ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ៣០

ព្រះ‌អង្គ​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា

1 ទំនុក‌តម្កើង។ បទ​សម្រាប់​ច្រៀង​នៅ​ពេល​សម្ពោធ​ព្រះ‌វិហារ។
ទំនុក​របស់​ស្តេច​ដាវីឌ។

2 ឱ​ព្រះ‌អម្ចាស់​អើយ!
ទូល‌បង្គំ​សូម​លើក​តម្កើង​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​បាន​ជួយ​ស្រោច​ស្រង់​ទូល‌បង្គំ
ព្រះ‌អង្គ​ពុំ​បាន​ទុក​ឲ្យ​ខ្មាំង​សត្រូវ
យក​រឿង​ទូល‌បង្គំ​ទៅ​លេង​សើច​ឡើយ។
3 ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ!
ទូល‌បង្គំ​បាន​ស្រែក​អង្វរ​ព្រះ‌អង្គ
ហើយ​ព្រះ‌អង្គ​ប្រោស​ទូល‌បង្គំ​ឲ្យ​បាន​ជា។
4 ឱ​ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​បាន​ស្រង់​ព្រលឹង​ទូល‌បង្គំ
ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់
ទូល‌បង្គំ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​មច្ចុរាជ
តែ​ព្រះ‌អង្គ​ប្រោស​ទូល‌បង្គំ​ឲ្យ​រស់​ឡើង​វិញ។
5 អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ដ្រ
របស់​ព្រះ‌អង្គ​អើយ
ចូរ​ស្មូត្រ​ទំនុក‌តម្កើង​ព្រះ‌អម្ចាស់!
ចូរ​លើក​តម្កើង​ព្រះ‌នាម​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ!
6 ដ្បិត​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ​តែ​មួយ​ស្របក់
តែ​ព្រះ‌អង្គ​ប្រណី​សន្ដោស​យើង​អស់​មួយ​ជីវិត។
ពេល​យប់ យើង​បង្ហូរ​ទឹក​ភ្នែក តែ​ព្រលឹម​ឡើង
យើង​នឹង​អរ​សប្បាយ​វិញ។
7 នៅ​ពេល​ទូល‌បង្គំ​បាន​សុខ‌សាន្ត ទូល‌បង្គំ​ពោល​ថា
ទូល‌បង្គំ​នឹង​មិន​ត្រូវ​រលំ​ឡើយ!។
8 ឱ​ព្រះ‌អម្ចាស់​អើយ!
ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​ទូល‌បង្គំ​រឹង‌ប៉ឹង​ដូច​ភ្នំ
តែ​ប្រសិន​បើ​ព្រះ‌អង្គ​មិន​គង់​ជា​មួយ​ទូល‌បង្គំ​ទេ​នោះ
ទូល‌បង្គំ​នឹង​ភ័យ​ខ្លាច​ក្រៃ‌លែង។
9 ឱ​ព្រះ‌អម្ចាស់​អើយ! ទូល‌បង្គំ​ស្រែក​អង្វរ​ព្រះ‌អង្គ
ទូល‌បង្គំ​ទទូច​អង្វរ​ព្រះ‌អម្ចាស់។
10 បើ​ព្រះ‌អង្គ​ទុក​ឲ្យ​ទូល‌បង្គំ​ស្លាប់
តើ​បាន​ប្រយោជន៍​អ្វី?
បើ​ព្រះ‌អង្គ​ឲ្យ​ទូល‌បង្គំ​ធ្លាក់​ទៅ
ក្នុង​រណ្ដៅ​មច្ចុរាជ តើ​បាន​ប្រយោជន៍​អ្វី?
តើ​មនុស្ស​ស្លាប់​អាច​សរសើរ​ព្រះ‌អង្គ​កើត​ឬ?
តើ​គេ​អាច​ថ្លែង​ពី​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់
របស់​ព្រះ‌អង្គ​កើត​ឬ?
11 ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ប្រោស​មេត្តា​ស្ដាប់​ពាក្យ​ទូល‌បង្គំ!
ឱ​ព្រះ‌អម្ចាស់​អើយ
សូម​យាង​មក​សង្គ្រោះ​ទូល‌បង្គំ​ផង!។
12 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ការ​សោក​សង្រេង
របស់​ទូល‌បង្គំ​ប្រែ​ទៅ​ជា​អំណរ​សប្បាយ
ព្រះ‌អង្គ​បាន​យក​សម្លៀក‌បំពាក់​កាន់​ទុក្ខ​ចេញ
ហើយ​ប្រទាន​សម្លៀក‌បំពាក់
សម្រាប់​ពិធី​បុណ្យ​ឲ្យ​ទូល‌បង្គំ​វិញ។
13 ដូច្នេះ ទូល‌បង្គំ​នៅ​ស្ងៀម​មិន​បាន​ឡើយ
ទូល‌បង្គំ​ស្មូត្រ​ទំនុក‌តម្កើង
ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ
ទូល‌បង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ​រហូត​ត​ទៅ។