ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ២៤

ព្រះ‌មហា​ក្សត្រ​ដ៏​ឧត្ដម

1 ទំនុក‌តម្កើង​របស់​ស្តេច​ដាវីឌ។
ផែន‌ដី និង​អ្វីៗ​សព្វ​សារ​ពើ​នៅ​លើ​ផែន‌ដី
សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អម្ចាស់
ពិភព‌លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុង
ពិភព‌លោក ក៏​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ​ដែរ!
2 គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ចាក់​គ្រឹះ​ផែន‌ដី
ពី​លើ​សមុទ្រ
ហើយ​ធ្វើ​ឲ្យ​វា​ស្ថិត​នៅ​យ៉ាង​រឹង‌ប៉ឹង
ពី​លើ​ទន្លេ​នានា។
3 តើ​នរណា​អាច​ឡើង​ទៅ​លើ​ភ្នំ
របស់​ព្រះ‌អម្ចាស់​បាន?
តើ​នរណា​អាច​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ
ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​បាន?
4 មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ
និង​មាន​ចិត្ត​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​ឡើង​ទៅ​បាន
គឺ​អ្នក​ដែល​មិន​បណ្តោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំ
ព្រះ​ក្លែង‌ក្លាយ និង​និយាយ​ស្បថ‌ស្បែ​បំពាន។
5 ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​គេ
ហើយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ
នឹង​ប្រោស​គេ​ឲ្យ​សុចរិត​ដែរ។
6 គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ស្វែង​រក​ព្រះ‌អង្គ
ជា​អ្នក​ស្វែង​រក​ព្រះ​របស់​លោក​យ៉ាកុប។ - សម្រាក
7 ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឲ្យ​ធំ​ដើម្បី​ឲ្យ​ព្រះ‌មហា​ក្សត្រ
ប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
8 តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយ
សិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែ
ព្រះ‌អម្ចាស់​ជា​អ្នក​ចម្បាំង​ដ៏​ជំនាញ។
9 ឱ​ទ្វារ​ទាំង‌ឡាយ​អើយ ចូរ​បើក​ចំហ!
ខ្លោង​ទ្វារ​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​អើយ
ចូរ​ចំហ​ឲ្យ​ធំ ដើម្បី​ឲ្យ​ព្រះ‌មហា​ក្សត្រ
ប្រកប​ដោយ​សិរី‌រុង​រឿង​យាង​ចូល​មក!
10 តើ​ព្រះ‌មហា​ក្សត្រ​ប្រកប​ដោយ
សិរី‌រុង​រឿង​នេះ​ជា​នរណា?
-ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល*
គឺ​ព្រះ‌អង្គ​ហើយ​ដែល​ជា​ព្រះ‌មហា​ក្សត្រ
ប្រកប​ដោយ​សិរី‌រុង​រឿង!។ - សម្រាក