ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ១៦

ពាក្យ​អធិស្ឋាន​ដោយ​ទុក​ចិត្ត

1 កំណាព្យ​របស់​ស្ដេច​ដាវីឌ។
ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​ការ‌ពារ​ទូល‌បង្គំ​ផង
ដ្បិត​ទូល‌បង្គំ​មក​ជ្រក​កោន​ជា​មួយ​ព្រះ‌អង្គ​ហើយ!
2 ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់
នៃ​ទូល‌បង្គំ ក្រៅ​ពី​ព្រះ‌អង្គ
គ្មាន​អ្វី​ប្រសើរ​សម្រាប់​ទូល‌បង្គំ​ឡើយ!។
3 ប្រជាជន​ដ៏‌វិសុទ្ធ*​នៅ​លើ​ទឹក​ដី​នេះ
សុទ្ធ​តែ​ជា​មនុស្ស​ល្អ
ទូល‌បង្គំ​ពេញ​ចិត្ត​នឹង​នៅ​ជា​មួយ​ពួក​គេ​ណាស់។
4 រីឯ​អស់​អ្នក​ដែល​ងាក​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ដទៃ
កាន់​តែ​ធ្វើ​ឲ្យ​ខ្លួន​រង​ទុក្ខ​ថែម​ទៀត
ទូល‌បង្គំ​នឹង​មិន​ចូល​រួម​សម្លាប់​សត្វ​ធ្វើ​យញ្ញ
ជា​មួយ​ពួក​គេ​ឡើយ
ហើយ​ទូល‌បង្គំ​ក៏​នឹង​មិន​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ
រួម​ជា​មួយ​ពួក​គេ​ដែរ។
5 ក្រៅ​ពី​ព្រះ‌អម្ចាស់ ទូល‌បង្គំ​គ្មាន​ចំណែក​មត៌ក​អ្វី​ទេ
ព្រះ‌អង្គ​ប្រទាន​អ្វីៗ​ទាំង​អស់
ដែល​ទូល‌បង្គំ​ត្រូវ​ការ​
អនាគត​របស់​ទូល‌បង្គំ​ស្ថិត​នៅ​លើ​ព្រះ‌អង្គ។
6 ព្រះ‌អង្គ​ប្រទាន​ចំណែក​ដ៏​ល្អ​វិសេស​ក្រៃ‌លែង
មក​ទូល‌បង្គំ
គឺ​ជា​កេរ‌មត៌ក​ល្អ​ប្រសើរ​បំផុត​សម្រាប់​ទូល‌បង្គំ។
7 ទូល‌បង្គំ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់
ព្រោះ​ព្រះ‌អង្គ​ផ្តល់​យោបល់​ដល់​ទូល‌បង្គំ
សូម្បី​តែ​នៅ​ពេល​យប់
ក៏​មន‌សិការ​របស់​ទូល‌បង្គំ​ដាស់‌តឿន​ទូល‌បង្គំ​ដែរ។
8 ទូល‌បង្គំ​នឹក​ដល់​ព្រះ‌អម្ចាស់
ដែល​ស្ថិត​នៅ​ខាង​មុខ​ទូល‌បង្គំ​ជា‌និច្ច
ដោយ​ព្រះ‌អង្គ​គង់​នៅ​ខាង​ស្តាំ​ទូល‌បង្គំ
ទូល‌បង្គំ​នឹង​មិន​ភ័យ​ខ្លាច​សោះ​ឡើយ។
9 ហេតុ​នេះ​ហើយ​បាន​ចិត្ត​ទូល‌បង្គំ​រីក‌រាយ
វិញ្ញាណ​ទូល‌បង្គំ​ត្រេក‌អរ​ដ៏​លើស‌លប់
ហើយ​សូម្បី​តែ​រូប​កាយ​របស់​ទូល‌បង្គំ
ក៏​បាន​សម្រាក​ដោយ​សេចក្ដី​សង្ឃឹម​ដែរ។
10 ដ្បិត​ព្រះ‌អង្គ​នឹង​មិន​បោះ​បង់​ព្រលឹង
ទូល‌បង្គំ​ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ
ហើយ​ព្រះ‌អង្គ​ក៏​មិន​បណ្តោយ​ឲ្យ​សព
អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ត្រូវ​រលួយ​ដែរ។
11 ព្រះ‌អង្គ​បង្ហាញ​ទូល‌បង្គំ​ឲ្យ​ស្គាល់​ផ្លូវ
ឆ្ពោះ​ទៅ​កាន់​ជីវិត។
ដោយ​ព្រះ‌អង្គ​នៅ​ជា​មួយ
ទូល‌បង្គំ​មាន​អំណរ​ដ៏​បរិបូណ៌
ហើយ​នៅ​ខាង​ស្តាំ​ព្រះ‌អង្គ
ទូល‌បង្គំ​ក៏​រីក‌រាយ​អស់​កល្ប‌ជានិច្ច​ដែរ។