ជំពូក ៥៧
ទូលបង្គំមកជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអង្គ
1 ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។
បទ «សូមកុំបំផ្លាញ»។ ទំនុករបស់ស្តេចដាវីឌ
នៅគ្រាដែលស្ដេចភៀសព្រះអង្គចេញពីស្តេចសាអ៊ូល
ទៅពួននៅរូងភ្នំ។
2 សូមអាណិតមេត្តាទូលបង្គំ
ឱព្រះជាម្ចាស់អើយ
សូមអាណិតមេត្តាទូលបង្គំផង
ដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះអង្គ ទូលបង្គំមក
ជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអង្គ
រហូតទាល់តែទុក្ខលំបាកនេះកន្លងផុតទៅ។
3 ខ្ញុំបានស្រែករកព្រះដ៏ខ្ពង់ខ្ពស់បំផុត
គឺព្រះជាម្ចាស់ដែលប្រោសប្រទានមកខ្ញុំ
នូវអ្វីៗដែលខ្ញុំត្រូវការ។
4 ពីស្ថានបរមសុខ
សូមព្រះអង្គប្រទានការសង្គ្រោះមកខ្ញុំ
សូមព្រះអង្គវាយប្រហារអស់អ្នក
ដែលបៀតបៀនខ្ញុំ - សម្រាក
សូមព្រះជាម្ចាស់សម្ដែងព្រះហឫទ័យមេត្តាករុណា
និងព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។
5 ខ្មាំងសត្រូវនាំគ្នាឡោមព័ទ្ធជុំវិញខ្ញុំ
អ្នកទាំងនោះប្រៀបបាននឹងសត្វសិង្ហ
ដែលប្រុងស៊ីសាច់មនុស្ស
ធ្មេញរបស់គេប្រៀបដូចជាលំពែង និងព្រួញ
អណ្ដាតរបស់គេជាដាវដ៏មុត។
6 ឱព្រះជាម្ចាស់អើយ
សូមសម្ដែងភាពថ្កុំថ្កើងឧត្តុង្គឧត្ដម
របស់ព្រះអង្គនៅលើផ្ទៃមេឃ
ហើយសូមឲ្យសិរីរុងរឿង
របស់ព្រះអង្គភ្លឺចែងចាំងនៅលើផែនដីទាំងមូល។
7 សត្រូវរបស់ទូលបង្គំនាំគ្នាដាក់អន្ទាក់ចាំចាប់
ទូលបង្គំ ធ្វើឲ្យទូលបង្គំព្រួយចិត្តជាខ្លាំង។
ពួកគេបានជីករណ្ដៅនៅពីមុខទូលបង្គំ
តែខ្លួនគេផ្ទាល់បានធ្លាក់ទៅក្នុងរណ្ដៅនោះ។ - សម្រាក
8 ទូលបង្គំទុកចិត្តលើព្រះអង្គ ឱព្រះជាម្ចាស់អើយ
ទូលបង្គំទុកចិត្តលើព្រះអង្គទាំងស្រុង
ទូលបង្គំនឹងច្រៀង
ទូលបង្គំនឹងស្មូត្រទំនុកតម្កើង។
9 ឱព្រលឹងខ្ញុំអើយ ចូរភ្ញាក់ឡើង!
ឱឃឹម និងពិណរបស់ខ្ញុំអើយ
ចូរបន្លឺសំឡេងឡើង
ខ្ញុំនឹងដាស់ព្រះអាទិត្យឲ្យរះ។
10 ព្រះអម្ចាស់អើយ ទូលបង្គំនឹងលើកតម្កើង
ព្រះអង្គក្នុងចំណោមប្រជាជនទាំងឡាយ
ទូលបង្គំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ
ក្នុងចំណោមប្រជាជាតិនានា
11 ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
ខ្ពស់រហូតដល់ផ្ទៃមេឃ
ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
ខ្ពស់ដល់អាកាសវេហាស៍។
12 ឱព្រះជាម្ចាស់អើយ សូមបង្ហាញភាពថ្កុំថ្កើង
ឧត្តុង្គឧត្ដមរបស់ព្រះអង្គនៅលើផ្ទៃមេឃ
ហើយសូមឲ្យសិរីរុងរឿងរបស់ព្រះអង្គ
ភ្លឺចែងចាំងនៅលើផែនដីទាំងមូល។