ជំពូក ៥៦
ខ្ញុំទុកចិត្តលើព្រះជាម្ចាស់ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?
1 ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។
បទ «ព្រាបស្ងៀមស្ងាត់នៅស្រុកឆ្ងាយ»។
បទចម្រៀងរបស់ស្តេចដាវីឌ នៅគ្រាដែលជនជាតិ
ភីលីស្ទីនចាប់ព្រះអង្គនៅក្រុងកាដ។
2 ឱព្រះជាម្ចាស់អើយ
សូមអាណិតមេត្តាទូលបង្គំផង
ដ្បិតមានមនុស្សលើកគ្នាវាយប្រហារទូលបង្គំ
គេលើកគ្នាមកប្រយុទ្ធ
និងបៀតបៀនទូលបង្គំជារៀងរាល់ថ្ងៃ។
3 ជារៀងរាល់ថ្ងៃ បច្ចាមិត្តរបស់ទូលបង្គំ
នាំគ្នាដេញវាយប្រហារទូលបង្គំ
ពួកគេវាយឫកខ្ពស់ ហើយគេមានគ្នាច្រើន
មកប្រយុទ្ធនឹងទូលបង្គំ។
4 ឱព្រះជាម្ចាស់អើយ នៅថ្ងៃទូលបង្គំភ័យខ្លាច
ទូលបង្គំផ្ញើជីវិតលើព្រះអង្គ។
5 ខ្ញុំសរសើរតម្កើងព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់
ខ្ញុំទុកចិត្តលើព្រះជាម្ចាស់
ហើយខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ
តើមនុស្សដែលតែងតែស្លាប់
អាចធ្វើអ្វីខ្ញុំកើត?។
6 ជារៀងរាល់ថ្ងៃ ពួកគេជេរប្រមាថ
ធ្វើឲ្យខ្ញុំឈឺចុកចាប់
គេតែងប៉ុនប៉ងធ្វើបាបខ្ញុំជានិច្ច។
7 គេឃុបឃិតគ្នាចាំឃ្លាំមើល
និងតាមដានខ្ញុំ ដើម្បីរកឱកាសសម្លាប់ខ្ញុំ។
8 ឱព្រះជាម្ចាស់អើយ!
សូមដាក់ទោសពួកគេ តាមអំពើអាក្រក់
ដែលពួកគេប្រព្រឹត្ត
សូមព្រះអង្គសម្ដែងព្រះពិរោធ
បង្ក្រាបប្រជាជនទាំងនោះ។
9 ព្រះអង្គជ្រាបច្បាស់ថា ទូលបង្គំរងទុក្ខយ៉ាងណា
សូមត្រងទឹកភ្នែកទូលបង្គំទុក
ព្រះអង្គបានរាប់តំណក់ទឹកភ្នែកទាំងនោះ
ក្នុងបញ្ជីស្រាប់ហើយ។
10 នៅថ្ងៃដែលខ្ញុំស្រែករកព្រះអង្គ
ខ្មាំងសត្រូវរបស់ខ្ញុំមុខជាដកខ្លួនថយ
ខ្ញុំដឹងច្បាស់ថាព្រះជាម្ចាស់ព្រះអង្គគង់នៅខាងខ្ញុំ។
11 ខ្ញុំសរសើរតម្កើងព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់
ខ្ញុំសរសើរតម្កើងព្រះបន្ទូលរបស់ព្រះអម្ចាស់។
12 ខ្ញុំទុកចិត្តលើព្រះជាម្ចាស់
ហើយខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ
តើមនុស្សដែលតែងតែស្លាប់
អាចធ្វើអ្វីខ្ញុំបាន?។
13 ឱព្រះជាម្ចាស់អើយ! ទូលបង្គំត្រូវតែថ្វាយតង្វាយ
តាមពាក្យដែលទូលបង្គំបានបន់ស្រន់ព្រះអង្គ
ទូលបង្គំនឹងថ្វាយយញ្ញបូជាអរព្រះគុណព្រះអង្គ។
14 ដ្បិតព្រះអង្គបានរំដោះទូលបង្គំឲ្យរួចពីស្លាប់
ជើងទូលបង្គំនឹងមិនត្រូវជំពប់ដួលឡើយ
ហើយខ្ញុំនឹងដើរនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់
ក្រោមពន្លឺដែលបំភ្លឺមនុស្សលោក។