ជំពូក ៨៩
ខ្ញុំនឹងប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
1 កំណាព្យរបស់លោកអេតន ជាអ្នកស្រុកអេសរ៉ា។
2 ខ្ញុំនឹងច្រៀងសរសើរព្រះហឫទ័យ
មេត្តាករុណារបស់ព្រះអម្ចាស់រហូតតទៅ។
ខ្ញុំនឹងប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្រ
របស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។
3 ខ្ញុំដឹងថាព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជានិច្ច
ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
នៅស្ថិតស្ថេររឹងប៉ឹងដូចផ្ទៃមេឃ។
4 ព្រះអម្ចាស់មានព្រះបន្ទូលថា
«យើងបានចងសម្ពន្ធមេត្រីជាមួយអ្នក
ដែលយើងបានជ្រើសរើស
យើងបានចុះខសន្យាជាមួយដាវីឌ
ជាអ្នកបម្រើរបស់យើងថា:
5 យើងនឹងតែងតាំងពូជពង្សអ្នក
ឲ្យគ្រងរាជ្យរហូតតទៅ
យើងនឹងពង្រឹងរាជ្យរបស់អ្នកឲ្យនៅស្ថិតស្ថេរ
អស់កល្បជាអង្វែងតរៀងទៅ!»។
6 ព្រះអម្ចាស់អើយ សូមឲ្យផ្ទៃមេឃ
សរសើរតម្កើងស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ
សូមឲ្យអង្គប្រជុំដ៏វិសុទ្ធច្រៀង
សរសើរព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។
7 នៅលើមេឃ គ្មាននរណាម្នាក់អាចផ្ទឹមស្មើ
នឹងព្រះអង្គឡើយ
ក្នុងចំណោមពពួកទេវទូត ក៏គ្មាននរណា
អាចប្រៀបប្រដូចនឹងព្រះអង្គដែរ។
8 អស់អ្នកដែលស្ថិតនៅក្នុងអង្គប្រជុំដ៏វិសុទ្ធ
នាំគ្នាស្ញែងខ្លាចព្រះអង្គ
ហើយអស់អ្នកដែលនៅជុំវិញព្រះអង្គ
ក៏កោតស្ញប់ស្ញែងព្រះអង្គដែរ។
9 ឱព្រះអម្ចាស់ ព្រះអម្ចាស់ជាព្រះនៃពិភព
ទាំងមូលអើយ
គ្មាននរណាមានឫទ្ធានុភាពដូចព្រះអង្គឡើយ!
ព្រះអង្គប្រកបទៅដោយ
ព្រះហឫទ័យស្មោះស្ម័គ្រ។
10 ព្រះអង្គបង្ក្រាបអំនួតរបស់សមុទ្រ
នៅពេលរលកសមុទ្រកក្រើកឡើង
ព្រះអង្គបានធ្វើឲ្យស្ងប់ទៅវិញ។
11 ព្រះអង្គបានជាន់ និងសម្លាប់នាគរាជ
ព្រះអង្គបានកម្ចាត់កម្ចាយខ្មាំងសត្រូវ
ដោយសារឫទ្ធិបារមីដ៏ខ្លាំងក្លារបស់ព្រះអង្គ។
12 មេឃ និងផែនដីជាកម្មសិទ្ធិរបស់ព្រះអង្គ
ព្រះអង្គបានបង្កើតពិភពលោក និងអ្វីៗទាំងអស់
ដែលស្ថិតនៅក្នុងពិភពលោកនេះ។
13 ព្រះអង្គបានបង្កើតទិសខាងជើង និងទិសខាងត្បូង
ភ្នំតាប៊រ និងភ្នំហ៊ែរម៉ូន
សរសើរតម្កើងព្រះនាមព្រះអង្គ។
14 ព្រះអង្គប្រកបដោយព្រះចេស្ដាដ៏ខ្លាំងក្លា
ព្រះអង្គមានឫទ្ធានុភាព
និងឫទ្ធិបារមីដ៏ខ្ពង់ខ្ពស់បំផុត។
15 ព្រះអង្គគ្រងរាជ្យដោយសុចរិត យុត្តិធម៌
អ្វីៗដែលព្រះអង្គធ្វើ
សុទ្ធតែបង្ហាញអំពីព្រះហឫទ័យមេត្តាករុណា
និងព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។
16 ព្រះអម្ចាស់អើយ
ប្រជាជនណាលើកតម្កើងព្រះអង្គ
ព្រមទាំងរស់នៅក្រោមពន្លឺ
ដ៏សប្បុរសរបស់ព្រះអង្គ
ប្រជាជននោះមានសុភមង្គលហើយ!
17 រៀងរាល់ថ្ងៃ គេនឹងបានសប្បាយរីករាយ
ដោយសារព្រះនាមព្រះអង្គ
ហើយគេនឹងបានខ្ពស់មុខ
ដោយសារសេចក្ដីសុចរិតរបស់ព្រះអង្គ
18 ដ្បិតព្រះអង្គប្រទានឲ្យគេមានសិរីជោគជ័យ។
យើងខ្ញុំបានថ្កុំថ្កើង
ដោយសារព្រះអង្គប្រោសប្រទានឲ្យ។
19 ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
បានជ្រើសរើសព្រះរាជា
ឲ្យធ្វើជាខែលការពារយើងខ្ញុំ។
20 នៅថ្ងៃមួយ ព្រះអង្គមានព្រះបន្ទូល
មកកាន់ប្រជារាស្ដ្រដ៏ស្មោះត្រង់របស់ព្រះអង្គ
តាមការនិមិត្តឃើញមួយថា:
«យើងបានជួយគាំទ្រ
អ្នកចម្បាំងមួយរូបដ៏ចំណាន
យើងបានលើកតម្កើងយុវជនមួយរូប
ក្នុងចំណោមប្រជាជន
21 គឺយើងរកបានដាវីឌជាអ្នកបម្រើរបស់យើង
យើងបានចាក់ប្រេងអភិសេកគេ
ដោយប្រេងដ៏វិសុទ្ធរបស់យើង
22 កម្លាំងរបស់យើងនឹងជួយជ្រោមជ្រែងគេ
ឫទ្ធិបារមីរបស់យើងនឹងធ្វើឲ្យ
គេបានខ្លាំងពូកែ។
23 ខ្មាំងសត្រូវពុំអាចមានប្រៀបលើគេ
មនុស្សទុច្ចរិតពុំអាចបំបាក់មុខគេឡើយ។
24 យើងនឹងកម្ទេចបច្ចាមិត្តនៅមុខគេ
យើងនឹងប្រហារអស់អ្នកដែលស្អប់គេ។
25 យើងនឹងសម្ដែងចិត្តស្មោះត្រង់
និងចិត្តមេត្តាករុណាចំពោះគេជានិច្ច
គេនឹងបានថ្កុំថ្កើងឡើង
ដោយសារនាមរបស់យើង។
26 យើងនឹងឲ្យគេមានអំណាចគ្រប់គ្រង
លើសមុទ្រ និងលើទន្លេនានា។
27 ពេលនោះ ដាវីឌនឹងហៅយើងថា
“ព្រះអង្គជាព្រះបិតា និងជាព្រះនៃទូលបង្គំ
ព្រះអង្គជួយការពារ និងសង្គ្រោះទូលបង្គំ!”។
28 រីឯយើងវិញ យើងនឹងធ្វើឲ្យដាវីឌ
បានទៅជាបុត្រច្បងរបស់យើង
ជាស្តេចដ៏ធំជាងគេទាំងអស់នៅលើផែនដី។
29 យើងនឹងសម្ដែងចិត្តមេត្តាករុណាចំពោះគេជានិច្ច
ហើយយើងនឹងរក្សាសម្ពន្ធមេត្រី ដែលយើងចង
ជាមួយគេ ដោយមិនប្រែប្រួលឡើយ។
30 យើងនឹងធ្វើឲ្យពូជពង្សរបស់គេ
នៅស្ថិតស្ថេររហូតតទៅ
ហើយរាជ្យរបស់គេនឹងគង់វង្ស
នៅជាយូរអង្វែងដូចផ្ទៃមេឃដែរ។
31 ប្រសិនបើកូនចៅរបស់ដាវីឌ
បោះបង់ចោលវិន័យរបស់យើង
ហើយលែងដើរតាមមាគ៌ារបស់យើង
32 ប្រសិនបើពួកគេបំពានលើបញ្ញត្តិរបស់យើង
ហើយលែងប្រតិបត្តិតាមបទបញ្ជា
របស់យើងទៀតនោះ
33 យើងនឹងវាយប្រដៅពួកគេ ព្រោះតែការបះបោរ
យើងនឹងធ្វើទារុណកម្មពួកគេ
ព្រោះតែកំហុសដែលពួកគេបានប្រព្រឹត្ត។
34 ក៏ប៉ុន្តែ យើងនៅតែសម្ដែងចិត្តមេត្តាករុណា
ចំពោះដាវីឌជានិច្ច
យើងនឹងសម្ដែងចិត្តស្មោះស្ម័គ្រចំពោះគេ
ឥតងាករេឡើយ។
35 យើងនឹងមិនផ្ដាច់សម្ពន្ធមេត្រី
ដែលយើងបានចងជាមួយគេនោះទេ
គឺអ្វីដែលយើងនិយាយចេញមកហើយ
យើងនឹងមិនប្រែក្រឡាស់វិញឡើយ។
36 យើងបានសន្យាយ៉ាងឱឡារិកក្នុងនាមដ៏វិសុទ្ធ
របស់យើង យើងមិនកុហកដាវីឌទេ!
37 ពូជពង្សរបស់គេនឹងនៅស្ថិតស្ថេររហូតតទៅ
រាជ្យរបស់គេនឹងគង់វង្សនៅចំពោះមុខយើង
ដូចព្រះអាទិត្យ
38 ហើយដូចព្រះច័ន្ទដែលនៅស្ថិតស្ថេររហូត
ធ្វើជាសាក្សីស្រាប់»។ - សម្រាក
39 ប៉ុន្តែ ព្រះអង្គបានបោះបង់ចោល
ព្រះអង្គបានកាត់កាល់
ព្រះអង្គព្រះអង្គព្រះពិរោធនឹងព្រះរាជា
ដែលព្រះអង្គបានចាក់ប្រេងអភិសេក។
40 ព្រះអង្គបានផ្ដាច់សម្ពន្ធមេត្រី
ជាមួយអ្នកបម្រើរបស់ព្រះអង្គ
ព្រះអង្គបានទំលាក់មកុដរាជ្យ
របស់ព្រះរាជាទៅដី។
41 ព្រះអង្គបានធ្វើឲ្យកំពែងទាំងប៉ុន្មាន
របស់ព្រះរាជាត្រូវធ្លុះធ្លាយ
និងធ្វើឲ្យបន្ទាយដ៏រឹងមាំត្រូវរលំបាក់បែក។
42 ពួកអ្នកដែលដើរកាត់តាមនោះ
នាំគ្នាប្លន់យកអ្វីៗដែលស្តេចមាន
ហើយប្រទេសជិតខាងនាំគ្នាសើចចំអក
ឲ្យស្តេច។
43 ព្រះអង្គបានធ្វើឲ្យបច្ចាមិត្តរបស់ស្តេចមានកម្លាំង
ព្រះអង្គបានធ្វើឲ្យខ្មាំងសត្រូវទាំងប៉ុន្មាន
របស់ស្តេចមានអំណរសប្បាយ។
44 ព្រះអង្គបានធ្វើឲ្យគ្រឿងសាស្ត្រាវុធ
របស់ស្តេចលែងមានប្រសិទ្ធភាព
ព្រះអង្គពុំបានគាំទ្រស្តេចក្នុងចម្បាំងឡើយ។
45 ព្រះអង្គដកអំណាចចេញពីស្តេច
ព្រះអង្គបានរំលំរាជបល្ល័ង្ករបស់ស្តេច
46 ព្រះអង្គពុំបានធ្វើឲ្យស្តេច
មានព្រះជន្មាយុយឺនយូរទេ
ព្រះអង្គបានធ្វើឲ្យស្តេច
ត្រូវអាម៉ាស់យ៉ាងខ្លាំង។ - សម្រាក
47 ព្រះអម្ចាស់អើយ តើព្រះអង្គធ្វើព្រងើយ
កន្តើយដល់កាលណាទៀត
តើព្រះពិរោធរបស់ព្រះអង្គ
នៅតែឆាបឆេះដល់ពេលណាទៀត?
48 សូមព្រះអង្គកុំភ្លេចថា
អាយុជីវិតទូលបង្គំខ្លីណាស់!
ព្រះអង្គបង្កើតមនុស្សលោកទាំងអស់មក
ដើម្បីឲ្យរលាយសូន្យទៅវិញទេដឹង!
49 ពុំដែលមាននរណាអាចរស់រហូត
ឥតស្គាល់សេចក្ដីស្លាប់នោះឡើយ
ហើយក៏ពុំដែលមាននរណា
អាចធ្វើឲ្យជីវិតរបស់ខ្លួន
គេចផុតពីមច្ចុរាជបានដែរ! - សម្រាក
50 ព្រះអម្ចាស់អើយ
តើស្នាព្រះហស្ដដែលព្រះអង្គធ្លាប់សម្ដែង
ដោយព្រះហឫទ័យមេត្តាករុណា
កាលពីគ្រាមុននោះ នៅឯណា?
តើព្រះបន្ទូលដែលព្រះអង្គបានសន្យាយ៉ាង
ស្មោះស្ម័គ្រចំពោះព្រះបាទដាវីឌនៅឯណា?។
51 ព្រះអម្ចាស់អើយ សូមកុំភ្លេចអ្នកបម្រើ
របស់ព្រះអង្គដែលកំពុងតែបាក់មុខ
សូមព្រះអង្គកុំភ្លេចថា ប្រជារាស្ដ្រដ៏ច្រើននេះ
ស្ថិតនៅក្នុងបន្ទុករបស់ទូលបង្គំ។
52 ព្រះអម្ចាស់អើយ ខ្មាំងសត្រូវរបស់ព្រះអង្គ
នាំគ្នាបំបាក់មុខស្តេច
ដែលព្រះអង្គចាក់ប្រេងអភិសេក
គឺទោះបីទូលបង្គំទៅទីណាក៏ដោយ
ក៏ពួកគេនាំគ្នាបំបាក់មុខទូលបង្គំជានិច្ច។
53 សូមលើកតម្កើងព្រះអម្ចាស់រហូតតទៅ!
អាម៉ែន! អាម៉ែន!។