ជំពូក ៣
ពាក្យអធិស្ឋាននៅពេលមានសត្រូវព័ទ្ធជុំវិញ
1 ទំនុកតម្កើងរបស់ស្តេចដាវីឌ
ក្នុងគ្រាដែលព្រះអង្គរត់ភៀសចេញ
ពីសម្តេចអាប់សាឡុម ជាព្រះរាជបុត្រ។
2 ព្រះអម្ចាស់អើយ ខ្មាំងសត្រូវរបស់ទូលបង្គំ
មានគ្នាច្រើនណាស់!
រីឯអ្នកដែលលើកគ្នាប្រឆាំងនឹងទូលបង្គំ
ក៏មានគ្នាច្រើនដែរ!
3 មានមនុស្សជាច្រើនពោលពីទូលបង្គំថា
«ព្រះជាម្ចាស់មិនសង្គ្រោះលោកឡើយ!»។ - សម្រាក
4 ប៉ុន្តែ ព្រះអម្ចាស់អើយ
ព្រះអង្គជាខែលការពារទូលបង្គំ
ព្រះអង្គផ្តល់សិរីរុងរឿងឲ្យទូលបង្គំ
និងប្រោសឲ្យទូលបង្គំងើបមុខឡើងវិញបាន។
5 ខ្ញុំស្រែកដង្ហោយហៅរកព្រះអម្ចាស់
យ៉ាងអស់ពីដួងចិត្ត
ហើយព្រះអង្គឆ្លើយតបមកខ្ញុំវិញ
ពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។ - សម្រាក
6 ខ្ញុំទម្រេត ខ្ញុំទទួលទានដំណេកយ៉ាងស្កប់ស្កល់
ហើយខ្ញុំភ្ញាក់ឡើងវិញ
ដ្បិតព្រះអម្ចាស់ជួយគាំទ្រខ្ញុំ។
7 ទោះបីមានមនុស្សម្នាដ៏ច្រើនអនេកអនន្ត
លើកគ្នាពីគ្រប់ទីកន្លែង មកប្រឆាំងនឹងខ្ញុំ
យ៉ាងណាក្តី ក៏ខ្ញុំមិនភ័យខ្លាចដែរ។
8 ឱព្រះអម្ចាស់អើយ សូមកុំនៅព្រងើយ!
ព្រះនៃទូលបង្គំអើយ សូមសង្គ្រោះទូលបង្គំផង!
ដ្បិតព្រះអង្គតែងតែទះកំផ្លៀងខ្មាំងសត្រូវ
ទាំងប៉ុន្មានរបស់ទូលបង្គំ
ព្រះអង្គបំបាក់ធ្មេញរបស់មនុស្សពាល។
9 បពិត្រព្រះអម្ចាស់ មានតែព្រះអង្គទេ
ដែលអាចសង្គ្រោះ!
សូមប្រទានពរដល់ប្រជារាស្ដ្ររបស់ព្រះអង្គផង! - សម្រាក