ជំពូក ៨២
ព្រះជាម្ចាស់ជាចៅក្រមដ៏ខ្ពង់ខ្ពស់បំផុត
1 ទំនុកតម្កើងរបស់លោកអសាភ។
ព្រះជាម្ចាស់គង់នៅ
ក្នុងអង្គប្រជុំរបស់ព្រះអង្គ។
ព្រះអង្គកាត់ក្តីនៅក្នុងចំណោមព្រះនានា។
2 តើអ្នករាល់គ្នានៅតែកាត់ក្តីដោយអយុត្តិធម៌
គឺឲ្យមនុស្សអាក្រក់ឈ្នះដូច្នេះ
ដល់កាលណាទៀត? - សម្រាក
3 ចូររកយុត្តិធម៌ឲ្យមនុស្សទន់ខ្សោយ
និងក្មេងកំព្រា
ចូរកាត់ក្តីឲ្យមនុស្សកំសត់ទុរគត
និងមនុស្សតោកយ៉ាក។
4 ចូររំដោះមនុស្សទន់ខ្សោយ និងមនុស្សក្រីក្រ
ចូរយកពួកគេចេញឲ្យផុតពីកណ្ដាប់ដៃ
របស់មនុស្សអាក្រក់។
5 អ្នករាល់គ្នាមិនដឹងមិនយល់អ្វីទាំងអស់
អ្នករាល់គ្នាដើរនៅក្នុងសេចក្ដីងងឹត
អ្នករាល់គ្នាលុបបំបាត់យុត្តិធម៌
ដែលជាគ្រឹះនៃពិភពលោក។
6 យើងបានប្រាប់រួចហើយថា អ្នករាល់គ្នាជាព្រះ
អ្នករាល់គ្នាសុទ្ធតែជាបុត្ររបស់ព្រះ
ដ៏ខ្ពង់ខ្ពស់បំផុត។
7 ប៉ុន្តែ អ្នករាល់គ្នានឹងត្រូវស្លាប់ដូចមនុស្សលោក
អ្នករាល់គ្នានឹងត្រូវបាត់បង់ជីវិត
ដូចអ្នកធំបាត់បង់តំណែងដែរ។
8 ឱព្រះជាម្ចាស់អើយ
សូមក្រោកឡើងវិនិច្ឆ័យទោសមនុស្សលោក
ដ្បិតមនុស្សគ្រប់ជាតិសាសន៍
សុទ្ធតែជាប្រជារាស្ដ្រផ្ទាល់របស់ព្រះអង្គ!។