ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ជំពូក ១៣៦

ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

1 ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់
ដ្បិត​ព្រះ‌អង្គ​មាន
ព្រះ‌ហឫទ័យ​សប្បុរស
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
2 ចូរ​លើក​តម្កើង​ព្រះ​ដែល​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
3 ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់
ដែល​ខ្ពង់‌ខ្ពស់​លើស​អម្ចាស់​នានា
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
4 មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​ធ្វើ​ការ​អស្ចារ្យ
ដ៏​ឧត្តុង្គ‌ឧត្ដម​បំផុត
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
5 ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ
ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
6 ព្រះ‌អង្គ​បាន​លាត​សន្ធឹង​ផែន‌ដី​ពី​លើ​ផ្ទៃ​ទឹក
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
7 ព្រះ‌អង្គ​បាន​បង្កើត​ដុំ​ពន្លឺ​ធំៗ សម្រាប់​រះ​បំភ្លឺ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
8 គឺ​ព្រះ‌អាទិត្យ​ឲ្យ​គ្រប់‌គ្រង​នៅ​ពេល​ថ្ងៃ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
9 ព្រះ‌ច័ន្ទ និង​ហ្វូង‌តារា
ឲ្យ​គ្រប់‌គ្រង​នៅ​ពេល​យប់
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
10 ព្រះ‌អង្គ​ប្រហារ​ជីវិត​កូន​ច្បង​របស់​ជន​ជាតិ​អេស៊ីប
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
11 ព្រះ‌អង្គ​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល
ចេញ​ពី​ស្រុក​អេស៊ីប
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
12 ដោយ​ឫទ្ធិ‌បារមី និង​តេជា‌នុភាព​របស់​ព្រះ‌អង្គ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
13 ព្រះ‌អង្គ​បាន​ញែក​សមុទ្រ​កក់​ចេញ​ជា​ពីរ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
14 ព្រះ‌អង្គ​បាន​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល
ដើរ​កាត់​បាត​សមុទ្រ​នោះ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
15 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ព្រះ‌ចៅ​ផារ៉ោន
និង​កង‌ទ័ព​របស់​ស្តេច​លិច​លង់
ក្នុង​សមុទ្រ​កក់​នោះ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
16 ព្រះ‌អង្គ​ដឹក​នាំ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
នៅ​វាល​រហោ‌ស្ថាន
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
17 ព្រះ‌អង្គ​បាន​វាយ​ប្រហារ​ស្តេច​មហា​អំណាច
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
18 ព្រះ‌អង្គ​ប្រហារ​ជីវិត​ស្តេច​ដ៏​ខ្លាំង​ពូកែ​ទាំង‌ឡាយ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
19 គឺ​ព្រះ‌បាទ​ស៊ីហុន ជា​ស្តេច​របស់​ជន​ជាតិ​អាម៉ូ‌រី
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
20 ព្រះ‌បាទ​អុក​ជា​ស្តេច​ស្រុក​បាសាន
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
21 ហើយ​ព្រះ‌អង្គ​ប្រគល់​ទឹក​ដី​របស់​ពួក​គេ
មក​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ទុក​ជា​មត៌ក
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
22 គឺ​ប្រគល់​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល
ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
23 នៅ​ពេល​ណា​យើង​រង​ទុក្ខ​វេទនា
ព្រះ‌អង្គ​តែង‌តែ​នឹក​ដល់​យើង
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
24 ព្រះ‌អង្គ​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ
របស់​បច្ចា‌មិត្ត
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
25 ព្រះ‌អង្គ​ប្រទាន​អាហារ​ដល់​សត្វ​លោក​ទាំង‌ឡាយ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!
26 ចូរ​លើក​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!