ជំពូក ៧០
ព្រះអម្ចាស់អើយ សូមយាងមកសង្គ្រោះទូលបង្គំ
1 បទពីសៀវភៅរបស់គ្រូចម្រៀង។
ទំនុករបស់ស្តេចដាវីឌ។ សម្រាប់ពិធីរំឭក។
2 ឱព្រះជាម្ចាស់អើយ
សូមយាងមករំដោះទូលបង្គំផង!
ព្រះអម្ចាស់អើយ
សូមយាងមកសង្គ្រោះទូលបង្គំជាប្រញាប់!
3 សូមឲ្យអស់អ្នកដែលប៉ុនប៉ង
ព្យាបាទជីវិតទូលបង្គំ
ត្រូវអាប់ឱន និងអាម៉ាស់មុខ!
សូមឲ្យអស់អ្នកដែលចង់ធ្វើឲ្យទូលបង្គំ
វេទនា ត្រូវដកខ្លួនថយ និងបាក់មុខ!
4 សូមឲ្យអស់អ្នកដែលសើចចំអកដាក់ទូលបង្គំ
ត្រូវបរាជ័យ ទាំងបាត់បង់កិត្តិយស!
5 រីឯអស់អ្នកដែលស្វែងរកព្រះអង្គវិញ
សូមឲ្យគេបានសប្បាយរីករាយ
រួមជាមួយព្រះអង្គ
សូមឲ្យអស់អ្នកដែលស្រឡាញ់
ការសង្គ្រោះរបស់ព្រះអង្គ
អាចថ្លែងឥតឈប់ឈរថា
«សូមលើកតម្កើងព្រះជាម្ចាស់!»
6 ឱព្រះជាម្ចាស់អើយ
ទូលបង្គំជាមនុស្សកំសត់ទុរគត
សូមប្រោសប្រណីដល់ទូលបង្គំផង!
ព្រះអង្គតែងតែសង្គ្រោះ និងរំដោះទូលបង្គំ
ឱព្រះអម្ចាស់អើយ សូមយាងមកកុំបង្អង់ឡើយ!