ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ១០២

នៅ​ពេល​ទូល‌បង្គំ​មាន​អាសន្ន សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​ឡើយ!

1 ពាក្យ​អធិស្ឋាន​របស់​ជន‌ទុរគត
នៅ​ពេល​អស់​សង្ឃឹម
គេ​ចូល​មក​ទូល‌អង្វរ​ព្រះ‌អម្ចាស់។

2 ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ព្រះ‌សណ្ដាប់​ពាក្យ
ទូល‌អង្វរ​របស់​ទូល‌បង្គំ
សូម​មេត្តា​ទទួល​ពាក្យ​ដែល​ទូល‌បង្គំ
ស្រែក​អង្វរ​នេះ​ផង!
3 នៅ​ពេល​ទូល‌បង្គំ​មាន​អាសន្ន
សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​ឡើយ!
នៅ​ថ្ងៃ​ទូល‌បង្គំ​ស្រែក​អង្វរ​ព្រះ‌អង្គ
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូល‌បង្គំ​ផង!
សូម​ឆ្លើយ​តប​មក​ទូល‌បង្គំ​ជា​ប្រញាប់!
4 ដ្បិត​ជីវិត​ទូល‌បង្គំ​នឹង​ត្រូវ​រសាត់​បាត់​ទៅ
ដូច​ជា​ផ្សែង
ហើយ​ខ្លួន​ប្រាណ​ទូល‌បង្គំ​ក្ដៅ​ដូច​រងើក​ភ្លើង។
5 ទូល‌បង្គំ​អស់​ទឹក​ចិត្ត ប្រៀប​ដូច​ជា​ស្មៅ​ក្រៀម​ស្ងួត
សូម្បី​តែ​អាហារ​ក៏​ទូល‌បង្គំ​លែង​នឹក‌នា​ទៀត​ដែរ។
6 ទូល‌បង្គំ​ចេះ​តែ​ស្រែក​ថ្ងូរ​ជា‌និច្ច
ទូល‌បង្គំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង
7 ទូល‌បង្គំ​ប្រៀប​ដូច​ជា​សត្វ​ក្អែក
នៅ​វាល​រហោ‌ស្ថាន
ឬ​ដូច​សត្វ​ទីទុយ​នៅ​ទី​ស្មសាន។
8 ទូល‌បង្គំ​នៅ​ទន្ទឹង​រង់‌ចាំ​ប្រៀប​ដូច​ជា
សត្វ​ស្លាប​ឯកោ​ទំ​នៅ​លើ​ដំបូល​ផ្ទះ។
9 រៀង​រាល់​ថ្ងៃ ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ
នាំ​គ្នា​ប្រមាថ​មាក់‌ងាយ​ទូល‌បង្គំ
ពួក​គេ​ចំអក​ឡក‌ឡឺយ​ឲ្យ​ទូល‌បង្គំ
ហើយ​យក​ឈ្មោះ​ទូល‌បង្គំ​ទៅ​ដាក់​បណ្ដាសា​គ្នា។
10 ទូល‌បង្គំ​បរិភោគ​ទាំង​ទុក្ខ​សោក
ទូល‌បង្គំ​បរិភោគ​លាយ​ជា​មួយ​ទឹក​ភ្នែក
11 ព្រោះ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ
នឹង​ទូល‌បង្គំ​យ៉ាង​ខ្លាំង
ព្រះ‌អង្គ​លើក​ទូល‌បង្គំ​បោះ​ទៅ​ឆ្ងាយ។
12 អាយុ​ជីវិត​ទូល‌បង្គំ​ប្រៀប​ដូច​ជា​ស្រមោល
នៅ​ពេល​ល្ងាច
និង​ដូច​ស្មៅ​ដែល​ក្រៀម​ស្ងួត​ដែរ។
13 រីឯ​ព្រះ‌អង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​គ្រង​រាជ្យ​អស់​កល្ប‌ជានិច្ច
គេ​នឹង​រំឭក​ពី​ព្រះ‌អង្គ​អស់‌កល្ប
ជា​អង្វែង​ត​រៀង​ទៅ។
14 ដោយ​ព្រះ‌អង្គ​អាណិត​មេត្តា​ក្រុង​ស៊ីយ៉ូន
ព្រះ‌អង្គ​មុខ​ជា​ក្រោក​ឡើង
ព្រោះ​ដល់​ពេល​កំណត់​ដែល​ព្រះ‌អង្គ
ត្រូវ​ប្រណី‌សន្ដោស​ក្រុង​នេះ​ហើយ។
15 យើង​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
យើង​ខ្ញុំ​ស្រឡាញ់​ថ្ម​របស់​ក្រុង​នេះ​ណាស់
សូម្បី​តែ​សំណល់​បាក់​បែក​របស់​ក្រុង​នេះ
ក៏​យើង​ខ្ញុំ​ជាប់​ចិត្ត​ដែរ។
16 សូម​ឲ្យ​ប្រជា‌ជាតិ​នានា​កោត​ខ្លាច
ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់
ហើយ​ឲ្យ​ស្តេច​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី
កោត​ខ្លាច​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ!
17 ពេល​ព្រះ‌អម្ចាស់​សង់​ក្រុង​ស៊ីយ៉ូន​ឡើង​វិញ
ព្រះ‌អង្គ​នឹង​សម្ដែង​សិរី‌រុង​រឿង​ឲ្យ​គេ​ឃើញ។
18 ព្រះ‌អង្គ​បែរ​ព្រះ‌ភ័ក្ត្រ​ទត​ទៅ​មនុស្ស​ទុរគត
ព្រះ‌អង្គ​លែង​ព្រងើយ​កន្តើយ
នឹង​ពាក្យ​ទូល‌អង្វរ​របស់​គេ​ទៀត​ហើយ។
19 ចូរ​សរសេរ​សេចក្ដី​ទាំង​នេះ​ទុក
ឲ្យ​មនុស្ស​នៅ​ជំនាន់​ក្រោយ​បាន​ដឹង
ដើម្បី​ឲ្យ​ប្រជា‌រាស្ដ្រ​ដែល​នឹង​កកើត​ឡើង​វិញ
នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
20 ដ្បិត​ព្រះ‌អង្គ​ទត​មើល​ពី​ទី‌សក្ការៈ​របស់​ព្រះ‌អង្គ​មក
ព្រះ‌អម្ចាស់​ទត​ពី​ស្ថាន​បរម‌សុខ​មើល​មក​ផែន‌ដី
21 ដើម្បី​ស្ដាប់​សម្រែក​ថ្ងូរ​របស់​អ្នក​ដែល​ជាប់​ឃុំ‌ឃាំង
និង​ដើម្បី​រំដោះ​អស់​អ្នក
ដែល​គេ​កាត់​ទោស​ប្រហារ​ជីវិត។
22 ពេល​នោះ គេ​នឹង​ប្រកាស​អំពី​ព្រះ‌កិត្តិនាម
របស់​ព្រះ‌អម្ចាស់​នៅ​ក្រុង​ស៊ីយ៉ូន
គេ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​នៅ​ក្រុង​យេរូ‌សាឡឹម
23 គឺ​នៅ​ពេល​ដែល​ប្រជា‌ជាតិ​នានា​មក​ជួប‌ជុំ​គ្នា
ហើយ​ប្រជាជន​ពី​នគរ​ទាំង‌ឡាយ
នាំ​គ្នា​គោរព​បម្រើ​ព្រះ‌អម្ចាស់។
24 ពេល​ខ្ញុំ​នៅ​ពេញ​កម្លាំង​នៅ​ឡើយ
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ទន់​ជង្គង់
ព្រះ‌អង្គ​បង្រួញ​អាយុ​ជីវិត​របស់​ខ្ញុំ។
25 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អង្វរ​ព្រះ‌អង្គ​ថា
«ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ
ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ
ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ
សូម​កុំ​ដក​ជីវិត​ទូល‌បង្គំ​ក្នុង​ពេល​ដែល
ទូល‌បង្គំ​មិន​ទាន់​ចាស់​នៅ​ឡើយ!»។
26 ព្រះ‌អង្គ​បាន​បង្កើត​ផែន‌ដី
តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ
ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះ‌ហស្ដ
របស់​ព្រះ‌អង្គ​ដែរ។
27 ផ្ទៃ​មេឃ និង​ផែន‌ដី នឹង​វិនាស​សូន្យ​ទៅ
រីឯ​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ
ផ្ទៃ​មេឃ និង​ផែន‌ដី នឹង​រិច‌រឹល​ទៅ
ដូច​សម្លៀក‌បំពាក់
ព្រះ‌អង្គ​នឹង​ផ្លាស់​វា​ដូច​ផ្លាស់​សម្លៀក‌បំពាក់
ហើយ​វា​នឹង​បាត់​សូន្យ​ទៅ។
28 ចំពោះ​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​នៅ​តែ​ដដែល
ព្រះ‌ជន្មាយុ​របស់​ព្រះ‌អង្គ​គ្មាន​ទី​បញ្ចប់​ទេ។
29 កូន​ចៅ​យើង​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត
ហើយ​ព្រះ‌អង្គ​នឹង​ថែ‌រក្សា​កូន​ចៅ​របស់​គេ
រហូត​ត​ទៅ។