ជំពូក ៦០
ពាក្យទូលអង្វររបស់ប្រជាជាតិក្រោយពេលបរាជ័យ
1 ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។
បទ «ផ្កាម្លិះបន្ទាល់»។
បទចម្រៀងរបស់ស្តេចដាវីឌ សម្រាប់ប្រៀនប្រដៅ។
2 រំឭកពីគ្រាដែលស្ដេចធ្វើសឹកជាមួយ
ជនជាតិស៊ីរីនៅស្រុកមេសូប៉ូតាមី
និងជនជាតិស៊ីរីនៅស្រុកសូបា
ហើយនៅពេលដែលលោកយ៉ូអាប់
វិលមកពីច្បាំងឈ្នះទ័ពអេដុម
មួយម៉ឺនពីរពាន់នាក់ នៅវាលទំនាបអំបិល។
3 ឱព្រះជាម្ចាស់អើយ
ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ
ព្រះអង្គបានធ្វើឲ្យយើងខ្ញុំបាក់ទ័ព
ទោះបីព្រះអង្គព្រះអង្គព្រះពិរោធនឹងយើងខ្ញុំក៏ដោយ
ព្រះអង្គអើយ
សូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។
4 ព្រះអង្គបានធ្វើឲ្យផែនដីរញ្ជួយ
និងប្រេះចេញពីគ្នា
ឥឡូវនេះ សូមព្រះអង្គផ្សារភ្ជាប់ឡើងវិញផង
ព្រោះផែនដីកំពុងរង្គើ។
5 ព្រះអង្គបានធ្វើឲ្យប្រជារាស្ដ្ររបស់ព្រះអង្គ
ជួបនឹងទុក្ខវេទនាដ៏សែនពិបាក
ព្រះអង្គបានដាក់ទោសយើងខ្ញុំ
ស្ទើរតែវង្វេងស្មារតី។
6 ព្រះអង្គប្រទានទង់ជ័យជាសញ្ញាឲ្យអស់អ្នក
ដែលគោរពកោតខ្លាចព្រះអង្គ
អាចគេចផុតពីបរាជ័យ។ - សម្រាក
7 សូមយាងមកសង្គ្រោះយើងខ្ញុំ
ដោយឫទ្ធិបារមីរបស់ព្រះអង្គ
សូមឆ្លើយតបនឹងយើងខ្ញុំផង
ដើម្បីឲ្យប្រជាជនជាទីស្រឡាញ់
របស់ព្រះអង្គបានរួចជីវិត។
8 ព្រះជាម្ចាស់មានព្រះបន្ទូល
ពីទីសក្ការៈរបស់ព្រះអង្គមកថា:
«យើងនឹងយកជ័យជម្នះ
យើងនឹងបែងចែកស្រុកស៊ីគែម
យើងនឹងវាស់ជ្រលងភ្នំស៊ូកូត
ចែកប្រជារាស្ដ្ររបស់យើង។
9 កាឡាតជាទឹកដីរបស់យើង
ហើយម៉ាណាសេក៏ជាទឹកដីរបស់យើងដែរ
អេប្រាអ៊ីមប្រៀបដូចជាមួកដែករបស់យើង
ហើយយូដាជាដំបងរាជ្យរបស់យើង។
10 ទឹកដីម៉ូអាប់ជាកន្លែងដែលយើងលាងជើង
យើងបោះស្បែកជើងយើងលើទឹកដីអេដុម
ដើម្បីបញ្ជាក់ថាយើងជាម្ចាស់លើទឹកដីនេះ។
យើងនឹងស្រែកប្រកាសសង្គ្រាមប្រឆាំងនឹងស្រុកភីលីស្ទីន!»។
11 តើនរណាអាចនាំខ្ញុំចូលទៅ
ក្នុងទីក្រុងដ៏មាំមួនបាន?
តើនរណាអាចនាំខ្ញុំចូលទៅស្រុកអេដុម?
12 ឱព្រះជាម្ចាស់អើយ!
មានតែព្រះអង្គទេដែលអាចនាំយើងខ្ញុំ
ប៉ុន្តែ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ
ព្រះអង្គឈប់យាងទៅជាមួយ
កងទ័ពយើងខ្ញុំទៀតហើយ។
13 សូមជួយយើងខ្ញុំឲ្យប្រឆាំងតទល់
នឹងពួកសត្រូវផង
ដ្បិតការសង្គ្រោះមកពីមនុស្សលោក ឥតប្រយោជន៍អ្វីសោះ។
14 បើព្រះជាម្ចាស់គង់នៅជាមួយយើង
នោះយើងនឹងមានជ័យជម្នះ
ដ្បិតព្រះអង្គនឹងបង្ក្រាបបច្ចាមិត្ត
របស់យើងឲ្យរាប។