ជំពូក ៩៧
ព្រះអម្ចាស់គ្រងរាជ្យ
1 ព្រះអម្ចាស់គ្រងរាជ្យ!
ចូរឲ្យផែនដីបានរីករាយឡើង!
ចូរឲ្យកោះទាំងឡាយមានអំណរសប្បាយ!
2 មានពពកដ៏ខ្មៅងងឹតនៅព័ទ្ធជុំវិញព្រះអង្គ
ព្រះអង្គគ្រងរាជ្យដោយសុចរិតយុត្តិធម៌។
3 មានភ្លើងឆេះនៅខាងមុខព្រះអង្គ
បំផ្លាញខ្មាំងសត្រូវដែលនៅជុំវិញព្រះអង្គ។
4 ផ្លេកបន្ទោររបស់ព្រះអង្គជះពន្លឺ
មកលើពិភពលោក
ផែនដីឃើញពន្លឺនេះ ហើយញាប់ញ័រជាខ្លាំង។
5 ភ្នំនានារលាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់
ដូចជាក្រមួនត្រូវថ្ងៃ
គឺនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់
នៃផែនដីទាំងមូល។
6 ផ្ទៃមេឃប្រកាសអំពីសេចក្ដីសុចរិតរបស់ព្រះអង្គ
ហើយប្រជារាស្ដ្រទាំងអស់
នឹងឃើញសិរីរុងរឿងរបស់ព្រះអង្គ។
7 អស់អ្នកដែលថ្វាយបង្គំព្រះក្លែងក្លាយ
ហើយអួតអាងក្នុងការគោរពបម្រើ
ព្រះឥតបានការ នឹងត្រូវអាម៉ាស់!។
ព្រះទាំងឡាយអើយ
ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ។
8 ឱព្រះអម្ចាស់អើយ ពេលអ្នកក្រុងស៊ីយ៉ូន
ឮដំណឹងថា ព្រះអង្គវិនិច្ឆ័យទោសដូច្នេះ
គេនឹងមានអំណររីករាយ
ហើយអ្នកក្រុងនានានៅស្រុកយូដា
ក៏ត្រេកអរសប្បាយយ៉ាងខ្លាំងដែរ
9 ឱព្រះអម្ចាស់អើយ មានតែព្រះអង្គទេ
ដែលជាព្រះដ៏ខ្ពង់ខ្ពស់នៅលើផែនដីទាំងមូល
ព្រះអង្គប្រសើរបំផុតលើសព្រះនានាទាំងអស់។
10 អស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់អើយ
ចូរស្អប់អំពើអាក្រក់!
ព្រះអង្គនឹងថែរក្សាអាយុជីវិតអស់អ្នក
ដែលស្មោះត្រង់នឹងព្រះអង្គ
ព្រះអង្គដោះលែងគេឲ្យរួចពីកណ្ដាប់ដៃ
របស់មនុស្សអាក្រក់។
11 មានពន្លឺបំភ្លឺមនុស្សសុចរិត
ហើយមនុស្សដែលមានចិត្តទៀងត្រង់
នឹងមានអំណរសប្បាយ។
12 មនុស្សសុចរិតអើយ ចូរនាំគ្នាអរសប្បាយ
ចំពោះកិច្ចការដែលព្រះអម្ចាស់បានធ្វើ!
ចូរលើកតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ!