ជំពូក ៨៥
ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយ សូមពង្រឹងយើងខ្ញុំឡើងវិញ
1 ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។
ទំនុករបស់កូនចៅលោកកូរេ។
2 ឱព្រះអម្ចាស់អើយ
ព្រះអង្គគាប់ព្រះហឫទ័យ
នឹងទឹកដីរបស់ព្រះអង្គ
ព្រះអង្គបាននាំពូជពង្សរបស់លោកយ៉ាកុប
ដែលគេចាប់យកទៅជាឈ្លើយនោះ
ឲ្យត្រឡប់មកវិញ។
3 ព្រះអង្គបានលើកលែងទោស
ឲ្យប្រជារាស្ដ្ររបស់ព្រះអង្គ
ព្រះអង្គបានអត់ទោសគេ
ឲ្យរួចពីអំពើបាបទាំងប៉ុន្មាន។ - សម្រាក
4 ព្រះអង្គបានដកព្រះពិរោធចេញពីយើងខ្ញុំ
ព្រះអង្គឈប់ខ្ញាល់នឹងយើងខ្ញុំទៀតហើយ។
5 ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយ
សូមពង្រឹងយើងខ្ញុំឡើងវិញ
សូមឈប់ប្រកែប្រកាន់យើងខ្ញុំទៀតទៅ។
6 តើព្រះអង្គខ្ញាល់នឹងយើងខ្ញុំរហូតឬ?
តើព្រះអង្គព្រះអង្គព្រះពិរោធនឹងយើងខ្ញុំ
អស់កល្បជាអង្វែងតរៀងទៅឬ?
7 តើព្រះអង្គមិនយាងមកវិញ
ប្រទានឲ្យយើងខ្ញុំរស់រានមានជីវិត
ដើម្បីឲ្យប្រជារាស្ដ្ររបស់ព្រះអង្គ
មានអំណរសប្បាយរួមជាមួយព្រះអង្គទេឬ?
8 ឱព្រះអម្ចាស់អើយ សូមសម្ដែងព្រះហឫទ័យ
មេត្តាករុណាចំពោះយើងខ្ញុំ
ហើយសូមសង្គ្រោះយើងខ្ញុំផង!
9 ខ្ញុំត្រងត្រាប់ស្ដាប់សេចក្ដីដែលព្រះជាអម្ចាស់
មានព្រះបន្ទូល
ដ្បិតព្រះអង្គមានព្រះបន្ទូលថា នឹងប្រទាន
សេចក្ដីសុខសាន្តមកប្រជារាស្ដ្រ ដែលជឿលើ
ព្រះអង្គ គឺអស់អ្នកដែលមិនបែរចិត្តគំនិត
ទៅរកអំពើលេលារបស់ខ្លួនវិញ។
10 ពិតមែនហើយ ព្រះអង្គនឹងសង្គ្រោះអស់អ្នក
ដែលគោរពកោតខ្លាចព្រះអង្គក្នុងពេលឆាប់ៗ
សិរីរុងរឿងរបស់ព្រះអង្គនឹងមកសណ្ឋិត
នៅលើទឹកដីរបស់យើង។
11 ព្រះអម្ចាស់នឹងសម្ដែងព្រះហឫទ័យមេត្តាករុណា
និងព្រះហឫទ័យស្មោះស្ម័គ្រចំពោះយើង
ធ្វើឲ្យយើងស្គាល់យុត្តិធម៌
និងសេចក្ដីសុខសាន្ត។
12 ពេលនោះ សេចក្ដីពិតនឹងដុះចេញពីដីមក
ហើយក៏មានសេចក្ដីសុចរិត
លេចចេញមកពីផ្ទៃមេឃដែរ។
13 ព្រះអម្ចាស់ផ្ទាល់ប្រទានសុភមង្គលមកយើង
ទឹកដីរបស់យើងក៏បង្កើតភោគផល។
14 សេចក្ដីសុចរិតដើរនៅមុខព្រះអម្ចាស់
ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។