ជំពូក ១១
ទូលបង្គំទុកចិត្តលើព្រះអម្ចាស់
1 ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។
ទំនុករបស់ស្តេចដាវីឌ។
-ខ្ញុំមកជ្រកកោនជាមួយព្រះអម្ចាស់ហើយ
ហេតុអ្វីបានជាអ្នករាល់គ្នាប្រាប់ខ្ញុំ
ឲ្យរត់ទៅជ្រកនៅតាមភ្នំ
ដូចសត្វស្លាបទៅវិញដូច្នេះ?
2 -ពួកជនពាលបានយឹតធ្នូ ភ្ជាប់ព្រួញទៅនឹងខ្សែ
បម្រុងនឹងបាញ់ចេញពីទីងងឹត
សំដៅទៅលើអស់អ្នកដែលមានចិត្តទៀងត្រង់។
3 ប្រសិនបើអ្វីៗដែលជាមូលដ្ឋាននៃសង្គម
ត្រូវរលំអស់
តើមនុស្សសុចរិតនឹងធ្វើអ្វីកើត?។
4 -ព្រះអម្ចាស់គង់នៅក្នុងព្រះវិហារដ៏វិសុទ្ធ*
របស់ព្រះអង្គ
បល្ល័ង្ករបស់ព្រះអង្គស្ថិតនៅក្នុងស្ថានបរមសុខ
ព្រះអង្គទតមើល ហើយឈ្វេងយល់អ្វីៗទាំងអស់
ដែលមនុស្សលោកធ្វើ។
5 ព្រះអម្ចាស់ឈ្វេងយល់ចិត្តមនុស្សសុចរិត
តែព្រះអង្គមិនសព្វព្រះហឫទ័យនឹងមនុស្សពាល
ព្រមទាំងអ្នកដែលប្រព្រឹត្តអំពើឃោរឃៅទេ។
6 សូមព្រះអង្គដាក់ទោសមនុស្សពាល
ដោយធ្វើឲ្យមានរងើកភ្លើង ភ្លើង និងស្ពាន់ធ័រ
បង្អុរចុះមកលើពួកគេដូចជាភ្លៀង
ហើយសូមឲ្យខ្យល់ក្ដៅ
បក់បោកមកលើពួកគេដែរ។
7 ដ្បិតព្រះអម្ចាស់ព្រះអង្គសុចរិត
ព្រះអង្គសព្វព្រះហឫទ័យនឹងកិច្ចការណា
ដែលសុចរិត។
មនុស្សមានចិត្តទៀងត្រង់
មុខជាបានឃើញព្រះភ័ក្ត្ររបស់ព្រះអង្គ។