ជំពូក ១១៤
ពេលជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប
1 ពេលជនជាតិអ៊ីស្រាអែល
ចាកចេញពីស្រុកអេស៊ីប
ពេលកូនចៅរបស់លោកយ៉ាកុប
ចាកចេញពីទឹកដីបរទេស
2 ជនជាតិយូដាបានទៅជាប្រជាជន
ដ៏វិសុទ្ធរបស់ព្រះជាម្ចាស់
ហើយជនជាតិអ៊ីស្រាអែល
ជាប្រជាជនផ្ទាល់របស់ព្រះអង្គ។
3 ពេលឃើញពួកគេ សមុទ្រក៏រត់បាត់ទៅ
ហើយទន្លេយ័រដាន់ក៏ដកខ្លួនថយដែរ។
4 ភ្នំនានានាំគ្នាលោតឡើងដូចពពែឈ្មោល
ហើយភ្នំតូចៗទាំងឡាយក៏នាំគ្នាលោត
ដូចកូនចៀមដែរ។
5 សមុទ្រអើយ ហេតុអ្វីបានជាអ្នករត់គេចដូច្នេះ?
ទន្លេយ័រដាន់អើយ
ហេតុអ្វីបានជាអ្នកដកខ្លួនថយ?
6 ភ្នំនានាអើយ ហេតុដូចម្ដេចបានជាអ្នកនាំគ្នា
លោតដូចពពែឈ្មោល?
ភ្នំតូចៗទាំងឡាយអើយ
ហេតុដូចម្ដេចបានជាអ្នកលោតដូចកូនចៀម?
7 ផែនដីអើយ ចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រ
ព្រះអម្ចាស់! ចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រ
ព្រះរបស់លោកយ៉ាកុប
8 ដែលបានធ្វើឲ្យផ្ទាំងសិលាប្រែទៅជាបឹង
ហើយធ្វើឲ្យថ្មប្រែទៅជាប្រភពទឹក។