ពាក្យលំនាំ
តាំងពីដើមរៀងមក ប្រជាជនអ៊ីស្រាអែលតែងតែនិពន្ធបទចម្រៀង និងកំណាព្យជាច្រើន ដើម្បីសរសើរតម្កើងព្រះជាម្ចាស់ អរព្រះគុណព្រះអង្គ និងទូលព្រះអង្គនូវអំណរសប្បាយ ឬទុក្ខលំបាករបស់ពួកគេ។ ក្រោយមក គេប្រមូលបទចម្រៀង និងកំណាព្យទាំងនោះមកចងក្រងជាកណ្ឌគម្ពីរមួយ ដែលមានចំណងជើងថា «ទំនុកតម្កើង»។
តាមរយៈទំនុកតម្កើង ប្រជាជនសម្ដែងនូវការទុកចិត្ត និងផ្ញើជីវិតរបស់ខ្លួនលើព្រះជាម្ចាស់ ជាព្រះដែលមានព្រះជន្មគង់នៅ ព្រោះគេជឿថា ព្រះអង្គជ្រាបច្បាស់ពីទុក្ខលំបាក និងការព្រួយបារម្ភរបស់គេ ហើយនៅពេលគេតូចចិត្ត ភ័យខ្លាច ឬមានកំហឹង បះបោរ ក៏ព្រះអង្គជ្រាបដែរ។ ពិសេសទៅទៀត ព្រះជាម្ចាស់តែងតែឆ្លើយតបនៅពេលណាគេស្រែកអង្វររកព្រះអង្គ។
ក្នុងគម្ពីរទំនុកតម្កើងនេះ យើងឃើញថា ជនជាតិអ៊ីស្រាអែលតែងតែបន្លឺសំឡេងទៅកាន់ព្រះជាម្ចាស់ជានិច្ច។ ឧទាហរណ៍ ពេលណាសត្រូវមកយាយី ជនជាតិអ៊ីស្រាអែលភ័យខ្លាច ហើយនាំគ្នាទទូចអង្វរព្រះជាម្ចាស់ ព្រោះគេជឿថា ព្រះជាម្ចាស់តែងតែមានព្រះហឫទ័យស្មោះត្រង់នឹងព្រះបន្ទូលសន្យារបស់ព្រះអង្គជានិច្ច។ ព្រះអង្គតែងតែយកព្រះហឫទ័យទុកដាក់នឹងមនុស្សលោក ជាពិសេស ជួយមនុស្សកំសត់ទុរគត ដោយព្រះហឫទ័យស្រឡាញ់។
នៅពេលមានកិត្តិយស នៅពេលសប្បាយ នៅពេលរងទុក្ខលំបាក ឬនៅពេលមានអាសន្ន ទោះបីកវីទំនុកតម្កើងមានអារម្មណ៍យ៉ាងណាក្តី ក៏ពួកគេនៅតែនាំគ្នាចូលមករកព្រះជាម្ចាស់ជានិច្ច ដើម្បីទូលព្រះអង្គអំពីអ្វីៗដែលមានដក់ជាប់ក្នុងចិត្តរបស់ខ្លួន។
គម្ពីរទំនុកតម្កើងនេះបានតែងឡើងជាច្រើនសតវត្សមកហើយ ប៉ុន្តែ ពាក្យទូលអង្វរ ពាក្យអធិស្ឋាន និងពាក្យសរសើរតម្កើង នៅតែមានខ្លឹមសារ សម្រាប់អ្នកជឿនាបច្ចុប្បន្នកាលនេះជានិច្ច។ អ្នកជឿគ្រប់ៗរូបអាចយកសេចក្ដីដែលមានចែងក្នុងទំនុកតម្កើងមកអនុវត្តក្នុងជីវិតរបស់ខ្លួនផ្ទាល់ ស្របតាមស្ថានភាពដែលខ្លួនកំពុងឆ្លងកាត់ ឬក៏ប្រើទំនុកតម្កើងទាំងនេះជាគំរូក្នុងការអធិស្ឋានក៏បាន។
អ្នកអានប្រហែលជានឹកឆ្ងល់ចំពោះឃ្លាខ្លះ ដែលកវីអធិស្ឋានសូមព្រះជាម្ចាស់ដាក់បណ្ដាសាខ្មាំងសត្រូវរបស់ខ្លួន។ មូលហេតុនាំឲ្យគេធ្វើដូច្នេះ មកពីប្រជាជនអ៊ីស្រាអែលនៅសម័យនោះ ពុំទាន់បានយល់ច្បាស់នូវព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ ចំពោះប្រជាជាតិទាំងអស់ក្នុងសកលលោកនេះ។
ព្រះគ្រីស្ដ ព្រមទាំងសាវ័ករបស់ព្រះអង្គនៅជំនាន់ដើម និងគ្រីស្តបរិស័ទគ្រប់ជំនាន់ទាំងអស់តែងតែប្រើទំនុកតម្កើងជាពាក្យអធិស្ឋាន ជាពាក្យសរសើរតម្កើង ដ្បិតព្រះជាម្ចាស់ផ្ទាល់បានដាក់ពាក្យទាំងនេះក្នុងដួងចិត្តប្រជារាស្ដ្ររបស់ព្រះអង្គ ដើម្បីឲ្យទំនុកតម្កើងមានលក្ខណៈមិនត្រឹមតែជាពាក្យអធិស្ឋានរបស់មនុស្សប៉ុណ្ណោះទេ តែជាព្រះបន្ទូលរបស់ព្រះដ៏មានព្រះជន្មគង់នៅផងដែរ។
យើងអាចបែងចែកគម្ពីរទំនុកតម្កើងទាំងមួយរយហាសិបចំពូកជាប្រាំភាគ:
- ភាគទីមួយ (១‑៤១)
- ភាគទីពីរ (៤២‑៧២)
- ភាគទីបី (៧៣‑៨៩)
- ភាគទីបួន (៩០-១០៦)
- ភាគទីប្រាំ (១០៧‑១៥០)
«ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត
ខ្ញុំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះកិត្តិនាមព្រះរបស់ខ្ញុំ ក្នុងពេលដែលខ្ញុំនៅរស់នៅឡើយ»។ (ទំនុកតម្កើង ១៤៦.២)