្ញុំ។
3 នៅថ្ងៃមានអាសន្ន ខ្ញុំស្វែងរកព្រះអម្ចាស់
នៅពេលយប់ ខ្ញុំលើកដៃអង្វរព្រះអង្គឥតឈប់ឈរ
ខ្ញុំមិនចង់ឲ្យនរណាសម្រាលទុក្ខខ្ញុំសោះឡើយ។
4 ពេលនឹកដល់ព្រះជាម្ចាស់ ខ្ញុំស្រែកថ្ងូរ
ហើយពេលរំពឹងគិត ខ្ញុំក៏បាក់ទឹកចិត្តដែរ។ - សម្រាក
5 ព្រះអម្ចាស់អើយ ព្រះអង្គធ្វើឲ្យទូលបង្គំ
ទទួលទានដំណេកមិនលក់សោះ
ទូលបង្គំខ្វល់ខ្វាយក្នុងចិត្ត រកនិយាយអ្វីមិនកើត។
6 ទូលបង្គំរំពឹងគិតអំពីអតីតកាល
គឺពីជំនាន់ដើមដ៏យូរលង់ណាស់មកហើយ
7 ទូលបង្គំរិះគិតដដែលៗ ពេញមួយយប់
ទូលបង្គំចេះតែត្រិះរិះពិចារណានៅក្នុងចិត្ត
ដើម្បីស្វែងយល់ថា
8 តើព្រះអម្ចាស់បោះបង់ចោលយើងរហូតឬ?
តើព្រះអង្គមិនគាប់ព្រះហឫទ័យ
នឹងយើងទៀតទេឬ?
9 តើព្រះអង្គលែងមានព្រះហឫទ័យ
មេត្តាករុណាចំពោះយើងហើយឬ?
តើព្រះអង្គនៅស្ងៀមលែងមានព្រះបន្ទូល
មកយើងអស់កល្បជាអង្វែងតរៀងទៅឬ?
10 តើព្រះជាម្ចាស់ភ្លេចសម្ដែងព្រះហឫទ័យ
ប្រណីសន្ដោសចំពោះយើងហើយឬ?
នៅពេលព្រះអង្គព្រះអង្គព្រះពិរោធ
តើព្រះអង្គឈប់អាណិតអាសូរយើងហើយឬ? - សម្រាក
11 ទូលបង្គំគិតទៀតថា ទូលបង្គំរងទុក្ខវេទនាដូច្នេះ
មកពីព្រះដ៏ខ្ពង់ខ្ពស់បំផុត
លែងសម្ដែងព្រះបារមីជួយយើងទៀតហើយ!
12 ព្រះអម្ចាស់អើយ ទូលបង្គំរំឭកឡើងវិញ
នូវស្នាព្រះហស្ដរបស់ព្រះអង្គ
ទូលបង្គំនៅចាំពីកិច្ចការដ៏អស្ចារ្យ
ដែលព្រះអង្គបានធ្វើកាលពីជំនាន់ដើម។
13 ទូលបង្គំរិះគិតអំពីកិច្ចការទាំងប៉ុន្មាន
ដែលព្រះអង្គបានធ្វើ
ទូលបង្គំពិចារណាអំពីស្នាព្រះហស្ដ
ដ៏ថ្កុំថ្កើងរបស់ព្រះអង្គ។
14 ព្រះជាម្ចាស់អើយ
មាគ៌ារបស់ព្រះអង្គជាមាគ៌ាដ៏វិសុទ្ធ
គ្មានព្រះឯណាទៀតធំឧត្តុង្គឧត្ដម
ដូចព្រះអង្គឡើយ។
15 មានតែព្រះអង្គទេដែលធ្វើការអស្ចារ្យ
ព្រះអង្គបានសម្ដែងឫទ្ធានុភាព
ឲ្យជាតិសាសន៍នានាឃើញ។
16 ព្រះអង្គបានប្រើឫទ្ធិបារមី
លោះប្រជារាស្ដ្ររបស់ព្រះអង្គ
គឺព្រះអង្គបានរំដោះពូជពង្សរបស់លោកយ៉ាកុប
និងពូជពង្សរបស់លោកយ៉ូសែប។ - សម្រាក
17 ឱព្រះជាម្ចាស់អើយ
ទឹកសមុទ្របានឃើញព្រះអង្គ!
ពេលទឹកសមុទ្របានឃើញព្រះអង្គ វាពុះកញ្ជ្រោល
សូម្បីតែបាតសមុទ្រក៏រញ្ជួយញាប់ញ័រដែរ។
18 មានភ្លៀងបង្អុរធ្លាក់ចុះពីលើមេឃ
ដូចទឹកជ្រោះធ្លាក់
ហើយក៏មានផ្គរលាន់ឮពីលើមេឃ
មកយ៉ាងខ្លាំងដែរ
រន្ទះរបស់ព្រះអង្គភ្លឺផ្លេកពាសពេញផ្ទៃមេឃ។
19 នៅពេលផ្គរលាន់បន្លឺសំឡេងយ៉ាងគគ្រឹកគគ្រេង
ផ្លេកបន្ទោររបស់ព្រះអង្គភ្លឺចាំងមកលើពិភពលោក
ធ្វើឲ្យផែនដីរញ្ជួយញាប់ញ័រ។
20 ព្រះអង្គយាងកាត់សមុទ្រ
ព្រះអង្គយាងកាត់មហាសាគរ
គ្មាននរណាអាចរកដានព្រះបាទា
របស់ព្រះអង្គឃើញទេ។
21 ព្រះអង្គដឹកនាំប្រជារាស្ដ្ររបស់ព្រះអង្គ
តាមរយៈលោកម៉ូសេ និងលោកអរ៉ុន
ដូចគង្វាលដឹកនាំហ្វូងចៀមដែរ។